នាឡិកា​ប្រាប់​ថ្ងៃ​វិនាស​របស់​ផែនដីសម្រាប់​ឆ្នាំ 2023 ជិត​ត្រូវបាន​បង្ហាញស្ថានភាព

នៅ​ថ្ងៃទី 24 មករា 2023 ព័ត៌មាន​របស់​​ក្រុម​អ្នកវិទ្យាសាស្ត្រ​អា​តូ​មិច​ នឹង​បង្ហាញ​ឱ្យដឹង​អំពី​ស្ថានភាព​របស់​ទ្រនិច​​នាឡិកា​ថ្ងៃ​វិនាស​របស់​ផែនដី ជា​និមិត្តរូប​ដែល​បង្ហាញថា មនុស្សលោក​ឈានចូល​ទៅ​ក្បែរ​ហានិភ័យ​បំផ្លាញ​ខ្លួនឯង​ដល់​កម្រិតណា។

ព័ត៌មានរបស់​​​ក្រុម​អ្នកវិទ្យាសាស្ត្រ​អា​តូ​មិច (BAS) នឹង​ត្រូវបាន​ប្រារព្ធ​ឡើង​ក្នុង​កិច្ចប្រជុំ​តាម​អនឡាញ​​នៅ​ម៉ោង 22 ថ្ងៃទី 24 មករា 2023 (ម៉ោង​នៅ​កម្ពុជា) ដើម្បី​ប្រកាស​ឱ្យដឹង​អំពី​ទីតាំង​របស់​ទ្រនិច​នាទី​របស់​នាឡិកា​ថ្ងៃ​វិនាស សម្រាប់​ឆ្នាំ 2023 (2023 Doomsday Clock)។ កិច្ចប្រជុំ​នោះ​នឹងមាន​វត្តមាន​របស់​វា​គ្មិ​ន​ជាច្រើនរូប​មកពី BAS និង​សមាជិក​ទាំងឡាយ​របស់ Elders ដែល​ជា​អង្គការ​ឯករាជ្យ​របស់​ក្រុម​មេដឹកនាំ​ទូទាំង​សកលលោក ដែល​បង្កើតឡើង​ដោយ​អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង Nelson Mandela ក្នុង​គោលដៅ​សន្តិភាព យុត្តិធម៌ និង​សិទ្ធិមនុស្ស។

បច្ចុប្បន្ន នាឡិកា​ថ្ងៃ​វិនាស​កំពុងស្ថិត​នៅត្រង់ចំណុច 100 វិនាទី​មុន​ពាក់​កណ្ដាលយប់។ នាឡិកា​ថ្ងៃ​វិនាស​ត្រូវបាន​បង្ហាញ​ជា​លើកដំបូង​នៅពេល​សង្គ្រាមត្រជាក់​បាន​ចាប់ផ្ដើម​នៅ​ឆ្នាំ 1947 និង​ស្ថិតនៅ​ត្រង់ចំណុច 7 នាទី​មុន​ពាក់​កណ្ដាលយប់។

ជា​រៀងរាល់ឆ្នាំ សមាជិក​ទាំងឡាយ​រប​ស់​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ និង​សន្តិសុខ​របស់ BAS នឹង​កែប្រែ​ទ្រនិចនាឡិកា​ដើម្បី​បង្ហាញ​អំពី​ស្ថានភាព​ដែល​បង្កើត​ឡើង​ដោយ​ព្រឹត្តិការណ៍នានា​ក្នុង​​ឆ្នាំ​ចាស់ ដែល​បាន​រុញច្រាន​មនុស្សជាតិ​ទៅ​ជិត ឬ​ឆ្ងាយ​ពី​ហានិភ័យ​នៃ​ការបំផ្លាញ​ខ្លួនឯង។ បច្ចុប្បន្ន នាឡិកា​ថ្ងៃ​វិនាស​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ព្រមាន​អំពី​ការគំរាមកំហែង​ដែល​មាន​ប្រភពពី​គ្រប់​អាវុធ​ប្រល័យ​លោក ការបំផ្លិចបំផ្លាញ​បរិស្ថាន បម្រែបម្រួល​អាកាសធាតុជា​ដើម ចំពោះ​ពិភពលោក​។

