មនុស្ស​ទី​ពីរ​ដែល​បាន​ដើរ​លើ​ដី​ឋាន​ព្រះ​ចន្ទ រៀបការ​ក្នុង​វ័យ​ជាង 90 ឆ្នាំ

អតីតអវកាសចរ Edwin Aldrin និងគូស្នេហ៍យូរឆ្នាំ Anca Faur

អវកាស​ចរ Edwin Aldrin ដែលជា​មនុស្ស​ទី​ពីរបាន​ដើរ​លើដី​ឋាន​ព្រះ​ចន្ទ​កាលពី​ឆ្នាំ 1969 បាន​រៀបការ​ក្នុង​ថ្ងៃ​ខួបកំណើត​លើក​ទី 93 ជាមួយនឹង​កូនក្រមុំ​វ័យ 64 ឆ្នាំ។

«នៅក្នុង​ថ្ងៃ​ខួបកំណើត​លើក​ទី 93 របស់ខ្ញុំ និង​ជា​ថ្ងៃ​ដែល​ខ្ញុំ​បានទទួល​ពានរង្វាន់ Living Legends of Aviation ខ្ញុំ​រីករាយ និង​សូម​ប្រកាសថា ខ្ញុំ និង​គូស្នេហ៍​យូរ​ឆ្នាំ Anca Faur បាន​រៀង​ការ» អតីត​អ្នក​អវកាស Edwin “Buzz” Aldrin ប្រកាស​លើ Twitter ស្ដីពី​អាពាហ៍ពិពាហ៍​កាលពី​ថ្ងៃទី 20 មករា 2023។

«យើ​ង​បានធ្វើ​ពិធី​រៀប​មង្គលការ​ដ៏​ឧត្ដុង្គ​ឧត្ដម ប៉ុន្តែ​មាន​លក្ខណៈ​ជា​ឯកជន​នៅ Los Angeles និង​មានការ​រំភើប​ដូច​យុវវ័យ​ដទៃ» លោក Edwin Aldrin បន្ថែម​ដូច្នេះ។

ក្នុង​សំណេរ លោក Edwin Aldrin ក៏​បង្ហោះ​អម​ជាមួយនឹង​រូបថត​ដែល​គាត់​ស្លៀកពាក់​ឈុត tuxedo ហើយ​កូនក្រមុំ Faur ក្នុង​ឈុត​រ៉ូ​ប​ដៃ​វែង​ផងដែរ។

អតីតអវកាសចរ Edwin Aldrin និងគូស្នេហ៍យូរឆ្នាំ Anca Faur

កើត​ឆ្នាំ 1959 អ្នកស្រី Anca Faur គឺជា​ប្រធាន​គម្រោង​របស់​ក្រុមហ៊ុន​វិទ្យាសាស្ត្រ និង​គីមី Johnson Matthey។ អ្នកស្រី ក៏​ជា​អនុប្រធាន​របស់​ក្រុមហ៊ុន Buzz Aldrin Venture ចាប់ពី​ឆ្នាំ 2019។

លោក Edwin Aldrin បាន​រៀបការ​ជា​លើកដំបូង​កាលពី​ឆ្នាំ 1954 ជាមួយនឹង Joan Archer។ អ្នក​ទាំងពីរ​មានកូន​ជាមួយគ្នា 3 នាក់ មុនពេល​លែងលះ​កាលពី​ឆ្នាំ 1974។ ក្រោយមក Edwin Aldrin ក៏បាន​រៀបការ​ជាមួយ Beverly Van Zile កាលពី​ឆ្នាំ 1975 និង​រស់នៅ​ជាមួយគ្នា​បាន 3 ឆ្នាំ។ បន្ទាប់មកទៀត លោក Edwin Aldrin

ក៏បាន​រៀបការ​ជាមួយនឹង Lois Driggs Cannon ក្នុង​ឆ្នាំ 1988 និង​រស់នៅ​ជាមួយគ្នា​បាន 24 ឆ្នាំ មុនពេល​លែងលះ។

(ពី​ឆ្វេង​ទៅ​ស្ដាំ) លោក Neil Armstrong, Michael Collins និង Buzz Aldrin

កាលពី​ខែកក្កដា 1969 យានអវកាស Apollo 11 រួម​នឹង​អវកាស​ចរ 3 រូប ដែល​រួមមាន​លោក Neil Armstrong, Buzz Aldrin និង​ពី​ឡុ​ត Michael Collins បានធ្វើ​ដំណើរ​ទៅកាន់​ឋាន​ព្រះ​ចន្ទ។ ពួកគេ​ចំណាយពេល 4 ថ្ងៃ​ដើម្បី​បញ្ចប់​ដំណើរ​ហោះហើរ​ក្នុង​រយៈ​ចម្ងាយ​ជាង 400,000 គីឡូម៉ែត្រ។

លោក Armstrong បាន​ស្ថិតនៅ​លើដី​របស់​ព្រះ​ចន្ទ​ក្នុង​រយៈពេល 2 ម៉ោង និង 32 នាទី ខណៈ​លោក Aldrin តិចជាង​នេះ​ប្រហែល 15 នាទី។ អវកាស​ចរ​ទាំងពីរ​បាន​ដោត​ទង់ជាតិ​អាម៉េរិក រើសយក​សំណាក​ដុំថ្ម និង​ធ្វើ​ការពិសោធ​មុនពេល​ត្រលប់​មកកាន់​យានអវកាស។ អវកាស​ចរ​ទាំង 3 រូប​ខាងលើ​របស់​ក្រុម Apollo 11 បាន​ត្រ​លប់​មកកាន់​ផែនដី​វិញ​ដោយ​សុវត្ថិភាព និង​ត្រូវបាន​​ទទួលយ៉ាង​គគ្រឹក​គគ្រេង​​ដូច​ទៅនឹង​វី​រ​បុរស៕

Advertisement