COVID-19! ប្រធាន​មន្ទីរពេទ្យនៅហៃ​ទី​ ​​ត្រូវ​គេ​ចាប់​ជំរិត​ ខណៈ​អ្នក​ជំងឺ​កំពុង​រង់​ចាំ​ព្យាបាល

COVID-19! ប្រធាន​មន្ទីរពេទ្យនៅហៃ​ទី​ ​​ត្រូវ​គេ​ចាប់​ជំរិត​ ខណៈ​អ្នក​ជំងឺ​កំពុង​រង់​ចាំ​ព្យាបាល

ប្រទេស​ហៃទី៖ ប្រធាន​មន្ទីរពេទ្យ​មួយ​ក្នុង​ចំណោម​មន្ទីរពេទ្យ​ធំ​ៗនៅ​ប្រទេស​ហៃ​ទី​ ​ត្រូវ​បាន​គេ​ចាប់​ជំរិត​ នាំ​ឱ្យ​ក្រុម​វេជ្ជ​បណ្ឌិត ផ្អាក​​ទទួល​ព្យាបាល​អ្នក​ជំងឺ​ថ្មី​ ខណៈ​ដែល​មេរោគ​COVID-19 កំពុង​ឆ្លង​រាល​ដាល​ខ្លាំង​។

លោក​ Jerry Bitar ដែល​ជា​វេជ្ជ​បណ្ឌិត​ផ្នែក​វះកាត់ ត្រូវ​បាន​គេ​ចាប់​ជំរិត​កាល​ពី​ម្សិល​មិញ បន្ទាប់​ពី​លោក​បាន​ចាក​ចេញ​ពី​ផ្ទះ​នៅ​ក្នុង​តំបន់​ប្រជុំ​ជន ​ឆ្ពោះ​ទៅ​កាន់​កន្លែង​ធ្វើ​ការ​នៅ​ឯមន្ទីរ​ពេទ្យ​ Bernard Mevs ក្នុង​រដ្ឋ​ធានី Port-au-Prince។

មនុស្ស​ជា​ច្រើន​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ​ Bernard Mevs ដើម្បី​សម្ដែង​សាមគ្គី​ភាព​ជាមួយ​នឹង​លោក​វេជ្ជ​បណ្ឌិត​ Bitar ដែល​ជា​អ្នក​គ្រប់​គ្រង​មន្ទីរ​ពេទ្យ​នេះ​ជាមួយ​នឹង​បងប្អូន​ភ្លោះ​របស់​លោក​។ បុគ្គលិក​ទាំង​អស់​របស់​លោក Bitar បាន​នាំ​គ្នា​អង្វរ​ករ សូមឱ្យ​ដោះ​លែង​អ្នក​ដឹក​នាំ​របស់​ពួកគេ​។ សារ​ព័ត៌មាន​ក្នុង​ស្រុក​ក៏បាន​ចេញ​ផ្សាយ​ ដោយ​ការ​អង្វរ​ ទទូច​ឱ្យ​ដោះ​លែង​លោក​វេជ្ជ​បណ្ឌិត​រូប​នេះ​ផងដែរ​។

“នៅ​ក្នុង​ស្ថាន​ភាព​នៃ​វិបត្តិ​សុខ​ភាព​នេះ ការ​ចាប់​ជំរិត​វេជ្ជ​បណ្ឌិត​របស់​មន្ទីរ​ពេទ្យ​​ គឺ​ជា​រឿង​ធ្ងន់​ធ្ងរ​ណាស់​។ ខ្ញុំ​ស្នើ​ឱ្យ​ដោះ​លែង​គាត់​ដោយ​មិន​មាន​លក្ខខណ្ឌ​”។ នេះ​ជា​សម្ដី​របស់​ពលរដ្ឋ​ម្នាក់​ឈ្មោះ Jean Wilguens Charles ដែល​មាន​មិត្ត​ម្នាក់​កំពុង​ទទួល​ការ​ព្យាបាល​ជំងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ Bernard Mevsនេះ​។

ផែន​ទីនៃ​ទី​តាំង​​ប្រទេស​ហៃទី(Hiti)