នាឡិកាថ្ងៃវិនាស សម្រាប់ឆ្នាំ 2023 (2023 Doomsday Clock)

លើកដំបូង​ដែល​ទ្រនិចនាឡិកា​ថ្ងៃ​វិនាស​ដើរ​ដល់​ចំណុច​ឆ្ងាយ​បំផុត​ពី​ចំណុច​ពាក់​កណ្ដាលយប់ (ម៉ោង 12 យប់) គឺ​នៅ​ឆ្នាំ 1991 បន្ទាប់ពី សហរដ្ឋ​អាម៉េរិក និង​សូ​វៀត ចុះ​កិច្ចព្រមព្រៀង​បន្ថយ​អាវុធ​យុទ្ធសាស្ត្រ ដើម្បី​កាត់បន្ថយ​ចំនួន​ក្បាល​គ្រាប់​នុយ​ក្លេ​អែរ។ ពេលនោះ ទ្រនិចនាឡិកា​ត្រូវបាន​ដាក់​ឆ្ងាយ​ពីចំណុច​មុន​​ពាក់​កណ្ដាល​យប់​ដល់​ទៅ 17 នាទី។ ចាប់ពីពេលនោះ​មក ទ្រនិច​នាទី​របស់​នាឡិកា​នេះ​ក៏​ផ្លាស់​ទី​ទៅ​មុខជា​បន្តបន្ទាប់។ ការគំរាមកំហែង​ពី​បម្រែបម្រួល​អាកាសធាតុ ត្រូវបាន BAS កំណត់​ជា​លើកដំបូង​ថា​ជា​កត្តា​កំណត់​​​ទីតាំង​របស់​ទ្រនិចនាឡិកានៅ​ឆ្នាំ 2007 ពេលដែល​ទ្រនិចនាឡិកា​មាន​ចម្ងាយ​ពី​ចំណុច​ពាក់​កណ្ដាលយប់ 5 នាទី មិនមែន 7 នាទី​ដូច​មុនៗ​នោះ។

ឆ្នាំ 2020 ទ្រនិចនាឡិកា​ថ្ងៃ​វិនាស​ស្ថិតនៅ​ត្រង់ចំណុច 100 វិនាទី​មុន​ពាក់​កណ្ដាលយប់ ជា​ចំណុច​ជិត​បំផុត​មិន​ធ្លាប់មាន​ពី​មុន​មក។ «សង្គ្រាម​នុយ​ក្លេ​អែរដែល​​អាច​បញ្ចប់​អរិយធម៌​របស់​មនុស្ស​ជាតិ​ គឺជា​រឿង​ដែល​អាច​កើតឡើង។ យើង​ក៏​មិនអាច​បដិសេធ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ដែល​កំពុង​កើតឡើង និង​អាច​បំផ្លាញ​ពិភព​ផែនដីបាន​ឡើយ» John Mecklin ដែលជា​មន្ត្រី​មួយរូប​របស់ BAS បានឱ្យដឹង​ដូច្នេះ។

ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង ទ្រនិចនាឡិកា​ថ្ងៃ​វិនាស​នៅតែ​ស្ថិតនៅ​ត្រង់ចំណុច 100 វិនាទី​មុន​ពាក់​កណ្ដាលយប់។ ក្រុម​អ្នកជំនាញ​កំពុងតែ​រង់ចាំ​មើលថា​តើ​បណ្ដា​ព្រឹត្តិការណ៍​ក្នុង​ឆ្នាំ​កន្លង រួមមាន​​ជា​អាទិ៍ ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទូទាំង​ពិភពលោក និង​សង្គ្រាម​រវាងរ​ស្ស៊ី – អ៊ុយ​ក្រែ​ន អាច​ប៉ះពាល់​ដល់​ទ្រនិច​នាទី​របស់​នាឡិកា​ថ្ងៃ​វិនាស​នេះដែរ ឬទេ៕

Advertisement