COVID-19! មនុស្ស​​4,089​នាក់បាន​​ស្លាប់​នៅ​អេស្ប៉ាញ ដោយសារ​វីរុស​បង្ក​ជំងឺ​រលាកសួត​ប្រភេទ​ថ្មី

COVID-19! មនុស្ស​​4,089​នាក់បាន​​ស្លាប់​នៅ​អេស្ប៉ាញ ដោយសារ​វីរុស​បង្ក​ជំងឺ​រលាកសួត​ប្រភេទ​ថ្មី

តួលេខ​នៃ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​COVID-19 នៅ​ប្រទេស​អេស្ប៉ាញ បាន​កើន​ឡើង​ដល់​4089​ករណី បន្ទាប់​ពី​ប្រទេស​នេះ​បាន​កត់​ត្រា​ចំនួន​អ្នក​ស្លាប់​​​ថ្មី 655​ករណី​បន្ថែម​ទៀត​​ ក្នុង​អំឡុង​24​ម៉ោង​កន្លង​មក​នេះ​។

ក្រសួង​សុខាភិបាល​ប្រទេស​អេស្ប៉ាញ ថ្ងៃ​នេះ​បាន​ឱ្យ​ដឹង​ថា បាន​រកឃើញ​ករណី​ឆ្លង​មេរោគ​ថ្មី​ចំនួន​6,673​ករណី​បន្ថែម​ទៀត​ នាំ​ឱ្យ​អ្នក​ឆ្លង​មេរោគ​សរុប​ក្នុង​ប្រទេស​នេះ​ឡើង​ដល់​56,188​នាក់​។ ចំនួន​អ្នក​ស្លាប់​សរុប​ក៏កើន​ឡើង​ដល់​4,089​ករណី ដោយ​សារ​មាន​ករណី​​ស្លាប់​​ថ្មី​ចំនួន​655​នាក់បន្ថែម​ទៀត​ គឺ​​កើន​19​% បើធៀប​នឹង​ម្សិល​មិញ​។

ទីក្រុង​ Madrid ទទួល​រង​ឥទ្ធិពល​ធ្ងន់​ធ្ងរ​ជាងគេ​ ដោយ​មាន​អ្នក​ឆ្លង​មេរោគ​ដល់​ទៅ​ 17,166​ករណី​ ជិត​ស្មើ​នឹង​1/3​នៃ​ចំនួន​សរុប​ទូទាំង​ប្រទេស​។ ចំណែក​អ្នក​ស្លាប់​សរុប​ក្នុង​ទីក្រុង​ Madrid ក៏​ច្រើនជាង​គេ​ផងដែរ ពោល​គឺ​មាន​ចំនួន 2,090​ករណី​ ប្រហាក់​ប្រហែល​នឹង​51​% នៃ​ករណី​ស្លាប់​សរុប​នៅ​ទូទាំង​ប្រទេ​ស។

បើ​ទោះ​ជា​ប្រទេស​អេស្ប៉ាញ​បាន​អនុវត្ត​បទ​បញ្ជា​បិទ​ការ​ធ្វើ​ដំណើរ​​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃទី​14​មីនា ហើយ​ត្រូវ​សភា​​អនុម័ត​ឱ្យ​ពន្យារ​ពេល​បន្ត​សុពល​ភាព​រហូត​ដល់​ថ្ងៃទី11​មេសា​ក៏ដោយ ក៏​តួលេខ​នៃ​ករណី​ឆ្លងមេរោគ និង​ស្លាប់​ដោយ​សារ​ COVID-19 ក្នុង​​ប្រទេស​នេះ ក៏នៅ​តែ​កើន​ឡើង​មិន​ឈប់​ឈរ។ អេស្ប៉ាញ បច្ចុប្បន្នគឺជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​លំដាប់​ទី​4​ក្នុង​ពិភពលោក​ ប៉ុន្តែ​ប្រទេស​នេះបាន​ក្លាយ​ជា​ “វាល​ពិឃាត​” របស់​វីរុស​COVID-19 ធំទី2ក្នុង​ពិភព​លោក បន្ទាប់​ពី​ប្រទេស​អ៊ីតាលី​។

នាយក​រដ្ឋមន្ត្រី​ Pedro Sanchez ដែល​ភរិយា​របស់​លោក​បាន​ឆ្លង​វីរុស​COVID-19 បាន​ថ្លែង​ថា នេះ​គឺជា​ដំណាក់​កាល​លំបាក​បំផុត​របស់​ប្រទេស​ជាតិ រាប់​ចាប់​តាំងពី​សង្គ្រាម​​ស៊ីវិល​ ឆ្នាំ​1936-1939៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement