COVID-19! វៀតណាបិទច្រក​​ព្រំដែន​ជាមួយ​កម្ពុជា​ និង​ឡាវ​ ខណៈ​តំបន់​ឥណ្ឌូចិន​មាន​អ្នក​ឆ្លង​មេរោគកូរ៉ូណា​​ជាង​300​​ករណី​

ប្រទេស​វៀតណាម​បាន​សម្រេច​បិទ​ច្រក​ព្រំដែនទៅ​-មក​ជា​បណ្ដោះ​អាសន្ន​ រវាង​​វៀតណាម-​ប្រទេស​កម្ពុជា​ និង​វៀតណាម​-​​​ឡាវ​ ចាប់​ពី​ថ្ងៃទី​1​មេសា​ខាង​មុខ ដើម្បី​រឹត​បន្តឹង​វិធានការ​ទប់ស្កាត់​វីរុសCOVID-19។

ការ​សម្រេច​ចិត្ត​ខាង​លើ​នេះ​ នឹង​អនុវត្ត​ទៅ​លើ​អ្នក​ដំណើរ​ដែល​ឆ្លង​កាត់​ច្រក​ព្រំ​ដែន​អន្តរជាតិ ច្រក​របៀង​ ផ្លូវលំ រួម​នឹង​ផ្លូវ​ផ្សេង​ៗ​ទៀត​នៅ​តាម​តំបន់​ព្រំដែន​ជាប់​ជាមួយ​កម្ពុជា​ និង​ឡាវ​ ដោយ​ចាប់​ផ្ដើម​បិទ​ពី​ម៉ោង​00:00:00​នាទី​ ថ្ងៃទី​1មេសា​ខាង​មុខ​។

COVID-19! វៀតណាបិទច្រក​​ព្រំដែន​ជាមួយ​កម្ពុជា​ និង​ឡាវ​ ខណៈ​តំបន់​ឥណ្ឌូចិន​មាន​អ្នក​ឆ្លង​មេរោគកូរ៉ូណា​​ជាង​300​​ករណី​
តំបន់​ឥណ្ឌូចិន (Indochina)

សេចក្ដី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​វៀត​ណាម​ខាងលើ​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​31​មីនា​កន្លង​ទៅ​ និង​បាន​ផ្ញើ​មក​កាន់​ឯក​អគ្គ​រាជទូត​កម្ពុជា​​ប្រចាំ​នៅ​ប្រទេស​វៀត​ណាម​ហើយ​ដែរ​។ នេះ​បើ​តាម​សារ​ព័ត៌មាន​ វៀត​ណាម​ VNEXPRESS។

សេចក្ដី​ប្រកាស​ខាងលើ​ក៏បាន​ឱ្យ​ដឹង​ថា ​វៀត​ណាម​មាន​បំណង​ចង់​បាន​កិច្ច​សហការ​ពី​ប្រទេស​កម្ពុជា​ និង​ឡាវ​ ដើម្បី​អាច​គ្រប់​គ្រង​​វីរុស​COVID-19 បាន​ឆាប់​រហ័ស​។

COVID-19! វៀតណាបិទច្រក​​ព្រំដែន​ជាមួយ​កម្ពុជា​ និង​ឡាវ​ ខណៈ​តំបន់​ឥណ្ឌូចិន​មាន​អ្នក​ឆ្លង​មេរោគកូរ៉ូណា​​ជាង​300​​ករណី​
ច្រកព្រំដែន​អន្តរជាតិបាវិត​

គួរ​រំឭក​ថា ចាប់​ពី​ថ្ងៃទី​20​មីនា ប្រទេស​កម្ពុជា​ក៏​បាន​ផ្អាក​ការ​ផ្ដល់​ទិដ្ឋាការ​ចំពោះ​ពលរដ្ឋ​វៀតណាម រីឯ​ប្រទេស​ឡាវ​ក៏បាន​ផ្អាក​ការ​ផ្ដល់​ទិដ្ឋាការ​ចំពោះ​អ្នក​ដំណើរ​ដែល​មក​ពី​គ្រប់​ច្រក​ព្រំដែន​ទូទាំង​ប្រទេស​នេះ​ ចាប់​ពី​ថ្ងៃទី​30​មីនា​ដល់​ថ្ងៃទី​19​មេសា​។ ប្រទេស​ឡាវ​ក៏បាន​បិទ​ច្រក​ព្រំដែន​ជាមួយ​វៀត​ណាម​ ចាប់​ពី​ថ្ងៃទី​19​មីនា​ ដល់​ថ្ងៃទី​20​មេសា​ផងដែរ។

គិត​មក​ដល់​បច្ចុប្បន្ន វៀតណាម​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 ចំនួន​204​ករណី​ ខណៈ​ដែល​កម្ពុជា​មាន​ចំនួន​109​ករណី និង​ឡាវ​មាន​ចំនួន​9​ករណី​។

COVID-19! វៀតណាបិទច្រក​​ព្រំដែន​ជាមួយ​កម្ពុជា​ និង​ឡាវ​ ខណៈ​តំបន់​ឥណ្ឌូចិន​មាន​អ្នក​ឆ្លង​មេរោគកូរ៉ូណា​​ជាង​300​​ករណី​
ច្រកព្រំដែន​ Moc Bai របស់​វៀត​ណាម ដែល​នៅ​ជាប់​ច្រក​ព្រំដែន​​អន្តរជាតិ​របស់​កម្ពុជា​នៅ​បាវិត

COVID-19 ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​​ និង​ដែន​ដី​ចំនួន​200​នៅ​ទូទាំង​ពិភពលោក បណ្ដាល​ឱ្យ​មនុស្ស​ 786,608​នាក់​បាន​ឆ្លង​មេរោគ​ ក្នុង​នោះ​មាន​អ្នក​ជំងឺ​37,832​បាន​ស្លាប់ 166,088​នាក់​បាន​ជាសះស្បើយ និង​
អ្នកជំងឺ​ប្រមាណជា​29,513​នាក់​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​ នៅ​ទូទាំង​ពិភពលោក៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement