នេ​ប៉ាល់​ប្រកាស​កាន់ទុក្ខ ក្រោយ​ហេតុ​ការណ៍​​ធ្លាក់​យន្តហោះ​កាលពី​ម្សិលមិញ

ប្រទេស​នេ​ប៉ាល់​ប្រកាស​កាន់ទុក្ខ​មួយថ្ងៃ​ក្រោយ​ពី​មាន​ហេតុការណ៍​ធ្លាក់​​យន្តហោះ​ដឹក​មនុស្ស 72 នាក់​​ពេល​កំពុង​ត្រៀម​ចុះចត​នៅឯ​ព្រលានយន្តហោះ Pokhara។

ឧបនាយករដ្ឋមន្ត្រី​នេ​ប៉ាល់ Bishnu Poudel បានឱ្យដឹងថា ថ្ងៃនេះ​ប្រទេស​នេប៉ាល់​​កាន់ទុក្ខដើម្បី​​រម្លឹក​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​យ៉ាងតិច 68 នាក់ ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន Yeti Airlines កាលពី​ថ្ងៃទី 15 មករា 2023។

ក្រសួងមហាផ្ទៃ​នេ​ប៉ាល់ ប្រកាសថា នឹង​បង្ហូតទង់ជាតិ​ពាក់កណ្ដាល​ដង​ដើម្បី​រម្លឹក​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ដ៏​សោកសៅ​នេះ។ រដ្ឋាភិបាល​នេ​ប៉ាល់ ក៏បាន​សម្រេច​ផ្អាក​រាល់​សេវាកម្ម​សាធារណៈ លើកលែងតែ​សេវាកម្ម​ចាំបាច់ និង​ពន្យារពេល​រាល់​កម្មវិធី​ដែល​បានគ្រោង​ទុក នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ Phadindra Mani Pokharel។

ចំណែក​ក្រុមហ៊ុន​អាកាសចរណ៍ Yeti Airlines ក៏បាន​ផ្អាក​រាល់​ជើងហោះហើរ​ដែល​ត្រូវបាន​កំណត់​រួចហើយ ក្រោយពី​មាន​ហេតុការណ៍​នៅ Pokhara។

យន្តហោះ ATR-72 របស់ Yeti Airlines បាន​ជួប​គ្រោះថ្នាក់​ពេល​កំពុង​រង​វិធី​ចុះចត​លើ​ព្រលានយន្តហោះ​អន្តរជាតិ Pokhara នៅ​ភាគ​កណ្ដាល​ប្រទេស​នេ​ប៉ាល់។ អាជ្ញាធរ​នេ​ប៉ាល់​បានឱ្យដឹងថា បាន​រកឃើញ​សាកសព​ជនរងគ្រោះ 68 នាក់​នៅ​កន្លែងកើតហេតុ។

វីដេអូ​ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​បង្ហាញថា យន្តហោះ ATR-72 កំពុង​ហោះ​លើ​កម្ពស់​ទាប​ខាងលើ​ផ្ទះ​របស់​ប្រជាជន​ក៏​ស្រាប់តែ​ផ្អៀង 90 អង្សា​ទៅខាង​ឆ្វេង។ ក្រោយមក​យន្តហោះ​នោះ​ក៏​បាត់​ខ្លួន​ពី​អេក្រង់ ប៉ុន្តែ នៅតែ​ឮ​សំឡេង​ម៉ាស៊ីន​ និង​សំឡេង​ប៉ះទង្គិច​ដ៏​ខ្លាំង ដែល​ទំនងជា​សំឡេង​យន្តហោះ​ធ្លាក់​ដល់​ដី។

ATR-72 គឺជា​ប្រភេទ​យន្តហោះ​ដឹក​អ្នកដំណើរ​ខ្នាតតូច ដែល​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​តាំងពី​ឆ្នាំ 1988 និង​អាច​ដឹក​មនុ​ស្សបាន 78 នាក់។ យន្តហោះ ATR-72 ជាង 400 គ្រឿង​ត្រូវបាន​ផលិត និង​លក់​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​នៅលើ​ពិភពលោក។

មុន​នោះ ប្រទេស​នេ​ប៉ាល់​ក៏​ធ្លាប់មាន​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ដ៏​មហា​រន្ធត់​មួយ​កាលពី​ឆ្នាំ 1992 ដែល​បានសម្លាប់​មនុស្ស 167 នាក់។ យន្តហោះ​ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ប៉ា​គី​ស្ថាន​នោះ ជួប​ឧបទ្ទវហេតុ​នៅពេល​ព្យាយាម​ចុះចត​នៅ​​រដ្ឋធានីកដ្ឋមណ្ឌូ (Kathmandu)៕

Advertisement