ជំនួយ​ការ​ Claude Devil បាន​ឱ្យ​ដឹង​ថា​ មន្ទីរពេទ្យ​នេះ​ ទទួល​ព្យាបាល​អ្នក​ជំងឺ​ទាំង​អស់ មិន​ថា​ជា​អ្នក​មាន​ ឬអ្នក​ក្រ​គ្មាន​ប្រាក់​នោះ​ទេ​។ ក៏ប៉ុន្តែ ពេល​នេះ​ពួក​គេ​មិន​អាច​ទទួលព្យាបាល​​អ្នក​ជំងឺ​បន្ថែម​ទៀត​នោះ​ឡើយ​​ ខណៈ​ដែល​ក្រុម​គ្រូពេទ្យ​នៅ​តែ​បន្ត​ជួយ​សង្គ្រោះ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ទី​នេះ​។ មា​អ្នក​ជំងឺ​មួយ​ចំនួន​ ត្រូវ​ការ​វះកាត់​ ប៉ុន្តែ​ក្រុម​វេជ្ជ​បណ្ឌិត​មិន​ហ៊ាន​សម្រេច​ចិត្ត​។

អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ក្រសួង​សុខាភិបាល​ប្រទេស​ហៃ​ទី(Hiti)បាន​ឱ្យ​ដឹង​ថា សមត្ថ​កិច្ច​ប្រទេស​នេះ​កំពុង​ដុត​ដៃ​ដុត​ជើង​ ស្រាវជ្រាវ​តាម​ចាប់​អ្នកដែល​នៅ​ពី​ក្រោយ​ការ​ចាប់​ជំរិត​លោក​វេជ្ជ​បណ្ឌិត​ Jerry Bitar។

ករណី​ចាប់​ជំរិតទារ​ប្រាក់​នៅ​ប្រទេស​ហៃ​ទី​ ឆ្នាំ​នេះ​មាន​ការ​កើន​ឡើង​ច្រើន ក្នុង​ពេល​​ដែល​ប្រទេស​នេះ​កំពុង​ជួប​វិបត្តិ​​សេដ្ឋ​កិច្ចផង និង​នយោបាយ​​ផង។ យោង​តាម​ធនាគារ​ពិភពលោក ហៃ​ទី​ជា​ប្រទេស​ក្រី​ក្រ​បំផុត​នៅ​ទ្វីប​អាមេរិក​។ សមត្ថកិច្ច​ហៃទី​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ខែមករា​ឆ្នាំ​នេះ មាន​ករណី​ចាប់​ជំរិត​ដល់​ទៅ​15​ករណី​។ ក្រុម​ជន​ពាល​ទាំង​នេះ ធ្វើ​សកម្ម​ភាព​​មិន​រើស​មុខនោះ​ទេ​ ដោយ​ពួកគេ​ចាប់​ជំរិត​ទាំង​​អ្នកជំនួញ បុគ្គលិក​ក្រុម​មនុស្ស​ធម៌បរទេស និង​តំណាង​រាស្ត្រ​ ហើយ​សូម្បី​តែ​សិស្ស​សាលា​ក៏​ពួក​វា​មិន​លើក​លែង​ដែរ​។

ពលរដ្ឋ​នាំ​គ្នា​អង្វរករ​ សុំ​ឱ្យ​ដោះ​លែង​លោក​វេជ្ជ​បណ្ឌិត​

គិត​មក​ដល់​បច្ចុប្បន្ន ប្រទេស​ហៃ​ទី​ បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 ត្រឹម​តែ​8​ករណី​ប៉ុណ្ណោះ​។ ប្រធានាធិបតី​ Jovenel Moise កាលពីសប្ដាហ៍​មុន​បាន​ប្រកាស​អាសន្ន​ទូទាំង​ប្រទេស​ និង​ស្នើ​ឱ្យ​បិទ​សាលា​រៀន រោង​ចក្រ រួម​នឹង​កន្លែង​គោរព​បូជា​សាសនា​ផងដែរ​ ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​របស់​វីរុស៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement