«នាឡិកា​ប្រាប់​ថ្ងៃ​វិនាស​នៃ​ផែនដី» រំកិល​ទៅមុខ​ថែម 10 វិនាទី​ទៀតហើយ!

ដោយសារតែ​ការគំរាមកំហែង​ពី​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ឆ្នាំនេះ​ទ្រនិចនាឡិកា​ប្រាប់​ថ្ងៃ​វិនាស​របស់​ផែនដី​ត្រូវបាន​រំកិល​ទៅមុខ 10 វិនាទី​បន្ថែមទៀត ដោយ​ស្ថិតនៅ​ឆ្ងាយ​ពី​ចំណុច​កណ្ដា​អធ្រាត្រ​ត្រឹមតែ 90 វិនាទី​ប៉ុណ្ណោះ។

កាលពី​ម៉ោង 22 ថ្ងៃទី 24 មករា ម៉ោង​នៅ​កម្ពុជា ព័ត៌មាន​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​អា​តូ​មិច (BAS) បានប្រកាស​ពី​ការ​រំកិល​ទ្រនិច​នាទី​របស់​នាឡិកា​ប្រាប់​ថ្ងៃ​វិនាស​នៃ​ផែនដី​ទៅកាន់​តែ​ជិត​ដល់​ចំណុច​ពាក់​កណ្ដាលយប់ ដែល​នេះ​គឺជា​ការប្រែប្រួល​ដំបូង​នៅក្នុង​រយៈពេល 3 ឆ្នាំ​កន្លង។ បច្ចុប្បន្ន ទ្រនិចនាឡិកា​នេះ​ត្រូវ​បានដាក់​ត្រង់ចំណុច 90 វិនាទី​មុន​ពាក់​កណ្ដាលយប់។ ក្នុង​ប្រវត្តិសាស្ត្រ 76 ឆ្នាំ​របស់​នាឡិកា​ប្រាប់​ថ្ងៃ​វិនាស​នៃ​ផែនដី មនុស្សជាតិ​មិន​ធ្លាប់​ដើរ​ដល់​ក្បែរ​ចំណុច​មហន្តរាយ​សកល​ដល់​កម្រិត​នេះឡើយ។

នាឡិកា​ប្រាប់​ថ្ងៃ​វិនាស​នៃ​ផែនដី​ត្រូវបាន​បង្ហាញ​ជា​លើកដំបូង​នៅពេល​សង្គ្រាមត្រជាក់​បាន​ចាប់ផ្ដើម​នៅ​ឆ្នាំ 1947 និង​ស្ថិតនៅ​ត្រង់ចំណុច 7 នាទី​មុន​ពាក់​កណ្ដាលយប់។ ជា​រៀងរាល់ឆ្នាំ សមាជិក​ទាំងឡាយ​រប​ស់​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ និង​សន្តិសុខ​របស់ BAS នឹង​កែប្រែ​ទ្រនិចនាឡិកា​ដើម្បី​បង្ហាញ​អំពី​ស្ថានភាព​ដែល​បង្កើតឡើង​ដោយ​ព្រឹត្តិការណ៍​នានា​ក្នុង​ឆ្នាំ​ចាស់ ដែល​បាន​រុញច្រាន​មនុស្សជាតិ​ទៅជិត ឬ​ឆ្ងាយ​ពី​ហានិភ័យ​នៃ​ការបំផ្លាញ​ខ្លួនឯង។ បច្ចុប្បន្ន នាឡិកា​ថ្ងៃ​វិនាស​នៃ​ផែនដី​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ព្រមាន​អំពី​ការគំរាមកំហែង​ដែលមាន​ប្រភពពី​គ្រប់​អាវុធ​ប្រល័យ​លោក ការបំផ្លិចបំផ្លាញ​បរិស្ថាន និង​បម្រែបម្រួល​អាកាសធាតុ​ជាដើម ចំពោះ​ពិភពលោក។

ឆ្នាំ 2020 ទ្រនិចនាឡិកា​ប្រាប់​ថ្ងៃ​វិនាស​នៃ​ផែនដី ស្ថិតនៅ​ត្រង់ចំណុច 100 វិនាទី​មុន​ពាក់​កណ្ដាលយប់។ ក្នុង​រយៈពេល 2 ឆ្នាំ​កន្លង ទ្រនិចនាឡិកា​នេះ​ស្ថិតនៅត្រង់​ចំណុច​នេះ​ដដែល។

ឆ្នាំនេះ BAS រំកិល​ទ្រនិច​នាទី​របស់​នាឡិកា​ប្រាប់​ថ្ងៃ​វិនាស​នៃ​ផែនដី​ទៅមុខ ដោយសារតែ​ការគំរាមកំហែង​ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន។ បច្ចុប្បន្ន នាឡិកា​នេះ​កំពុងស្ថិត​នៅត្រង់ចំណុច 90 វិនាទី​មុន​ពាក់​កណ្ដាលយប់ ដែល​នេះ​បង្ហាញថា ពិភពលោក​​ទាំង​មូល​​កំ​ពុង​ស្ថិត​នៅក្បែរ​មាត់ជ្រោះ​មហន្តរាយ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក» BAS បញ្ជាក់​ដូច្នេះ៕

Advertisement