នាយករដ្ឋមន្ត្រី​អង់គ្លេស​ត្រូវ​ប៉ូលិស​ចរាចរណ៍ផាក​ពិន័យ​ព្រោះ​មិន​ដាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព

នាយករដ្ឋមន្ត្រី​ Rishi Sunak អាច​ត្រូវ​បាន​ផាក​ពិន័យ​ឡើង​ដល់ 620 ដុល្លារ​អាម៉េរិក ដោយ​សារ​មិន​បាន​ដាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព​នៅ​ពេល​អង្គុយ​ក្នុង​រថយន្ត​កំពុង​ផ្លាស់​ទី​។

«ថ្ងៃ​នេះ​ យើង​បាន​ប្រកាស​ពី​ការ​ផាក​ពិន័យថេរ​​ចំពោះ​បុរស​ម្នាក់​អាយុ 42 ឆ្នាំ​ មក​ពី​ទីក្រុង​ឡុងដ៍» ប៉ូលិស​ស្រុក Lancashire នៅ​ភាគ​ពាយព្យ​ប្រទេស​អង់គ្លេស​បាន​ឱ្យ​ដឹង​ដូច្នេះ​នៅលើ Twitter កាល​ពី​ថ្ងៃទី 20 មករា 2023​ ដែល​ចង់​​រម្លឹក​ដល់ករណី​​នាយក​រដ្ឋមន្ត្រី Rishi Sunak។

ប្រកាស​ស្ដីពី​ការ​ផាក​ពិន័យថេរ​គឺ​មាន​ន័យ​ថា លោក Sunak អាច​បង់​ប្រាក់​ពិន័យ​ដើម្បី​បញ្ចៀស​ការ​ឡើង​តុលាការ​។ ចំណែក​អ្នក​នាំពាក្យ​របស់​​ការិយាល័យ​នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​ប្រាប់​ថា មេដឹក​នាំ​អង់គ្លេស​ «សារភាព​ថា បាន​បង្ក​ឱ្យ​មាន​កំហុស​»។

កម្រិត​នៃ​ការ​ផាក​ពិន័យចំពោះ​អ្នក​មិន​ដាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព​នៅ​លើ​កៅអី​រថយន្ត​ដែល​កំពុង​ផ្លាស់​ទី​នៅ​អង់គ្លេស​គឺ 100 ផោន (124 ដុល្លារ​អាម៉េរិក)។ បើ​សិន​ករណី​នេះ​ត្រូវ​បាន​ឡើង​ដល់​តុលាការ លោក Sunak អាច​នឹង​ត្រូវ​បង់​ប្រាក់​ឡើង​ដល់ 500 ផោន (620 ដុល្លារ​អាម៉េរិក)។

នាយករដ្ឋមន្ត្រីអង់គ្លេសដើមកំណើតឥណ្ឌា លោក Rishi Sunak

មុននោះ កាល​ពី​ថ្ងៃទី 19 មករា នាយករដ្ឋមន្ត្រីអង់គ្លេស​ដើម​កំណើត​ឥណ្ឌា លោក Rishi Sunak បាន​បង្ហោះ​វីដេអូ​លើ​បណ្ដាញ​សង្គម។ ក្នុង​វីដេអូ​នេះបង្ហាញ​ថា លោក​ Sunak មិន​បាន​ដាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព​នៅ​ពេល​រថយន្ត​កំពុង​ផ្លាស់​ទី​។ ក្រោយ​មក លោក​ក៏​បាន​សូម​អភ័យ​ទោស​ និង​បាន​លុប​វីដេអូ​នេះ​ចេញ​ពី​ Instagram។

សមត្ថកិច្ច​ក្នុង​តំបន់ បន្ទាប់​មក​ក៏​បាន​ប្រកាស​ធ្វើ​ការ​ស៊ើប​អង្កេត និង​បាន​បញ្ជាក់​ថា នាយករដ្ឋមន្ត្រី​អង់គ្លេស ​បាន​រំលោភ​ច្បាប់​ចរាចរណ៍​ពិត​មែន៕

Advertisement