មេដឹក​នាំ​​សង្គ្រាម​ប្រឆាំង​ COVID-19 បាន​ឆ្លង​វីរុស​ ខណៈ​អេស្ប៉ាញ​ក្លាយជា​ “វាល​ពិឃាត” ទី​2​ក្នុង​លោក របស់​មេរោគ​បង្ក​ជំងឺ​រលាក​សួត​ថ្មី

មេដឹក​នាំ​​សង្គ្រាម​ប្រឆាំង​ COVID-19 បាន​ឆ្លង​វីរុស​ ខណៈ​អេស្ប៉ាញ​ក្លាយជា​

មេដឹក​នាំ​ក្នុង​សង្គ្រាម​ប្រឆាំង​ COVID-19 របស់​អេស្ប៉ាញ បាន​ឆ្លងវីរុស​បង្ក​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ក្នុង​ខណៈ​ដែល​ចំនួន​អ្នក​ឆ្លង​មេរោគ​សរុបនៅ​ប្រទេស​នេះ​​ បាន​កើន​ឡើង​លើស​ពី​ប្រទេស​ចិន​។

“ប្រធាន​មជ្ឈមណ្ឌល​ចាត់ចែង​ករណី​បន្ទាន់​របស់​ក្រសួង​សុខាភិបាល​អេស្ប៉ាញ លោក Fernando Simon វិជ្ជមាន​ជាមួយ​នឹង​ COVID-19 បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​” Maria Jose Sierra ដែល​ជា​អនុ​ប្រធាន​របស់​លោក Simon ថ្លែង​បែប​នេះ នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ឯរាជធានី​ Madrid កាល​ពី​ម្សិល​មិញ​។

លោក​ប្រធាន​ Simon គឺជា​អ្នក​ដឹក​នាំ​យុទ្ធ​នាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ COVID-19 របស់​រាជាណាចក្រ​អេស្ប៉ាញ និង​ជា​អ្នក​ដែល​តែង​តែ​រក្សា​ទំនាក់​ទំនង​ជាមួយ​នាយក​រដ្ឋមន្ត្រី​ Pedro Sanchez។ ប្រភព​ព័ត៌មាន​មិន​បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​សុខ​ភាព​របស់​លោក​យ៉ាង​ណា​ហើយ​នោះ​ទេ។

អនុប្រធាន​ Sierra បាន​ប្រកាស​ថា បុគ្គលិក​ពេទ្យ​ចំនួន​12,298​នាក់​បាន​ឆ្លង​មេរោគ​COVID-19 គឺស្មើ​នឹង​14% នៃចំនួន​អ្នក​ឆ្លង​មេរោគ​សរុបរបស់​ប្រទេស​អេស្ប៉ាញ។ ក្រុម​គ្រូពេទ្យ​បាន​ឱ្យ​ដឹង​ថា ពួកគេ​កំពុង​ខ្វះ​សម្ភារ​ការ​ពារ​ខ្លួន​។

អេស្ប៉ាញ បច្ចុប្បន្ន​បាន​ក្លាយជា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​មេរោគ​COVID-19 ច្រើន​ជា​គេ​បង្អស់​លំដាប់​ទី​2​ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​អ៊ីតាលី​ ដោយ​មាន​អ្នក​ស្លាប់​ដល់​ទៅ​7,340​នាក់​។

COVID-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​​ពី​ប្រទេស​ចិន កាល​ពី​ខែធ្នូ ឆ្នាំ​2019 ហើយ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​199 នៅ​ទូទាំង​ពិភព​លោក បណ្ដាល​ឱ្យ​មនុស្ស​ចំនួន 741,030នាក់​បាន​ឆ្លង​មេរោគ ក្នុង​នោះ​មាន​អ្នក​ជំងឺ​​ 35,114នាក់​បាន​ស្លាប់​ និង​ជាង​ 28.000នាក់​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​៕

ប្រភព៖ Reuters

Advertisement