ករណី​បាញ់​សម្លាប់​មនុស្ស​ជាង​ 10 នាក់​នៅ California៖ ​ចៅ​​ម្ចាស់​ក្លឹប​​ដណ្ដើម​កាំភ្លើង​ពី​ជនសង្ស័យ​ ទប់​ស្កាត់​អំពើ​បាញ់​ប្រហារ​ទីពីរ​

វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​បង្ហាញថា អ្នកសរសេរ​កម្មវិធី​កុំព្យូទ័រ Brandon Tsay បាន​ប្រទាញប្រទង់ និង​ដណ្ដើមបាន​អាវុធ​ពី​ជនសង្ស័យ​ក្នុងករណី​បាញ់សម្លាប់​មនុស្ស​នៅ California សហរដ្ឋ​អាម៉េរិក។

Brandon Tsay អាយុ 26 ឆ្នាំ ទទួលបាន​ការសរសើ​រថា​ជា​វីរបុរស បន្ទាប់ពី​ដណ្ដើមបាន​កាំភ្លើង​របស់​ជនសង្ស័យ Huu Can Tran ដែល​មុន​នោះបាន​បាញ់សម្លាប់​មនុស្ស​យ៉ាងតិច 11 នាក់ និង​បង្ក​របួស​ដល់​មនុស្ស 9 នាក់​នៅក្នុង​ក្លឹប​កំសាន្ត​មួយ​នៅ Monterey Park រដ្ឋ California។ សកម្មភាព​របស់ Tsay ត្រូវបាន​វាយតម្លៃថា បាន​ទប់ស្កាត់​ករណី​បាញ់ប្រហារ​លើក​ទី​ពីរ​នៅក្នុង​ក្លឹប​រាត្រី Lai Lai ក្នុង​តំបន់ Alhambra ជាទី​ដែល Tsay ប្រឈមមុខ​នឹង​ជនសង្ស័យ។

វីដេអូ​ដកស្រង់​ពី​កាមេរ៉ា​សុវត្ថិភាព​នៅក្នុង​ក្លឹប​រាត្រី Lai Lai ដែល​ត្រូវបាន NBC News ចុះផ្សាយ​ក្នុង​ថ្ងៃទី 24 មករា បង្ហាញ​អំពី​សកម្មភាព​របស់ Tsay និង​ជនសង្ស័យ Huu Can Tran ប្រទាញប្រទង់​គ្នា​នៅក្នុង​កន្លែង​មិនមាន​មនុស្ស​របស់​ក្លឹប Lai Lai។

ជនសង្ស័យ​ឈ្មោះ Huu Can Tran

Tsay ដែលមាន​ជីតា​ជា​ម្ចាស់​ក្លឹប Lai Lai មិនបាន​ដឹងថា ជនសង្ស័យ​ដែល​ខ្លួន​កំពុង​ប្រឈមមុខ មុន​នោះ​ប្រហែល 20 នាទី បានសម្លាប់​មនុស្ស​យ៉ាងតិច 11 នាក់ និង​បង្ក​របួស​ដល់​មនុស្ស 9 នាក់​នៅក្នុង​ក្លឹប​នៅឯ Monterey Park នោះឡើយ។

Tsay ត្រូវបាន​មនុស្សម្នា​កោតសរសើរ​ថា​ជា​វីរបុរស​ដែល​បញ្ចេញ​សកម្មភាព​ដ៏​ក្លាហាន នៅពេល​ប្រឈមមុខ​ជា​មួយនឹង​​ជនសង្ស័យ​ក្នុងករណី​បាញ់រះ។ សមត្ថកិច្ច​ជឿថា ជនសង្ស័យ​មានបំណង​ធ្វើការ​បាញ់ប្រហារ​ជា​លើក​ទីពីរ​ ប៉ុន្តែ Tsay បាន​ទប់ស្កាត់​ទាន់ពេល៕

Advertisement