ករណី​បាញ់ប្រហារ​ទី​បី​​​នៅ California បណ្ដាល​ឱ្យ​មនុស្ស​ច្រើន​នាក់​ស្លាប់​ និង​រង​របួស​

(សហរដ្ឋ​អាម៉េរិក) – ប៉ូលិស​នៅ Oakland ឱ្យដឹងថា មាន​ហេតុការណ៍​បាញ់ប្រហារ​មួយ​ផ្សេងទៀត​បាន​បណ្ដាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង 7 នាក់​របួស ដែល​នេះ​គឺជា​ករណី​បាញ់ប្រហារ​ទី​បី​ក្នុង​រង្វង់ 3 ថ្ងៃ នៅ​រដ្ឋ California។

យោង​តាម​ក្រុមមន្ត្រី​នៅ Oakland កម្លាំង​ប៉ូលិស​ត្រូវបាន​បញ្ជូន​ទៅកាន់​ផ្ទះមួយ​ចំនួន​នៅក្បែរ​មហាវិថី Macarthur នៅវេលា​ម៉ោង 18 ថ្ងៃទី 23 មករា (ម៉ោង 6 ថ្ងៃទី 24 មករា​នៅ​កម្ពុជា) បន្ទាប់ពី​ទទួល​បានសញ្ញា​ជូនដំណឹង​ពី​ប្រព័ន្ធ​ចាប់​សំឡេង​កាំភ្លើង​​ស្វ័យប្រវត្ត។ សមត្ថកិច្ច​បាន​រកឃើញ​សម្បក​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់​នៅ​ឯស្ថានីយប្រេងឥន្ធនៈ​មួយ​ក្បែរ​ទីលាន​សាលា​រៀន Mills College ប៉ុន្តែ​មិនឃើញ​ជនរងគ្រោះ។

សមត្ថកិច្ច​នៅ Oakland ប្រកាសថា ករណី​ផ្ទុះអាវុធ​កើតឡើង «រវាង​មនុស្ស​មួយចំនួន»។ បន្ទាប់មក មន្ទីរពេទ្យ​មួយចំនួន​ក៏បាន​ទាក់ទង​ទៅកាន់​ប៉ូលិស និង​រាយការណ៍​អំពី​ការទទួល​ជនរងគ្រោះ​ដែល​រងរបួស​ដោយសារ​គ្រាប់កាំភ្លើង។

សាក្សី​​​និយាយថា ស្នូរ​គ្រាប់កាំភ្លើង​ផ្ទុះឡើង​ក្នុងពេល​កំពុង​ថត​វីដេអូ​ចម្រៀង។ មនុស្ស 7 នាក់​​រងរបួស​ស្រាល ខណៈ​​ដែល​អត្តសញ្ញាណ​របស់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅឡើយ ប៉ុន្តែ សមាជិកគ្រួសារ​ជនរងគ្រោះ​បាន​ប្រាប់ថា មានឈ្មោះ Mario Navarro អាយុ 18 ឆ្នាំ។

ហេតុការណ៍​ខាងលើ​គឺជា​ករណី​បាញ់ប្រហារ​ទី​បី​នៅក្នុង​រដ្ឋ California ក្នុងអំឡុងពេល​ 3 ថ្ងៃ​​កន្លង។ ករណី​បាញ់ប្រហារ​មុន​នោះ​ប៉ុន្មាន​ម៉ោង បាន​កើតឡើង​នៅក្នុង​ទីតាំង​ដាច់ដោយឡែក​​ក្នុង​ទីក្រុង Half Moon Bay មាន​ចម្ងាយ​ប្រហែល 65 គីឡូម៉ែត្រ​ពី Oakland និង​បាន​​បណ្ដាលឱ្យ​មនុស្ស 7 នាក់​ស្លាប់។

ករណី​បាញ់ប្រហារ​មួយ​ផ្សេងទៀត​នៅ Monterey Park ក្នុង​រដ្ឋ California កាលពី​ថ្ងៃទី 21 មករា បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 11 នាក់​បាត់​បង់​ជីវិត។ ជនសង្ស័យ​ត្រូវបាន​គេ​ដឹងថា មានឈ្មោះ Huu Can Tran អាយុ 72 ឆ្នាំ ប៉ុន្តែ​មិនទាន់​ដឹងច្បាស់​​ពី​មូលហេតុ។

នៅក្នុង 3 សប្ដាហ៍​ដំបូង​នៃ​ឆ្នាំ 2023 សហរដ្ឋ​អាម៉េរិក​កើត​មាន​ករណី​បាញ់ប្រហារ​សម្លាប់​មនុស្ស​សរុប​ចំនួន 39 លើក​មក​ហើយ​៕

Advertisement