ហែក​ឃើ​រ បញ្ចូល​សេចក្ដីថ្លែងការណ៍​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ទៅ​លើ​​ទូរទស្សន៍​នៅ​គ្រី​មៀ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី

ក្រុមមន្ត្រី​រុស្ស៊ី​នៅ​ឧបទ្វីប​គ្រី​មៀ (Crimea) និយាយថា ហែក​ឃើ​រ (Hacker) បានធ្វើ​ឱ្យមាន​ភាព​រអា​ក់រ​អួល និង​បញ្ចូល​សេចក្ដីថ្លែងការណ៍​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ទៅក្នុង​រលក​ទូរទស្សន៍​ដែល​ផ្សាយ​ក្នុង​តំបន់​នេះ។

ទូរទស្សនិកជន​ដែល​បាន​តាមដាន​ទូរទស្សន៍​នៅ​ឧបទ្វីប​គ្រីមៀ កាលពី​ថ្ងៃទី 25 មករា បាន​រាយការណ៍​ថា កម្មវិធី​ដែល​ពួកគេ​កំពុង​មើល ស្រាប់តែ​ត្រូវ​ដាច់ និង​ជំនួស​ដោយ​សេចក្ដីថ្លែងការណ៍​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ក្នុង​រយៈពេល​ប្រហែល 1 នាទី មុនពេល​បញ្ហា​ត្រូវបាន​ដោះស្រាយ។

ក្រុមមន្ត្រី​នៅ​ឧបទ្វីប​គ្រី​មៀ ចោទថា ហែក​ឃើ​របា​ន​វាយប្រហារ​លើ​រលក​ទូរទស្សន៍​ក្នុង​តំបន់​នេះ និង​ទម្លាក់កំហុស​ទៅលើ​ស្ថាប័ន​ចារកម្ម​របស់​អ៊ុយ​ក្រែ​ន។

រុស្ស៊ី​បាន​រឹបអូស​យក​ឧបទ្វីប​គ្រី​មៀ​ពី​អ៊ុយ​ក្រែ​ន ក្រោយ​ការធ្វើប្រជាមតិ​ក្នុង​ឆ្នាំ 2014។ សហរដ្ឋ​អាម៉េរិក អឺរ៉ុប និង​អ៊ុយ​ក្រែ​ន​បាន​ហៅ​សកម្មភាព​របស់​រុស្ស៊ី​ថា​ជា​អំពើ​រំលោភច្បាប់។ ទីក្រុង​កៀវ​បានប្រកាស​ជាច្រើន​ដង​ថា នឹង​រំដោះ​ឧបទ្វីប​គ្រី​មៀ​ឱ្យបាន។

ឧបទ្វីប​គ្រីមៀ

ក្រៅពី​គ្រី​មៀ ហេតុការណ៍​ហែក​ឃើ​រ​វាយប្រហារ​ទូរទស្សន៍​ក៏បាន​កើតឡើង​នៅក្នុង​ខេត្ត Belgorod នៅ​ភាគ​ខាង​លិច​ប្រទេស​រុស្ស៊ី ជាប់​ព្រំដែន​នឹង​អ៊ុយ​ក្រែ​ន។ អាជ្ញាធរខេត្ត​នេះ​មិនទាន់​ចោទប្រកាន់​លើ​ភាគី​ណាមួយ ប៉ុន្តែ​ឱ្យដឹង កំពុង​ស្រាវជ្រាវ។

ទាក់ទិន​នឹង​ហេតុការណ៍​ហែក​ឃើ​រ​​វាយប្រហារ​លើ​រលក​ទូរទស្សន៍​​ក្នុង​តំបន់​គ្រីមៀ ភាគី​ខាង​អ៊ុយ​ក្រែ​ន មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ។​

វិមាន​ក្រឹម​ឡាំង កាលពី​ថ្ងៃទី 19 មករា បាន​ព្រមាន​អ៊ុយ​ក្រែ​ន​ថា ការវាយប្រហារ​លើ​គ្រី​មៀ​គឺជា​សកម្មភាព​គ្រោះ​ថ្នាក់ បន្ទាប់ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក Ned Price កាលពី​ថ្ងៃទី 18 មករា បានប្រកាសថា ឧបទ្វីប​គ្រី​មៀ​គឺជា​ផ្នែក​មួយ​របស់​អ៊ុយ​ក្រែ​ន ហើយ​វ៉ា​ស៊ី​ង​តោន​កំពុង​ផ្គត់ផ្គង់​អាវុធ​ដើម្បី​ជួយ​ឱ្យ​ទីក្រុង​កៀវ​ការពារ​ទឹកដី​របស់ខ្លួន៕

Advertisement