មេរៀន1ទៀតពីការបិទទីក្រុង! ជីវិតគូអាពាហ៍ពិពាហ៍ចិនដួលរលំ “បែកគ្នា ល្អជាងនៅជុំគ្នា”

មេរៀន1ទៀតពីការបិទទីក្រុង! ជីវិតគូអាពាហ៍ពិពាហ៍ចិនដួលរលំ “បែកគ្នា ល្អជាងនៅជុំគ្នា”

សារព័ត៌មានក្រៅប្រទេស បានរាយការណ៍នៅថ្ងៃម្សិលមិញ(ទី6មេសា)ថា អត្រាការលែងលះគ្នារបស់គូស្វាមី-ភរិយាជនជាតិចិន ដែលកំពុងកើនឡើង មានផលប៉ះពាល់សំខាន់ ក្រោយពីការរស់នៅជាមួយគ្នាជាប់រហូតក្នុងអំឡុងពេលវិបត្តិរោគឆ្លងរាតត្បាត គឺជាការដាស់តឿនដល់បណ្ដាប្រទេសទាំងឡាយក្នុងពិភពលោក ដែលកំពុងប្រើវិធានការបិទទីក្រុង។

របាយការណ៍បានបន្តថា ក្រោយពីបញ្ចប់វិធានការបង្ខាំងឱ្យនៅតែក្នុងផ្ទះដោយរដ្ឋចិនកាលពីខែមីនា រឿងដំបូងគេដែលគូស្វាមី-ភរិយាចិនចំនួនដ៏ច្រើននាំគ្នាធ្វើ គឺទៅដាក់ឯកសារសុំលែងលះគ្នា។

សារព័ត៌មានខាងលើ បានលើកយកបទសម្ភាសរបស់អ្នកស្រី អ៊ូ(ឈ្មោះឧបមា) ជាស្ត្រីមេផ្ទះ វ័យ 30ឆ្នាំ ក្នុងមណ្ឌលក្វាងទុង ភាគខាងត្បូងប្រទេសចិន ដែលបានប្រើពេលវេលាទាំងយប់ទាំងថ្ងៃ ជិត 2ខែ នៅរួមគ្នាជាមួយស្វាមីដែលមិនបានចេញទៅធ្វើការ។ ទង្វើរបស់ស្វាមី ទោះជាការលេងជាមួយកូន ក្នុងពេលដែលកូនៗគួរតែចូលគេងជារឿងតូចតាចក៏ដោយ តែការយល់ឃើញមិនត្រូវគ្នាជាច្រើន បានក្លាយជាភាពគួរឱ្យធុញទ្រាន់ និងគួរឱ្យរំខានហួសនឹងទ្រាំបាន។

“គាត់ជាអ្នកបង្កបញ្ហានៅក្នុងផ្ទះ” អ្នកស្រីនិយាយ “ខ្ញុំលែងត្រូវការទ្រាំតទៅទៀតហើយ យើងឯកភាពថានឹងលែងគ្នា ហើយរឿងបន្តទៅទៀត គឺរកមេធាវី”

ទោះជាចិន បានចេញផ្សាយពីស្ថិតិនៃការលែងលះទូទាំងប្រទេសត្រឹមតែ1ឆ្នាំ 1ដងក្ដី តែរបាយការណ៍របស់សារព័ត៌មានពីតំបន់ផ្សេងៗក្នុងប្រទេសចិនបានបង្ហាញឱ្យដឹងថា មានការបង្ហើបឱ្យដឹងពីចំនួនគូលែងលះដែលកើនឡើងនៅក្នុងខែមីនា រាប់ចាប់ពីសប្ដាហ៍កន្លងមក ហេតុការណ៍នៃអំពើហិង្សាក្នុងគ្រួសារក៏កើនឡើងទ្វេគុណដែរ។

សញ្ញាទាំងនេះ អាចជាការព្រមាន ជាប្រផ្នូលអាក្រក់សម្រាប់គូស្នេហ៍ក្នុងតំបន់ផ្សេងៗទៀតទូទាំងពិភពលោក បើសិនគ្មានការយល់ចិត្តអាណិតអាសូរគ្នាទេ ការរស់នៅជាមួយគ្នាជាប់រហូត គឺជាវិបត្តិដ៏ធំ។

ទីក្រុងស៊ីអាន ក្នុងភាគកណ្ដាលប្រទេសចិន និងទីក្រុងតាចូវ៍ ក្នុងមណ្ឌលសេឆួន សុទ្ធតែមានរបាយការណ៍នៃការប្ដឹងផ្ដល់សុំលែងលះច្រើនជាប្រវត្តិសាស្ត្រដូចគ្នា នៅអំឡុងដើមខែមីនាកន្លងទៅ។

