រក​ឃើញស្រទាប់​ជាតិ​ស្ករ​ដែល​​ COVID-19 ប្រើ​ដើម្បី “បំបាំង​កាយ​” ពី​​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​មនុស្ស

រក​ឃើញស្រទាប់​ជាតិ​ស្ករ​ដែល​​ COVID-19 ប្រើ​ដើម្បី

ស្រទាប់​​ម៉ូលេគុល​ស្ករ​ glycan ជាប់​នៅ​លើ​ប្រូតេអ៊ីន​រាង​បន្លា​​របស់​​COVID-19 ធ្វើ​ឱ្យ​វីរុស​នេះ​ក្លាយ​ជា “ចចក​ពាក់​ស្បែក​ចៀម” ដែល​អាច​ជ្រែក​ចូល​ក្នុង​រាង​កាយ​មនុស្ស​ដោយ​មិន​ឱ្យ​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ដឹង​បាន​។

ក្រុម​អ្នកវិទ្យា​សាស្ត្រ​នៅ​សាកល​វិទ្យា​ល័យ​ Southampton ប្រទេស​អង់គ្លេស​ បាន​បង្កើត​គំរូ​​ 3D​នៅ​លើ​កុំព្យូទ័រ​ ហើយ​ពួក​គេ​ក៏បាន​រកឃើញ​​វិធី​ដែល​ COVID-19 “បន្លំ​ខ្លួន​” ដើម្បី​បំបាំង​កាយ​ពី​​​ប្រព័ន្ធ​​ការ​ពារ​រាង​កាយ​មនុស្ស​។ សាស្ត្រា​ចារ្យ​ Max Crispin ប្រធាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ឱ្យ​ដឹង​ថា មាន​បន្លាជាច្រើន​លូត​ចេញ​មក​ក្រៅ​ដើម្បី​តោង​ និង​វាយ​ប្រហារ​ទៅ​លើ​កោសិកា​។​ នេះ​គឺជា​ការ​រកឃើញ​ដំបូង​ដែល​បញ្ជាក់​​ថា បន្លា​របស់​វីរុស​COVID-19 ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​ម៉ូលេគុល​ស្ករ​1​ស្រទាប់​ដែល​មាន​ឈ្មោះ​ថា glycan ដែល​ជួយ​បិទ​បាំង​ប្រូតេអ៊ី​របស់​វីរុស​COVID នៅ​ពេល​ពួក​វា​រុល​ចូល​ក្នុង​រាង​កាយ​។ សាស្ត្រា​ចារ្យ​ Crispin រួម​នឹង​សហការី​របស់​គាត់ បាន​ប្រកាស​លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​នេះ​ នៅ​លើ​ទស្សនាវដ្ដី bioRxivv កាល​ពី​ថ្ងៃទី​28​មីនា​ និង​កំពុង​រង់​ចាំ​ការ​ពិនិត្យ​ទទួល​ស្គាល់​ពី​គណៈ​កម្ម​ការ​ជំនាញ​។

“ដោយ​វិធី​ប្រើ​ប្រាស់​​ស្រទាប់​ម៉ូលេគុល​ស្ករ​មក​គ្រប​ដណ្ដប់ វីរុស​ប្រភេទ​នេះ ត្រូវ​បាន​ប្រៀប​ប្រដូច​ទៅ​នឹង​ចចក​ពាក់​ស្បែក​ចៀម​យ៉ាង​ដូច្នោះ​ដែរ​។ ប៉ុន្តែ​ ការ​រក​ឃើញ​ដ៏សំខាន់​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​យើង​ នោះ​គឺ​សមត្ថ​ភាព​នៃ​ការ​លាក់​ខ្លួន​របស់​វីរុស​COVID-19 មិន​មាន​កម្រិត​ខ្ពស់​ដូច​បណ្ដា​វីរុស​ប្រភេទ​ផ្សេង​” នេះ​បើ​តាម​សាស្ត្រាចារ្យ​ Crispin។

គំរូ​ 3D បង្ហាញ​អំពី​ប្រូតេអ៊ីន​រាង​បន្លា​របស់​វីរុស​COVID-19។​ រូប​ភាព​របស់​សាកល​វិទ្យា​ល័យ​ Southampton។
គំរូ​ 3D បង្ហាញ​អំពី​ប្រូតេអ៊ីន​រាង​បន្លា​របស់​វីរុស​COVID-19។​ រូប​ភាព​របស់​សាកល​វិទ្យា​ល័យ​ Southampton។

សាស្ត្រា​ចារ្យ​ Crispin បាន​បក​ស្រាយ​ថា វីរុស​HIV នៅ​ពេល​បាន​ចូល​ដល់​ក្នុង​រាង​កាយ​ វា​នឹង​​នៅ​គ្រប់​កន្លែង​​ក្នុង​​រាង​កាយ​របស់​អ្នកជំងឺ​ ហើយ​វា​តែង​លាក់​ខ្លួន​ពី​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ និង​មាន​ស្រទាប់ជាតិ​​ស្ករ​ glycan យ៉ាង​ក្រាស់​ដែល​មាន​តួនាទី​ដូច​ទៅ​នឹង​ខែល​​ការពារ​ការ​វាយ​ប្រហារ​ពី​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​របស់​មនុស្ស​។ ប៉ុន្តែ ក្នុង​ករណី​ COVID-19វិញ វីរុស​នេះ​មាន​លទ្ធភាព​លាក់​ខ្លួន​​ខ្សោយ​ជាង​វីរុស​HIV។ ស្រទាប់​ម៉ូលេគុល​ស្ករ​​ដែល​គ្រប​ដណ្ដប់​លើ​​ COVID-19 បង្ហាញ​ថា នេះ​គឺជា​ប្រភេទ​វីរុស​ដែល​មាន​ជំនាញ​ក្នុង​ការ “វាយ​ប្រហារ រួច​ហើយគេច​ខ្លួន​”​។ ក៏ប៉ុន្តែ ស្រទាប់​ម៉ូលេគុល​ជាតិ​ស្ករ​ glycan ដែល​មាន​កម្រិត​ស្ដើងបែប​នេះ​​ គឺមាន​ន័យ​ថា ប្រព័ន្ធ​ការ​ពារ​រាង​កាយ​មនុស្ស​ក៏​ត្រូវ​ប្រឈម​នឹង​ឧ​បសគ្គ​តិចតួច​​ក្នុង​ការ​កម្ចាត់​វីរុស​​ដោយប្រើ​​អង្គ​បដិបក្ខ​។ នេះ​គឺជា​សញ្ញា​គួរ​ឱ្យ​ត្រេក​អរ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​ន៍​វ៉ាក់សាំង​។

សាស្ត្រា​ចារ្យ​ Crispin និង​សហការី​ បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ដោយ​ប្រើ​ឧបករណ៍​ពិសេស​​ដែល​មាន​ការ​រួម​ចំណែក​ពី​មូលនិធិ​ Bill and Melinda Gates តាម​រយៈ​គម្រោង​ជំនួយ​អន្តរជាតិ​ Collaboration for AIDS Vaccine Discovery៕

ប្រភព៖ Independent

Advertisement