ធ្លុះ 1លាននាក់ហើយ!! ចំនួនអ្នកឆ្លងមេរោគកូវីដ-19ទូទាំងពិភពលោក អាមេរិកធ្ងន់ធ្ងរបំផុត លើស 2.3សែននាក់

ធ្លុះ 1លាននាក់ហើយ!! ចំនួនអ្នកឆ្លងមេរោគកូវីដ-19ទូទាំងពិភពលោក អាមេរិកធ្ងន់ធ្ងរបំផុត លើស 2.3សែននាក់

សារព័ត៌មានរ៉យទ័របានរាយការណ៍ដោយយោងតាមព័ត៌មានពីមហាវិទ្យាល័យ ចន ហប់គីនស៍ថា ចំនួនអ្នកឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 បានកើនឡើងលើស 1លាននាក់ហើយកាលពីថ្ងៃព្រហស្បតិ៍​(ទី2មេសា)​ម្សិលមិញ ដោយរោគរាតត្បាតដ៏ចង្រៃនេះ នៅតែចម្លងមេរោគយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសអាមេរិក ខណៈដែលចំនួនអ្នកស្លាប់នៅតែកើនឡើងជារឿយៗ ទាំងនៅក្នុងប្រទេសអ៊ីតាលី និងអេស្ប៉ាញ។

វេបសាយតាមដានស្ថានការណ៍ការឆ្លងរាលដាលនៃមេរោគកូវីដ-19 បែបអនឡាញ របស់មហាវិទ្យាល័យ ចន ហប់​គីនស៍ ថែមទាំងបានរកឃើញថា វីរុសកូវីដ-19បានប្រហារជីវិតមនុស្សទូទាំងពិភពលោកលើស 51.000នាក់ហើយ​ទៀតផង ដោយប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេបំផុតគឺ អ៊ីតាលី តាមក្រោយដោយអេស្ប៉ាញ និងសហរដ្ឋអាមេរិក។

Advertisement

តួលេខរបស់មហាវិទ្យាល័យ ចន ហប់គីនស៍ បានបង្ហាញឱ្យដឹងពីព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ក្រោយពីបានរកឃើញថា ពិភពលោកបានប្រើពេលវេលាប្រមាណជា 55ថ្ងៃក្នុងការមានអ្នកឆ្លងមេរោគកូវីដ-19 នេះគ្រប់ 100,000​នាក់ដំបូង តែបន្ទាប់ពីនោះមកក៏ឡើងធ្លុះដល់ខ្ទង់ 500,000នាក់នៅថ្ងៃទី76(21ថ្ងៃក្រោយ) មុននឹងវីរុសនេះប្រើពេលវេលាថែមទៀតត្រឹមតែ 8ថ្ងៃប៉ុណ្ណោះ រាប់តាំងពីពេលនោះ ក្នុងការចម្លងមេរោគទៅមនុស្សលោកទ្វេ 1ជា2 រហូតដល់លើស 1លាននាក់។

ចំនួនអ្នកឆ្លងមេរោគជារួមនៅថ្ងៃព្រហស្បតិ៍(ទី2មេសា) កើនឡើងពីមួយថ្ងៃមុននោះ 10% ដែលតួលេខនេះអាចនិយាយបានថា គឺជាលើកដំបូងហើយដែលមានការចម្លងមេរោគរបស់កូវីដ-19 បានកើនឡើងក្នុងកម្រិតតួលេខ 2ខ្ទង់ រាប់ចាប់តាំងពីវីរុសកូរ៉ូណាប្រភេទថ្មីនេះចាប់ផ្ដើមឆ្លងរាលដាលចេញមកក្រៅប្រទេសចិន។

ពេលនេះ មានប្រទេស និងតំបន់ផ្សេងៗ 117កន្លែង បានរាយការណ៍ពីការរកឃើញអ្នកឆ្លងមេរោគលើស 100​ករណី និង 50កន្លែង មានអ្នកឆ្លងមេរោគលើស 1,000ករណី និងមាន 7ប្រទេស ដែលបានរាយការណ៍អំពីការ​រកឃើញអ្នកឆ្លងមេរោគលើស 50,000នាក់ ភាគច្រើននៅក្នុងទ្វីបអឺរ៉ុប។

បច្ចុប្បន្នអ្នកស្លាប់ទូទាំងពិភពលោក ស្ថិតក្នុងកម្រិតលើសពី 5% របស់គ្រប់ករណីអ្នកឆ្លងមេរោគដែលមានការរាយការណ៍ជាផ្លូវការ ដោយសហរាជអាណាចក្រ, សហរដ្ឋអាមេរិក, និងប្រទេសអេស្ប៉ាញ សុទ្ធតែបានរាយការណ៍ពីចំនួនអ្នកស្លាប់កើនឡើងយ៉ាងច្រើនក្នុងអំឡុងពេលមិនប៉ុន្មានថ្ងៃកន្លងមកនេះ។

ក្នុងករណីអ្នកឆ្លងមេរោគទាំងអស់របស់ពិភពលោក មានប្រមាណ 22% ស្ថិតក្នុងសហរដ្ឋអាមេរិក(ប្រមាណ 238,000​នាក់) ចំណែកអ៊ីតាលី និងអេស្ប៉ាញ គិតត្រួសៗប្រមាណជា 10%ក្នុង1ប្រទេស ខណៈដែលចិន ប្រទេសដែលមេរោគវីរុសកើតឡើងមុនគេនោះ មានអ្នកឆ្លងមេរោគគិតជាភាគរយ ប្រមាណ 8% នៃចំនួនអ្នកឆ្លងមេរោគទាំងអស់របស់ពិភពលោក ដែលនេះជាភ័ស្តុតាងជាក់ស្ដែងថា មណ្ឌលកណ្ដាលនៃការឆ្លងសាយភាយ បានចូលមកដល់អឺរ៉ុប និងអាមេរិកហើយ។

ទាំងអស់នេះ បើរាប់គ្រប់ប្រទេសនៅក្នុងអឺរ៉ុបរួមគ្នា ពួកគេមានចំនួនអ្នកឆ្លងមេរោគ គិតទៅជាងពាក់កណ្ដាលនៃអ្នកឆ្លងមេរោគទូទាំងពិភពលោក និងមានអ្នកស្លាប់រួមគ្នាច្រើនជាង 70% នៃចំនួនអ្នកស្លាប់ទូទាំងពិភព​លោក ដោយប្រទេសជាច្រើននៅភាគខាងត្បូងនៃទ្វីបអឺរ៉ុប ដែលជាសង្គមប្រជាជនវ័យចំណាស់ បានក្លាយជាប្រទេស​ដែលរងផលប៉ះពាល់ពីការឆ្លងរាតត្បាតនេះធ្ងន់ធ្ងរបំផុត៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement