«ចំណត​កង់​ក្រោម​ទឹក» ​ជួយ​ដោះស្រាយ​បញ្ហា​ធំ​សម្រាប់​រាជធានី​អាំ​ស្ទែ​ដាំ

(ហូ​ឡង់) – អាជ្ញាធរ​រាជធានី​អាំ​ស្ទែ​ដាំ កំពុង​ព្យាយាម​រំដោះ​​កន្លែង​ចត​កង់សាធារណៈ​​ដ៏​ស្អេកស្កះ​​ដោយ​ចំណត​ក្រោម​ទឹកទន្លេ​ដែលមាន​តម្លៃ​ទាប។

ក្រោម​ទឹកថ្លា​ឆ្វង់​ក្បែរ​ស្ថានីយ​រថភ្លើង​នៅ​កណ្ដាល​រាជធានី​អាំ​ស្ទែ​ដាំ គឺជា​ចំណត​កង់​ដែល​អាចដាក់​បាន 7,000 គ្រឿង។ តាម​គម្រោង ចំណត់​កង់​ដែល​នឹងត្រូវ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី 26 មករា 2023 នេះ គឺជា​សមិទ្ធផល​ដែលមាន​តម្លៃ 60 លាន​អឺរ៉ូ (ជិត 65 លាន​ដុល្លារ​អាម៉េរិក) ដែល​ចាប់ផ្ដើម​ស្ថាបនា​តាំងពី 4 ឆ្នាំមុន។

គោលដៅ​របស់​គម្រោង​នេះ​គឺ​ការរៀបចំ​សម្អាត​កន្លែង​ចត​កង់​ខូច​ដែល​អ្នកធ្វើដំណើរ​ទុកចោល ដើម្បី​សាងសង់​ចំណត​ថ្មី​ដែលមាន​របៀបរៀបរយ ស្អាត សុវត្ថិភាព និង​ស្ថិតនៅក្រោម​ទឹក។ អ្នកជិះ​កង់​អាច​ចត​ដោយ​មិន​គិតថ្លៃ​ក្នុង​រយៈពេល 24 ម៉ោង និង​បង់ 1.46 ដុល្លារ​អាម៉េរិកសម្រាប់ 24 បន្ទាប់។

ជណ្ដើរយន្ត​មួយ​នឹង​នាំ​ភ្ញៀវ​ឡើងទៅ​កាន់​ចំណត​រថភ្លើង​នៅក្បែរនោះ ជាទី​ដែលមាន​រថភ្លើង​ទៅមក​ជាង 200,000 ជើង​ជា​រៀងរាល់ថ្ងៃ។ ចំណត់​កង់​មួយកន្លែងផ្សេង​ទៀត​​ក៏​ទើប​ត្រូវបាន​សាងសង់​រួចរាល់​នៅក្បែរ​កំពង់ផែ IJ ដោយ​ខ្ទង់​ប្រាក់​វិនិយោគ 27 លាន​ដុល្លារ​អាម៉េរិក និង​អាចដាក់​កង់​បាន​ជាង 4,000 គ្រឿង។

ចំណត់​កង់​ខាងលើ​ត្រូវបាន​គ្រប់គ្រង​ដោយ​ប្រព័ន្ធ​ឆ្លាត​វៃ អាចឱ្យ​ម្ចាស់​កង់​ដឹងថា ទីតាំង​ណា​នៅសល់​កន្លែង​ចត​ចំនួន​ប៉ុន្មាន។

«ស្ថានីយ​រថភ្លើង​កណ្ដាល​ក្រុង​គឺជា​ទីតាំង​មមាញឹក​បំផុត​នៅ​អាំ​ស្ទែ​ដាំ» Pieter Visser ប្រធាន​គម្រោង​ចំណត​កង់​របស់​រាជធានី​និយាយ​ដូច្នេះ។ «មនុស្ស​ជាច្រើន​យក​ទីសាធារណៈ​ធ្វើជា​កន្លែង​ចត​កង់។ រាជធានី​ចង់​ធ្វើ​ចំណត​កង់​ក្រោម​ដី​ដើម្បី​ទុក​ផ្លូវ​សាធារណៈ​សម្រាប់​អ្នក​ថ្មើរជើង ទេសចរ និង​ជនពិការ»។

យោងតាម BOVAG និង RAI ដែលជា​អង្គការ​ស្រាវជ្រាវ​លើ​យានយន្ត បច្ចុប្បន្ន​ហូ​ឡង់​មាន​កង់​ជាង 23.4 លាន​គ្រឿង បើ​ទោះ​មាន​ប្រជាជន​តែ 17.8 លាន​នាក់។ កង់​គឺជា​មធ្យោបាយ​ធ្វើដំណើរ​ពេញនិយម​បំផុត​នៅ​ហូ​ឡង់ ពិសេស​គឺ​រាជធានី​អាំ​ស្ទែ​ដាំ។

នៅហូឡង់ សូម្បី​តែ​ស្ត្រីមាន​ផ្ទៃពោះ​ក៏​ចូល​ចិត្ត​ជិះកង់ដែរ

ចំពោះ​វិស័យ​ផ្លូវដែក គម្រោង​ស្ថានីយ​កង់​ក្រោម​ទឹក​បឹង ក៏​ជួយ​ឱ្យ​ការធ្វើដំណើរ​ដោយ​រថភ្លើង​អគ្គិសនីរ​បស់​ប្រជាជន មាន​ភាពងាយស្រួល និង​ទាក់ទាញ​ជាង​មុន។

ចំណតកង់ក្រោមដី

ប្រជាជន​នៅ​អាំ​ស្ទែ​ដាំ​បាន​សម្ដែង​ការសប្បាយរីករាយ​នៅពេល​គម្រោង​ចំណត​កង់​ជិត​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់។ Marco te Brommelstroet ប្រធាន​វិទ្យាស្ថាន​កង់​ទីក្រុង​នៅ​សាកលវិទ្យាល័យ​អាំ​ស្ទែ​ដាំ បានឱ្យដឹងថា គន្លឹះ​ជោគជ័យ​របស់​គមនាគមន៍​សាធារណៈ​គឺ​ការតភ្ជាប់បណ្ដា​​ប្រភេទ​មធ្យោបាយ​ធ្វើដំណើរ​ជាមួយគ្នា។

សកម្មភាព​សាងសង់​ចំណត​កង់​ក្រោម​ទឹក​នៅអាំស្ទែដាំ ប្រទេស​ហូឡង់

ចំណែក Lucas Snaije ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​របស់​អង្គការ​គាំទ្រ​ការ​ជិះ​កង់ BYCS ឱ្យដឹងថា គម្រោង​​ខាងលើ​អាចជា​គំរូ​សម្រាប់​បណ្ដា​ប្រទេស​យកទៅ​អនុវត្តតាម​ដើម្បី​លើកទឹកចិត្ត​ប្រជាជន​ឱ្យ​នាំ​គ្នា​ងាក​មក​ជិះ​កង់៕

Advertisement