ហ្វីលីពីន៖ យន្ត​ហោះ​ដឹក​អ្នក​ជំងឺឆ្ពោះ​ទៅ​កាន់​ជប៉ុន​​ ​ផ្ទុះ​ឆេះ​នៅ​ព្រលាន​យន្ត​ហោះ Ninoy Aquino

យន្តហោះ​ដឹក​មនុស្ស​8​នាក់​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ម្នាក់ បាន​ផ្ទុះ​ឆេះ​ និង​ជ្រុល​ចេញ​ផុត​ពី​ផ្លូវ​នៃ​ព្រលាន​យន្ត​ហោះ​ Ninoy Aquino ក្នុង​រដ្ឋ​ធានី​ម៉ានីល​ ប្រទេស​ហ្វីលីពីន​។

យន្ត​ហោះ​ធន់​តូច​ IAI Westwind ត្រូវ​បាន​គេ​ឱ្យ​ដឹង​ថា ជា​យន្ត​ហោះ​ដែល​រដ្ឋាភិបាល​ប្រទេស​ហ្វីលីពីន​ជួល​ដើម្បី​ដឹក​អ្នក​ជំងឺ​ម្នាក់​ទៅ​កាន់​ប្រទេស​ជប៉ុន​។ យន្ត​ហោះ​​ ដែល​មាន​ស្លាក​លេខ​ RP-C5880​នេះ បាន​​ចាប់​ផ្ដើម​ហោះ​ហើរ​នៅ​វេលា​ម៉ោង​20​ ថ្ងៃទី​29​មីនា។ ក្នុង​ពេល​ចាប់​ផ្ដើម​ហោះ​ហើរ​ យន្ត​ហោះ​នេះ​ស្រាប់​តែ​ឆេះ​សន្ធោ​សន្ធៅ និង​ធ្លាក់​ចេញ​ពី​ផ្លូវ​ក្នុង​ព្រលាន​យន្ត​ហោះ​។ កងកម្លាំង​ពន្លត់​អគ្គិភ័យ​ត្រូវ​ប្រើ​ពេល​ដល់​ទៅ​1ម៉ោង​ ទើប​អាច​ពន្លត់​ភ្លើង​ឆេះ​យន្ត​ហោះ​នេះ​បាន​។

អ្នក​យក​ព័ត៌​មាន​ក្នុង​ស្រុក Dexter Cabalza បាន​ឱ្យ​ដឹង​ថា យន្ត​ហោះ​នេះ​ដឹក​មនុស្ស​8​នាក់ ក្នុង​នោះ​មាន​បុគ្គលិក​សុខាភិបាល​3​នាក់ និង​អ្នកជំងឺ​ម្នាក់​។ សារ​ព័ត៌មាន​ Reuters បាន​ចេញផ្សាយ​ថា មនុស្ស​ទាំង​8​នាក់​នៅ​លើ​យន្តហោះ​នេះ បាន​បាត់បង់ជីវិត​។ ចំណែកអ្នកជំងឺ​ម្នាក់​នៅ​លើ​យន្ត​ហោះ​នេះ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​ ជា​អ្នក​ជំងឺ​ COVID-19 ឬ​យ៉ាង​ណា​នោះ​ដែរ​។

នៅ​មុន​ពេល​ជួប​គ្រោះ​ថ្នាក់ យន្ត​ហោះ​នេះ​បាន​ហោះ​ហើរ​ជា​ច្រើន​លើក​ជុំ​វិញ​បណ្ដា​កោះ​របស់​ហ្វីលីពីន​ ដើម្បី​ដឹក​ជញ្ជូន​ឧបករណ៍​វេជ្ជ​សាស្ត្រ​សំខាន់​ៗ​។ ទន្ទឹម​នឹង​នេះ យន្ត​ហោះ​នេះ​ក៏​ធ្លាប់​បាន​ហោះ​ទៅ​កាន់​ប្រទេស​ជប៉ុន ប្រទេស​ថៃ និង​កោះ​តៃ​វ៉ាន់​ផងដែរ៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement