លោត​ម៉ុង​សាយ​ក្រោម​ទឹក​ដើម្បី​ទទួល​អំណរ​បុណ្យចូលឆ្នាំថ្មីប្រពៃណី​ចិន

(ម៉ាឡេស៊ី) – អ្នក​មុជទឹក​មួយក្រុម​នៅឯ​អាង​ពិព័រណ៍​ត្រី​មួយកន្លែង​ក្នុង​រដ្ឋធានី​កូ​ឡា​ឡាំ​ពួ ស្លៀកពាក់​ឈុត​ម៉ុង​សាយ និង​បំពាក់​ដោយ​បំពង់​អុកស៊ីសែន នាំគ្នា​លោត​សម្ដែង​ក្នុង​ទឹក​អាង​ពិព័រណ៍​ត្រី Aquaria KLCC។

«ការសម្ដែង​ម៉ុង​សាយ​នៅលើ​គោក​ស្ទើរតែ​ទាំងអស់ ទាមទារ​ឱ្យមាន​ភាពទន់ភ្លន់​កម្រិត​ខ្ពស់។ យើង​បង្កើត​ព្រឹត្តិការណ៍​លោត​ម៉ុង​សាយ​ក្រោម​ទឹក ហើយ​នេះ​ក៏​ទាមទារ​ឱ្យមាន​បច្ចេកទេស​ប្រហាក់ប្រហែល គ្រាន់តែ​ខុស​ត្រង់ថា នៅពេល​អ្នក​សម្ដែង​លោត​ឡើង ពួកគេ​នឹងត្រូវ​អណ្ដែត​ដោយសារ​ស្ថិតនៅ​ក្នុង​ទឹក» Daryl Foong ប្រធាន​អាង​ពិព័រណ៍​ត្រី Aquaria KLCC កាលពី​ថ្ងៃទី 18 បានឱ្យដឹង​ដូច្នេះ។

អាង​ពិព័រណ៍​ត្រី Aquaria KLCC ជួល​ក្រុម​អ្នក​មុជទឹក​មក​ធ្វើជា​អ្នក​លោត​ម៉ុង​សាយ​នៅឯ​បឹង​ចិញ្ចឹម​ត្រី និង​អណ្ដើក​សមុទ្រ។ ពួកគេ​មាន​ក្រុម​តន្ត្រី​ប្រគំ​ភ្លេង​កំដរ​នៅ​ខាងក្រៅ​ដើម្បី​បង្កើត​បរិយាកាស​អ៊ឹកធឹក​សម្រាប់​ការសម្ដែង​របស់​ក្រុម​លោត​ម៉ុង​សាយ​ក្នុង​ទឹក

ក្រុម​អ្នក​លោត​ម៉ុង​សាយ​នេះ ប្រដាប់​ដោយ​បំពង់​អុកស៊ីសែន និង​ឈុត​ម៉ុង​សាយ​ប្រភេទ​ស្រាល​ជាង​ធម្មតា ដើម្បី​ធ្វើ​ចលនា​ក្នុង​ទឹកបាន​រហ័ស។ អាង​ពិព័រណ៍​ត្រី Aquaria KLCC បាន​បង្កើតឱ្យមាន​ព្រឹត្តិការណ៍​អបអរ​ចូលឆ្នាំ​ប្រពៃណី​ចិន​បែបនេះ​ជាច្រើន​ឆ្នាំ​មកហើយ។

Daryl Foong ឱ្យដឹងថា ក្រុម​អ្នក​មុជទឹក​ត្រូវ​ឆ្លងកាត់​ការហ្វឹកហាត់​ដើម្បី​អាច​សម្ដែង​ក្បាច់​រាំ​ទៅតាម​ក្បួន​នៃ​ការ​លោត​ម៉ុង​សាយ។

ការ​លោត​ម៉ុង​សាយ​គឺជា​​ទំនៀមទម្លាប់​បុរាណ​ដើម្បី​ទទួល​អំណរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​របស់​ពលរដ្ឋ​ដើមកំណើត​ចិន​នៅ​ម៉ាឡេស៊ី។ គិត​ត្រឹម​ឆ្នាំ 2019 ប្រទេស​នេះ​មាន​ប្រជាជន​សរុប 32 លាន​នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​មូស្លីម និង ¼ គឺជា​ពលរដ្ឋ​ដើមកំណើត​ចិន៕

*វីដេអូ «លោត​ម៉ុង​សាយ​ក្រោម​ទឹក​ដើម្បី​ទទួល​អំណរ​បុណ្យចូលឆ្នាំថ្មីប្រពៃណី​ចិន»

Advertisement