បាក់ស្ពានវែង​មួយ​នៅ​អ៊ីតាលី បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​រង​របួស​ស្រាល(វីដេអូ)

បាក់ស្ពានវែង​មួយ​នៅ​អ៊ីតាលី

ស្ពាន​មួយ​កន្លង​នៅ​ក្នុង​តំបន់​ Aulla ភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ីតាលី​ បាន​បាក់​រាប​ដល់​ដី កាល​ពី​ម្សិល​ថ្ងៃ​ទី​8មេសា​​កន្លង​ទៅ បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​គត់​ត្រូវ​រង​របួស​ស្រាល​ ដោយ​សារ​តែ​ COVID-19។

អាជ្ញាធរ​បាន​ឱ្យ​ដឹង​ថា មាន​រថយន្ត​ដឹក​ទំនិញ​ធុញ​តូច​2​គ្រឿង​កំពុង​ឆ្លង​កាត់​ស្ពាន​នេះ​ ខណៈ​វា​កំពុង​បាក់​ជា​បំណែក​ៗ​ និង​ធ្លាក់​ចូល​ទៅ​ទឹក​ទន្លេ និង​មាត់​ទន្លេ​ Magra។ ក្នុង​ឧបទ្ទវហេតុ​នេះ មាន​ជន​រង​គ្រោះ​តែ​ម្នាក់​គត់​បាន​រង​របួស​ស្រាល និង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដោយ​ឧទ្ធម្ភាគ​ចក្រ។

ជា​ធម្មតា ស្ពាន​ដែល​បាក់​នេះ​ មាន​អ្នក​ដំណើរ​ឆ្លង​កាត់​ជា​ច្រើន​ និង​គ្រប់​ពេល ប៉ុន្តែ វា​បានបាក់​ចំ​​ពេល​ដែល​ប្រទេស​នេះ កំពុង​ស្ថិត​ក្រោម​បទ​បញ្ជា​​រឹត​ត្បិត​ការ​ធ្វើ​ដំណើរ​​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​COVID-19។

ស្ពាន​នេះ​មាន​ប្រវែង​ប្រមាណ​ជា​400​ម៉ែត្រ និង​កម្ពស់​7-8​ម៉ែត្រ ស្ថិត​ក្នុង​តំបន់ Albiano Magra ​ក្បែរ​​ព្រំ​ប្រទល់​រវាង​ស្រុក​​ Liguria និង និង​ស្រុក Tuscany។ ស្ពាន​នេះ​ត្រូវ​បាន​ក្រុម​វិស្វករ​ពិនិត្យ​​លើក​ចុង​ក្រោយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​2019​ បន្ទាប់​ពី​មាន​ស្នាម​ប្រេះ​ ក្រោយ​ពី​មាន​ភ្លៀង​ធំមួយ​មេ។ ប៉ុន្តែ Anas ដែល​ជា​ភាគី​គ្រប់​គ្រង​ស្ពាន​​នេះ​ ធ្លាប់បាន​ឱ្យ​ដឹង​ថា ស្ពាន​នេះ​មិន​ស្ថិត​ក្នុង​ “ស្ថាន​ភាព​គ្រោះ​ថ្នាក់​”​ នោះ​ទេ​។

អ្នក​ស្រុក​ Caprigliola ដែល​នៅ​ក្បែរ​នោះ បាន​ឱ្យ​ដឹង​ថា ពួកគេ​បាន​ឮ​សូរសំឡេង​ “គ្រាំ” និង​សំឡេង​ដូច​ជា​ “ដុំ​ថ្ម​ធ្លាក់​” នៅ​វេលា​ម៉ោង​ប្រហែល​10និង​30​នាទី​ព្រឹក​(ម៉ោង​13និង​30​នាទី​នៅ​ភ្នំ​ពេញ)។ ឧបទ្ទវហេតុនេះ​ប្រហែលជា​បាន​ធ្វើ​ឱ្យ​បំពង់​បង្ហូរ​ប្រេង​ត្រូវ​រង​ការ​ខូច​ខាត ប៉ុន្តែ​អ្នក​នាំពាក្យ​របស់​ក្រុម​ហ៊ុន​ Italgas ឱ្យ​ដឹង​ថា កង​កម្លាំង​សង្គ្រោះ​បន្ទាន់​បាន​បិទ​មិន​ឱ្យ​ធ្លាយ​ប្រេង​រួច​ហើយ។

អភិបាល​តំបន់ Tuscany លោក Enrico Rossi ថ្លែង​ថា “ហេតុការណ៍​បាក់​ស្ពាន​នៅ​ Albiano Magra​ នេះ អាច​ជា​គ្រោះ​ថ្នាក់​ដ៏ធ្ងន់​ធ្ងរ បើ​សិន​មាន​អ្នក​ដំណើរ​ច្រើន​ដូច​ថ្ងៃ​ធម្មតា​។ នេះ​បញ្ជាក់​ថា ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​តំបន់​នេះ បច្ចុប្បន្ន​ស្ថិត​ក្នុង​ស្ថាន​ភាព​ទ្រុឌ​ទ្រោម​”។

កាល​ពី​ខែ​សីហា​ ឆ្នាំ​2018 ក៏ធ្លាប់​មាន​ករណី​បាក់​ស្ពាន​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ Genova ដែល​ស្ថិត​នៅ​ចម្ងាយ​100​គីឡូម៉ែត្រ​ពី​ Albiano Magra បណ្ដាល​ឱ្យ​មនុស្ស​43​នាក់​បាន​បាត់បង់ជីវិត​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement