រដ្ឋ California មាន​ហេតុការណ៍​បាញ់សម្លាប់​មនុស្ស 7 នាក់

ប៉ូលិសថាចាប់បានជនសង្ស័យរួចហើយ

(សហរដ្ឋ​អាម៉េរិក) – California បន្ត​កើតមាន​ហេតុការណ៍​បាញ់ប្រហារ​នៅ Half Moon Bay បណ្ដាលឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច 7 នាក់ និង​ម្នាក់​រងរបួស។

សារព័ត៌មាន​អាម៉េរិក​កាលពី​ថ្ងៃទី 23 មករា (24 នៅ​កម្ពុជា) បាន​ផ្សាយ​ថា ទីក្រុង Half Moon Bay ក្នុងស្រុក San Mateo របស់​រដ្ឋ California បានកើត​មាន​ហេតុការណ៍​បាញ់ប្រហារ​នៅក្នុង​កសិដ្ឋាន​ពីរ​ដែល​នៅក្បែរ​គ្នា បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងតិច 7 នាក់ និង​ម្នាក់​របួស​ធ្ងន់ធ្ងរ។

សមត្ថកិច្ច​មិនទាន់​ប្រកាស​ព័ត៌មាន​លំអិត ប៉ុន្តែ​បាន​បញ្ជាក់ថា កំពុង​ដោះស្រាយ​ករណី​បាញ់ប្រហារសម្លាប់​​មនុស្ស​ច្រើន​នាក់ និង​បាន​ចាប់ខ្លួន​ជនសង្ស័យ​រួចហើយ។ LA Times បាន​ផ្សាយ​ថា ជនសង្ស័យ​គឺជា​ពលរដ្ឋ​រស់នៅក្នុង​តំបន់​កើតហេតុ និង​មាន​អាយុ 67 ឆ្នាំ។

NBC Bay Area ដកស្រង់​សម្ដី​មន្ត្រី​របស់​ទីក្រុង Half Moon Bay បានឱ្យដឹងថា ជនរងគ្រោះ​នានា​នៅ​ក្នុងករណី​បាញ់ប្រហារ​នេះ​គឺជា​កសិករ​ដើមកំណើត​ចិន ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​មូលហេតុ​នៅ​ពីក្រោយ​ហេតុការណ៍​នេះ​នៅឡើយ។

អភិបាលរដ្ឋ California លោក Gavin Newsom ដែល​កំពុងស្ថិត​នៅឯ Monterey Park ដើម្បី​ចូលរួម​ដោះស្រាយ​ករណី​បាញ់ប្រហារ​សម្លាប់​មនុស្ស​យ៉ាងតិច 11 នាក់​មុន​នោះ បាន​សម្ដែង​ការបារម្ភ​ចំពោះ​ហេតុការណ៍​នេះ។

ករណី​បាញ់ប្រហារ​នៅ​ទីក្រុង Half Moon Bay បាន​កើតឡើង​ក្រោយពី​មាន​ករណី​បាញ់រះ​នៅ Monterey Park រដ្ឋ California ដូចគ្នា ដែល​បាន​បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 11 នាក់​បាន​បាត់​បង់ជីវិត និង 9 នាក់​រងរបួស។ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​រកឃើញ​ថា មានឈ្មោះ Huu Can Tran អាយុ 72 ឆ្នាំ ប៉ុន្តែ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​អំពើ​នេះ​នៅឡើយ៕

Advertisement