សហរដ្ឋ​អាម៉េរិក វាយឆ្មក់ កម្ទេច​មេដឹកនាំ​ក្រុម​ភេរវកររដ្ឋ​អ៊ីស្លាម (IS)

កងទ័ព​អាម៉េរិក​ធ្វើការ​វាយឆ្មក់​នៅ​សូ​ម៉ាលី ទៅតាម​បញ្ជា​របស់​ប្រធានាធិបតី បៃ​ដិ​ន កម្ចាត់​បាន​មេដឹកនាំ​តំបន់​សំខាន់​របស់​ក្រុម​ភេរវ​ករ​រដ្ឋ​អ៊ីស្លាម (IS) Bilal al-Sudani។

ក្រុមមន្ត្រី​អាម៉េរិក កាលពី​ថ្ងៃទី 26 មករា បានឱ្យដឹងថា Sudani ត្រូវបាន​សម្លាប់​ក្នុងការ​ប្រយុទ្ធ បន្ទាប់ពី​កងទ័ព​អាម៉េរិក​សម្រុកចូល​តំបន់​រូងភ្នំ​នៅ​ភាគ​ខាងជើង​ប្រទេស​សូ​ម៉ាលី ដើម្បី​ចាប់ខ្លួន​មេដឹកនាំ​រដ្ឋ​អ៊ីស្លាម (IS)។ សមាជិក​ប្រហែល 10 នាក់​របស់​ក្រុម​ភេរវ​ករ​រដ្ឋ​អ៊ីស្លាម​សូ​ដង់ បាន​បាត់​បង់ជីវិត​នៅ​កន្លែងកើតហេតុ ប៉ុន្តែ​ភាគី​អាម៉េរិក មិនមាន​អ្នកស្លាប់ និង​របួស​នោះទេ។

«កាលពី​ថ្ងៃទី 25 មករា ដោយ​អនុវត្តតាម​បទបញ្ជា​របស់​ប្រធានាធិបតី កងទ័ព​អាម៉េរិក​បានធ្វើ​យុទ្ធនាការ​វាយប្រហារ​នៅ​ភាគ​ខាងជើង​ប្រទេស​សូ​ម៉ាលី បណ្ដាលឱ្យ​សមាជិក​មួយចំនួន​រប​ស់ IS ត្រូវ​បាត់បង់​ជីវិត រួមទាំង Bilal al-Sudani ផងដែរ» រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក Lloyd Austin បានឱ្យដឹង​ដូច្នេះ​នៅក្នុង​ប្រកាស​នាពេល​ថ្មី ៗនេះ។

«Al-Sudani ទទួលបន្ទុក​ក្នុងការ​ជំរុញ​វត្តមាន​កាន់តែច្រើន​រប​ស់ IS នៅ​ទ្វីបអាហ្វ្រិក និង​ផ្ដល់ជំនួយ​ដល់​បណ្ដា​សកម្មភាព​របស់​ក្រុម​នេះ​នៅ​ទូទាំង​ពិភពលោក ក្នុងនោះ​ក៏មាន​អា​ហ្វ​ហ្កា​នី​ស្ថាន» លោក Austin បន្ថែម។

ពី​មូលដ្ឋាន​លើ​ភ្នំ​នៅ​ភាគ​ខាងជើង​ប្រទេស​សូ​ម៉ាលី Al-Sudani បាន​បែងចែក និង​ផ្ដល់ជំនួយ​ដល់​បណ្ដា​សាខា​របស់ IS មិន​ត្រឹមតែ​នៅ​ទ្វីបអាហ្វ្រិកនោះទេ តែ​ក៏​នៅ​រដ្ឋ​អ៊ីស្លាម Khorasan ដែលជា​សាខា​របស់ IS នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ទៀតផង នេះ​បើតាម​មន្ត្រី​អាម៉េរិក​មួយរូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។

កាលពី 10 ឆ្នាំមុន មុនពេល​ចូល​ក្រុម IS Sudani បាន​ចូលរួម​ជ្រើសរើស និង​បង្វឹក​ក្រុម​ខ្មាន់កាំភ្លើង​សម្រាប់​ចលនា​ជ្រុលនិយម al-Shabaab នៅ​សូ​ម៉ាលី។

«Sudani មាន​តួនាទី​សំខាន់​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ និង​សកម្មភាព ដោយមាន​ជំនាញ​ខ្ពស់ ធ្វើឱ្យ​គាត់​ក្លាយជា​គោល​ដៅ​សំខាន់​នៅក្នុង​សកម្មភាព​ប្រឆាំង​អំពើ​ភេរវកម្ម​របស់​សហរ​ដ្ឋ​អាម៉េរិក» មន្ត្រី​អាម៉េរិក​ខាងលើ​និយាយ​បន្ថែម។

យុទ្ធនាការ​វាយឆ្មក់​នេះ​ត្រូវបាន​រៀប​ផែនការ​ក្នុង​រយៈពេល​ច្រើន​ខែ ដោយមាន​ការហាត់​ស៊ាំ​នៅលើ​ទីតាំង​ដែល​ត្រូវបាន​សាងសង់ឡើង​ដើម្បី​ត្រាប់​តាម​កន្លែង​លាក់ខ្លួន​របស់ Sudani។ លោក បៃ​ដិ​ន កាលពីដើម​សប្ដាហ៍​នេះ បានអនុញ្ញាត​ឱ្យធ្វើ​ការ​វាយប្រហារ ក្រោយពី​បាន​ពិភាក្សា​ជាមួយ​ក្រុមមន្ត្រីកំពូលៗនៅ​ក្រសួងការពារជាតិ ចារកម្ម និង​សន្តិសុខ។

កងកម្លាំង​អាម៉េរិក បាន និង​កំពុង​ធ្វើ​សកម្មភាព​នៅ​សូ​ម៉ាលី ដោយមាន​ការសហការ និង​ការ​ជំនួសមុខ​ឱ្យ​រដ្ឋាភិបាល​ទាំងពីរ។ ទ័ព​អាម៉េរិក តែង​វាយប្រហារ​តាម​អាកាស​ដើម្បី​គាំទ្រ​ដល់​កម្លាំង​របស់​រដ្ឋាភិបាល​សូ​ម៉ាលី ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​កងទ័ព​បះបោរ Shabaab៕

Advertisement