Trump ចុះ​ហត្ថលេខា​លើ​កញ្ចប់​ថវិកា​ជំនួយ​ ទំហំ​2.2​លាន​លាន​ដុល្លារ​អាមេរិក

Trump ចុះ​ហត្ថលេខា​លើ​កញ្ចប់​ថវិកា​ជំនួយ​ ទំហំ​2.2​លាន​លាន​ដុល្លារ​អាមេរិក
ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ចុះ​ហត្ថលេខា​លើ​កញ្ចប់​ថវិកា​ជំនួយ​ ទំហំ​2.2​លាន​លាន​ដុល្លារ​អាមេរិក

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បាន​ចុះ​ហត្ថលេខា​លើ​កញ្ចប់​ថវិកា​ជំនួយ​សេដ្ឋកិច្ច​ទំហំ​2.2​លាន​លាន​ដុល្លារ​ ដើម្បី​ជួយ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ និង​កម្មករ​អាមេរិកាំង​ដែ​ល​ជួប​ការ​លំបាក​ដោយ​សារ​វីរុស​COVID-19។

“ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណ​រដ្ឋ ដែល​បាន​សាមគ្គី​គ្នា​ និង​យក​ប្រទេស​ជាតិ​ជា​ធំ​” ប្រធានាធីបតី​សហរដ្ឋ​អាមេរិក​ Donald Trump មាន​ប្រសាសន៍​កាល​ពី​ថ្ងៃទី​27​មីនាកន្លង​ទៅ​ បន្ទាប់​ពី​បាន​ចុះ​ហត្ថលេខា​លើ​កញ្ចប់​ថវិកា​ជំនួយ​ខាង​លើ​។ លោក​បន្ថែម​ថា “យើង​ត្រូវ​បាន​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ដោយ​សត្រូវ​លាក់​មុខ​។ ក៏ប៉ុន្តែ ខ្ញុំ​គិត​ថា យើង​នឹង​ងើប​ឡើង​វិញ​បានយ៉ាង​ឆាប់​រហ័ស​”។

នៅ​មុន​ពេល​ចុះ​ហត្ថលេខា លោក Trump បាន​លើក​តម្កើង​អំពី​ទំហំ​នៃ​​កញ្ចប់​ជំនួយ​ដែល​មាន​ទឹក​ប្រាក់​ជាង​2លាន​លាន​ដុល្លារ​នេះ​។ “កន្លង​មក ខ្ញុំ​មិនដែល​បាន​ចុះ​ហត្ថលេខា​លើ​អ្វី​មួយ​ដែល​មាន​អក្សរ​លានលាន​ដូច្នេះ​នោះ​ទេ​”។

មុន​នេះ កញ្ចប់​ថវិកា​ជំនួយ​សេដ្ឋ​កិច្ច​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ធំ​ជាង​គេបង្អស់់ក្នុង​ប្រវត្តិ​សាស្ត្រ​សហរដ្ឋ​អាមេរិក​នា​សម័យ​នេះ ក៏ត្រូវ​បាន​អនុម័ត​យល់​ព្រម​ដោយ​សភា​ជាន់​ខ្ពស់​អាមេរិកាំង​រួច​ហើយ។ កញ្ចប់​ថវិកា​នេះ​នឹង​ផ្ដល់​ជំនួយ​រាប់​ពាន់​លាន​ដុល្លារ​ ទៅ​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​ឧស្សាហកម្ម​ដែល​កំពុង​ជួប​ការ​លំបាក​ និង​ជួយ​កាត់​បន្ថយ​អត្រា​បាត់​បង់​ការ​ងារ​ ព្រម​ទាំង​ផ្ដល់​ជំនួយ​ជា​សាច់​ប្រាក់​សុទ្ធ​ដល់​ពលរដ្ឋ​ដែល​ត្រូវ​រង​គ្រោះ​ព្រោះ​វីរុស​COVID-19។

អ្វី​ដែល​ពល​រដ្ឋ​អាមេរិកាំង​មាន​ការ​សប្បាយ​ចិត្ត​ជាង​គេ​នោះ​គឺ​ ​​គម្រោង​ជំនួយ​ផ្ទាល់​ដល់​ប្រជា​ជន​។ ក្នុង​គម្រោង​ជំនួយ​នេះ ពលរដ្ឋ​ណា​ដែល​មាន​ចំណូល​ទាប​ជាង​75,000​ដុល្លារ​ក្នុង​1ឆ្នាំ​ នឹង​ទទួល​បាន​ប្រាក់​សុទ្ធ​ 1,200​ដុល្លារ​ក្នុង​មនុស្ស​ម្នាក់​។

មន្ទីរ​ពេទ្យ​នានា​នឹង​ទទួល​បាន​ជំនួយសរុប​ ​100​​ពាន់​លាន​ដុល្លារ​ពី​កញ្ចប់​ជំនួយខាង​លើ។​ ចំណែក​ក្រុម​ហ៊ុន​តូចៗ​នឹង​ទទួល​បាន​ទឹក​ប្រាក់​សរុប​ 350​ពាន់​លាន​ដុល្លារ​។ ក្រុម​ហ៊ុន​ធំ​ៗដែល​រួម​ទាំង​​ក្រុម​ហ៊ុន​អាកាស​ចរណ៍ និង​ក្រុម​ហ៊ុន​នាវា​ទេសចរណ៍​ នឹង​ទទួល​បាន​ជំនួយ​សរុប​ 500​ពាន់​លាន​ដុល្លារ។ ចំណែក​150​ពាន់​លាន​ដុល្លារ​ផ្សេង​ទៀត​ទុក​សម្រាប់​ជួយ​ជំរុញ​សេដ្ឋ​កិច្ច​របស់​រដ្ឋ​នីមួយ​ៗ រួម​នឹង​​តំបន់​​មូលដ្ឋាន​ផងដែរ។

យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យា​ល័យ​ Johns Hopskins ចំនួន​អ្នក​ឆ្លង​វីរុស​COVID-19 នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃទី​27មីនាបាន​កើន​16,961​ករណី​បន្ថែម​ទៀត​ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​មេរោគ​សរុប​ឡើង​ដល់​ 102,936​​ករណី​ ក្នុង​នោះ​អ្នក​ស្លាប់​សរុប​បាន​កើន​ដល់​ 1,607​ករណី ពោល​គឺ​កើន​312​ករណី​ បើធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​។ បច្ចុប្បន្ន សហរដ្ឋ​អាមេរិក​ បាន​ក្លាយ​ជា​សម្បុក​មេរោគ​COVID-19​​ ធំជាង​គេ​បង្អស់​នៅ​ទូទាំង​ពិភពលោក​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement