តួលេខ​អ្នក​ឆ្លង​COVID-19 នៅ​អ៊ីតាលីកើន​ឡើង​ជា​ថ្មី​ នាំ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​សម្បុក​មេរោគ​ធំទី​3​ក្នុង​ពិភពលោក

តួលេខ​អ្នក​ឆ្លង​COVID-19 នៅ​អ៊ីតាលីកើន​ឡើង​ជា​ថ្មី​ នាំ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​សម្បុក​មេរោគ​ធំទី​3​ក្នុង​ពិភពលោក

ប្រទេស​អ៊ីតាលី​បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​ថ្មី​ចំនួន​3,836​ករណី​បន្ថែម​ទៀត​ ដែល​​នេះ​បង្ហាញ​ថា តួលេខកើន​ឡើង​វិញ​បើ​ធៀប​នឹង​មុន​នេះ​មួយ​ថ្ងៃ​ ធ្វើ​ឱ្យ​តួលេខ​សរុប​នៃ​ករណី​ឆ្លង​មេរោគ​ កើន​ដល់​​ជាង​​139,422​ករណី​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​17,669​ករណី​។

អង្គ​ភាព​ការ​ពារ​ប្រជា​ជន​អ៊ីតាលី​ កាល​ពី​ថ្ងៃទី​8មេសា​ បាន​រាយ​ការណ៍​ថា ប្រទេស​នេះ​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន​542​ករណី​បន្ថែម​ទៀត​ ហើយ​នេះ​ជា​ថ្ងៃ​ទី​3​ដែល​តួលេខនៃ​អ្នក​ស្លាប់​ថ្មី​មាន​ការ​ថយ​ចុះ​។ នៅ​ទូទាំង​ប្រទេស​ តួលេខ​នៃ​អ្នក​ស្លាប់​សរុប​ បាន​កើន​ដល់​17,669​ករណី​ បណ្ដាល​ឱ្យ​អ៊ីតាលី​ក្លាយ​ជា​ “វាល​ពិឃាត” របស់​ COVID-19 ធំជាង​គេ​បំផុត​ក្នុង​ពិភព​លោក​។

កាល​ពី​ថ្ងៃទី​7មេសា​កន្លង​ទៅ ប្រទេស​នេះ បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​ថ្មី​ 3,039​ករណី ដែល​ជា​តួលេខ​ទាប​បំផុត​ក្នុង​អំឡុង​25​ថ្ងៃ​កន្លង​មក​នេះ​។ ក៏ប៉ុន្តែ តួលេខ​នេះ​បាន​កើន​ឡើង​ជា​ថ្មី​ក្នុង​ថ្ងៃទី​8​មេសា ដោយ​មាន​អ្នក​ជំងឺ​ថ្មី​ចំនួន​3,836​ករណី​ នាំ​ឱ្យ​តួលេខ​នៃ​អ្នក​ជំងឺ​សរុប​ក្នុង​ប្រទេស​នេះ ឡើង​ដល់​139,422​ករណី​ ដែល​នេះ​ក៏ធ្វើ​ឱ្យ​អ៊ីតាលី​ក្លាយ​ជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​​លំដាប់​ទី​3 ក្នុង​ពិភពលោក​ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក និង​អេស្ប៉ាញ។ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប មាន​អ្នក​ជំងឺ​​3,693​នាក់​កំពុង​ប្រឈម​នឹង​ការ​ស្លាប់ និង​ 26,491​នាក់​បាន​ជាសះស្បើយ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement