ទ័ពជើងទឹក​ថៃ រៀប​​ផែនការ​ទិញ​នាវា​ពិឃាដ​ទី​ពីរ

នាវាពិឃាដ​ទីមួយ​របស់​ថៃ HTMS Bhumibol Adulyadej

ទ័ពជើងទឹក​របស់​រា​ជាណា​ចក្រ​ថៃ បានស្នើ​សុំ​​គណៈរដ្ឋមន្ត្រី​ប្រទេស​នេះ ផ្ដល់​ថវិកា 15 ពាន់​លាន​បាត (457 លាន​ដុល្លារ​អាម៉េរិក) ក្នុង​រង្វង់ 5 ឆ្នាំ​ខាងមុខ សម្រាប់​ការ​​ដំឡើង​នាវា​ពិឃាដ​ខ្នាតតូច​ថ្មី​មួយ​គ្រឿង​ទៀត។

សំណើ​ខាងលើ​ត្រូវបាន​លើកឡើង​ដោយ​ក្រសួងការពារជាតិ​ថៃ នៅក្នុង​សេចក្ដីព្រាងច្បាប់​គម្រោង​ថវិកាជាតិ​សម្រាប់​ឆ្នាំ 2024 ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី 01 តុលា​ឆ្នាំនេះ។

សារព័ត៌មាន​ថៃ​បានឱ្យដឹងថា សំណើ​នេះ​ត្រូវបាន​គណៈរដ្ឋមន្ត្រី​ពិនិត្យ​ជា​លើកដំបូង​កាលពី​ថ្ងៃទី 24 មករា ហើយ​បើ​តាម​គោល​ការណ៍​ សំណើ​នេះ​​ទទួលបាន​ការគាំទ្រ​រួច​ហើយ។

ខ្ទង់​ប្រាក់​ដំបូង​នៃ​កញ្ចប់​ថវិកា​ខាងលើ​សម្រាប់​ឆ្នាំ 2024 គឺមាន​តម្លៃ 1.7 ពាន់​លាន​បាត ដែល​ប្រហែល​នឹង 52 លាន​ដុល្លារ​អាម៉េរិក។

បច្ចុប្បន្ន គម្រោង​ទិញ​នាវា​ពិឃាដ​ខ្នាតតូច​របស់​ទ័ពជើងទឹក​ថៃ កំពុង​ទទួលបាន​ចំណាប់អារម្មណ៍​ពី​បណ្ដា​ក្រុមហ៊ុន​ផលិត​នាវា​នៅ​បរទេស មាន​ជាអាទិ៍ ក្រុមហ៊ុន​នៅ​កូរ៉េខាងត្បូង អេ​ស្ប៉ា​ញ រុស្ស៊ី និង​បារាំង។

គម្រោង​នាវា​ពិឃាដ​ខាងលើនេះ​គឺជា​គ្រឿង​ទី​ពីរ​របស់​ទ័ពជើងទឹក​ថៃ បន្ទាប់ពី HTMS Bhumibol Adulyadej ដែល​ផលិត​នៅ​កូរ៉េខាងត្បូង និង​បាន​ប្រគល់ឱ្យ​ថៃ​កាលពី​ឆ្នាំ 2019៕

Advertisement