លោក ស្ទីហ្វ លី មេធាវីរឿងក្ដីក្នុងគ្រួសារនៃទីក្រុងសៀងហៃ នៅឯទីស្នាក់ការច្បាប់ Gentle & Trust បានថ្លែងថា មានពាក្យបណ្ដឹងសុំលែងលះកើនឡើង 25% ចាប់តាំងពីការបិទទីក្រុងបានធូរស្រាលកាលពីពាក់កណ្ដាលខែមីនា។

នៅពេលមេរោគវីរុសរាតត្បាតនាចុងខែមករា គូស្នេហ៍ក្នុងទីក្រុងជាច្រើន ត្រូវទ្រាំជាប់នៅក្រោមដំបូលផ្ទះតែមួយជាមួយគ្នា ពេលខ្លះក៏មានបងប្អូនរបស់គូស្នេហ៍ចូលមកបន្ថែមទៀត ដែលសម្រាប់មនុស្សជាច្រើន មានអារម្មណ៍ថា រឿងនេះ វាជ្រុលហួសលើសលប់ក្នុងការទ្រាំបាន។

លោក លី បានបញ្ជាក់ថា៖ “រឹតតែពួកគេប្រើពេលវេលានៅជាមួយគ្នាយូរប៉ុនណា ពួកគេក៏រឹតតែស្អប់គ្នាច្រើនឡើងប៉ុននោះដែរ”

អាជ្ញាធរចិនរំពឹងថា ការរស់នៅជាមួយគ្នារហូតដល់ទីបញ្ចប់ នឹងនាំឆ្ពោះទៅរកការធំធាត់ឡើងយ៉ាងកក់ក្ដៅរបស់ក្មេង និងជួយសងមកវិញនូវការតាំងគភ៌ដែលថយចុះដល់កម្រិតទាបបំផុតរាប់ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ1949 មក។

ទោះជាមានការបន្ធូរបន្ថយគោលនយោបាយ “កូនតែ1” និងការជំរុញដើម្បីឱ្យស្ត្រីរៀបការ និងមានបុត្រ “ក្នុងខណៈដែលអ្នកនៅផ្ទះក្នុងអំឡុងពេលដែលមានការឆ្លងរាតត្បាត គោលការណ៍ “កូនទី2” ត្រូវបានបន្ធូរបន្ថយ ដូច្នេះការនៅផ្ទះ និងការមានកូនទី2 ក៏អាចជួយប្រទេសរបស់អ្នកបានដែរ”

តែនៅក្នុងការពិតវិញ លទ្ធផលរបស់ការព្យាយាមទាំងនេះមិនបានបង្ហាញឱ្យឃើញឡើយ ផ្ទុយទៅវិញ ក្នុងសារព័ត៌មានចិន បែរជាពេញទៅដោយរបាយការណ៍នៃការឈ្លោះទាស់ទែងគ្នារបស់គូស្វាមី-ភរិយា។

អ្នកស្រី ហ្វឹង យួន សហស្ថាបនិក Equality ដែលជាអង្គការអភិវឌ្ឍន៍ឯកជនក្នុងទីក្រុងប៉េកាំង ដែលធ្វើការលើប្រធានបទ អំពើហិង្សាផ្លូវភេទ បានថ្លែងថា មានសំណូមពរចូលមកអង្គការរបស់អ្នកស្រីកើនឡើង ដើម្បីសុំជំនួយ។

Sixth Tone សារព័ត៌មានអនឡាញរបស់ទីក្រុងសៀងហៃ បានរាយការណ៍ថា ប៉ូលិសនៅក្នុងតំបន់មួយតាមបណ្ដោយដងទន្លេយ៉ង់ហ្ស៊ី ក្នុងមណ្ឌលហ៊ូពេយភាគកណ្ដាល ជិតកន្លែងដែលផ្ទុះការឆ្លងរាតត្បាតធំនៅក្នុងវូហាន បានទទួលរបាយការណ៍អំពីហេតុការណ៍អំពើហិង្សាក្នុងគ្រួសារក្នុងខែកុម្ភៈ ចំនួន 162លើក កើនឡើង 47លើក បើធៀបនឹងខែមុនហ្នឹង។

ព័ត៌មាន និងស្ថិតិថ្មីៗបំផុតទាំងអស់នេះ អាចជាការព្រមានសម្រាប់ប្រទេសផ្សេងៗនៅក្នុងពិភពលោកដែលកំពុងប្រើវិធានការបិទទីក្រុង អំពីអ្វីដែលពួកគេត្រូវតែមានខ្លាំងបំផុត នោះគឺ “ការយល់ចិត្ត និងអាណិតអាសូរគ្នាទៅវិញទៅមក” ឱ្យដល់ទីបំផុត៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement