COVID-19! មហាក្សត្រប្រទេស​ម៉ាឡេស៊ី និង​មហេសី​ ត្រូវ​បង្ខាំង​ព្រះកាយ​ បន្ទាប់​ពី​​បុគ្គលិក7នាក់​របស់​​រាជវាំង​បាន​ឆ្លង​មេរោគ

COVID-19! មហាក្សត្រប្រទេស​ម៉ាឡេស៊ី និង​មហេសី​ ត្រូវ​បង្ខាំង​ព្រះកាយ​ បន្ទាប់​ពី​​បុគ្គលិក7នាក់​របស់​​រាជវាំង​បាន​ឆ្លង​មេរោគ

បន្ទាប់​ពី​អ្នក​បម្រើ7នាក់​​ក្នុង​រាជវាំង​ បាន​ឆ្លង​មេរោគ​COVID-19 មហាក្សត្រនៃ​ប្រទេស​ម៉ាឡេស៊ី រួម​នឹង​​មហេសី​ របស់​ទ្រង់ក៏​បាន​ចាប់​ផ្ដើម​បង្ខាំង​ព្រះកាយ​រយៈ​ពេល​2​សប្ដាហ៍​ផងដែរ​។

ព្រះបរម​រាជ​វាំង​ Istana Negara ថ្ងៃ​នេះ ​បាន​ប្រកាស​ឱ្យ​ដឹង​ថា បុគ្គលិក​7​នាក់​ក្នុង​រាជ​វាំង​នេះ បាន​ឆ្លង​មេរោគ​COVID-19 ពី​ប្រភព​ដែល​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​។ បុគ្គលិក​រាជ​វាំង​ទាំង​7នាក់​នេះ កំពុង​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ Kuala Lumpur ក្នុង​ស្ថាន​ភាព​សុខ​ភាព​ធម្មតា​។ ក្រសួង​សុខាភិបាល​ម៉ាឡេស៊ីកំពុង​តែ​ស្រាវជ្រាវ​រក​ប្រភព​ចម្លង​របស់​បុគ្គលិក​ទាំង​នេះ​។

ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា បុគ្គលិក​រាជវាំង​បាន​ឆ្លង​វីរុសCOVID-19 មហាក្សត្រ Abdullah Sultan Ahmad Shah​ និង​មហេសី​របស់​ទ្រង់​ គឺ​ព្រះ​នាង​ Tunku Azizah Aminah Maimunah Iskandaria ក៏បាន​ធ្វើតេស្ត​រក​មេរោគ​ និង​ទទួល​បាន​លទ្ធ​ផល​អវិជ្ជ​មាន​ជាមួយ​នឹង​មេរោគ​នេះ​។ “មហាក្សត្រ និង​មហេសី​ កំពុង​តែ​បង្ខាំង​ព្រះកាយ​ដោយ​ព្រះអង្គ​ឯង​រយៈ​ពេល​14ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​25​មីនា​”។ នេះ​ជា​សេចក្ដី​ប្រកាស​របស់​ព្រះបរម​រាជវាំង​។

អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​នឹង​បុគ្គលិក​7​នាក់​ខាង​លើ ត្រូវ​បាន​នាំ​ទៅ​ធ្វើ​តេស្ត​រួច​ហើយ​ និង​កំពុង​បង្ខាំង​ខ្លួន​នៅ​ដោយ​ឡែក​រយៈ​ពេល​14​ថ្ងៃ​។

កាលពី​ថ្ងៃ​ទី​24​មីនា​កន្លងទៅ នៅ​លើ​ទំព័រ​ Instagram មហា​ក្សត្រី​ Tunku Azizah បាន​បង្ហោះ​រូបភាព​នៃ​អាហារ​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​បុគ្គលិក​សុខាភិបាល​ដែល​កំពុង​ប្រឆាំង​នឹង​ COVID-19។ កាយវិការ​លើក​ទឹក​ចិត្ត​នេះ​ ត្រូវ​បាន​ប្រជា​ជន​ម៉ាឡេស៊ីគាំទ្រ​ និង​កោត​សរសើរ​ទ្រង់​ជា​ខ្លាំង​។

ប្រទេស​ម៉ាឡេស៊ី បច្ចុប្បន្ន មាន​អ្នក​ឆ្លង​វីរុស​COVID-19​ ចំនួន​2,031​នាក់ ក្នុង​នោះ​មាន​23​នាក់​បាន​បាត់បង់ជីវិត​ និង​199​នាក់​បាន​ជាសះស្បើយ ខណៈ​ដែល​នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ COVID-19 សរុប​​ 487,648​នាក់​ ក្នុង​នោះ​មាន​22,030​នាក់បាន​ស្លាប់​ និង​117,749​បាន​ជា​សះស្បើយ​៕

ប្រភព៖ សារ​ព័ត៌មានបរទេស​

Advertisement