លិច​កប៉ាល់​ដឹកទំនិញ​នៅលើ​សមុទ្រ​ជប៉ុន នាំឱ្យ​មនុស្ស 18 នាក់​បាត់​ខ្លួន

នាវាល្បាត​របស់​ជប៉ុន កាល​ពី​ឆ្នាំ 2022

កម្លាំង​ការពារ​ឆ្នេរសមុទ្រ​ជប៉ុន​ប្រកាសថា កប៉ាល់​ដឹកទំនិញ Jintan បាន​លិច​នៅលើ​លំហ​សមុទ្រ Nagasaki នៅពេល​យប់ ហើយ​សមត្ថកិច្ច​សង្គ្រោះបាន 4 នាក់ ចំណែក 18 នាក់​ទៀត​កំពុង​បាត់​ខ្លួន។

ប៉ូលិស​សមុទ្រ​ជប៉ុន (JCG) បានឱ្យដឹងថា កប៉ាល់ Jintan បាន​បញ្ចេញ​សញ្ញា​សុំ​ជួយសង្គ្រោះ​នៅវេលា​ម៉ោង​ប្រហែល 23 និង 15 នាទី (ម៉ោង 21 និង 15 នាទី​នៅ​កម្ពុជា) ថ្ងៃទី 24 មករា ចេញពី​តំបន់​សមុទ្រ​របស់​ខេត្ត Nagasaki និង​មាន​ចម្ងាយ​ពី​កោះ Danjo ប្រហែល 110 គីឡូម៉ែត្រ​ទៅ​ទិស​ខាងលិច។

ក្រុម​នាវិក​ពេលនោះ​បាន​ប្រាប់ថា «កប៉ាល់​ផ្អៀង និង​ចូល​ទឹក» ហើយ​ថា​បាន​ឡើង​ទូក​សង្គ្រោះបន្ទាន់​មុនពេល​កប៉ាល់​នេះ​លិច។ នៅលើ​កប៉ាល់ Jintan នេះ​មាន​មនុស្ស 14 នាក់​ជា​ជនជាតិ​ចិន និង 8 នាក់​ជា​ជនជាតិ​មី​យ៉ាន​ម៉ា។

JCG បញ្ជាក់ថា កប៉ាល់ Jintan មាន​ទម្ងន់ 6,600 តោន ចុះឈ្មោះ​នៅ​ហុងកុង។ ការិយាល័យ​នាយករដ្ឋមន្ត្រី​ជប៉ុន ឱ្យដឹងថា បាន​បង្កើត​ក្រុម​ទំនាក់ទំនង​មួយ​រួច​ហើយ​ដើម្បី​សម្រួល​ដល់​ករណី​លិច​កប៉ាល់​នេះ។

​ឧបទ្ទវ​ហេតុនេះ​បាន​កើតឡើង​នៅពេល​ប្រទេស​ជប៉ុន​កំពុង​​រង​អាកាសធាតុ​ត្រជាក់​ខ្លាំង ក្នុងនោះ សីតុណ្ហភាព​នៅ​លើ​កោះ​មួយចំនួន​នៅ​​ក្បែរ​កន្លែងកើតហេតុ​បំផុត ចុះ​ត្រជាក់​ដល់ 3 អង្សា​សេ នៅពេល​ថ្ងៃ៕

Advertisement