COVID-19! នាវិក​ជាង​400​នាក់​របស់​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង​អាមេរិកាំង​ បាន​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី

USS Theodore Roosevelt

ក្រុម​នាវិក​របស់​នាវា​ផ្ទុក​យន្ត​ហោះ​ចម្បាំង USS Theodore Roosevelt ចំនួន​416​នាក់​ វិជ្ជ​មាន​ជាមួយ​វីរុស​COVID-19 គឺ​ប្រមាណ​ជា​​ជាង​ពាក់​កណ្ដាល​នៃ​ករណី​ឆ្លង​វីរុស​សរុប​នៅ​ក្នុង​ជួរ​កង​ទ័ពជើង​ទឹក​សហ​រដ្ឋ​អាមេរិក​។

កង​ទ័ព​ជើង​ទឹក​អាមេរិកាំង​ កាលពី​ថ្ងៃទី​8មេសា​ បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​ជួរ​កង​ទ័ព​ជើងទឹក​​ទាំង​មូល​ មាន​អ្នក​ឆ្លង​វីរុស​COVID-19 យ៉ាង​តិច​714ករណី​។ ក្នុង​នោះ​ក្រុម​នាវិក​នៃ​នាវា​ផ្ទុក​យន្ត​ហោះ USS Theodore Roosevelt មាន​ចំនួន​ជាង​ពាក់​កណ្ដាល​ ពោល​គឺ​មាន416​ករណី។

USS Theodore Roosevelt បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​COVID-19 ដំបូង​ចំនួន​3ករណី​កាល​ពី​ថ្ងៃទី​25​មីនា​ នាំ​ឱ្យនាវា​នេះ​ត្រូវ​ផ្អាក​ដំណើរ​ការ​ និង​ចូល​ចត​ក្នុង​កំពង់​ផែ​ Guam ដើម្បី​ធ្វើ​តេស្ត​រក​មេរោគ​ទៅ​លើ​បុគ្គលិក​ជិត​5,000​នាក់​។

អ្នក​នាំពាក្យ​មន្ទីរ​បញ្ច​កោណ​ Jonathan Hoffman កាល​ពី​សប្ដាហ៍​មុន​បាន​ឱ្យ​ដឹង​ថា បុគ្គលិក​ជាង​2,300​នាក់​ក្នុង​ចំណោម​2,700​នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញពី​នាវា​ ហើយ​ពួក​គេ​ក៏​បាន​ឡើង​លើ​កោះ​ Guam។

នាវា​ផ្ទុក​យន្តហោះ​អាមេរិកាំង​​ចំនួន​4​គ្រឿង រួម​មាន​ នាវា Nimitz នាវា Ronald Reagan នាវា Carl Vinson និងនាវា Theodore Roosevelt រួម​នឹង​នាវា​ចម្បាំង​មួយចំនួន​ទៀត​ សុទ្ធ​តែ​បាន​រាយ​ការណ៍​ថា មានករណីឆ្លង​វីរុស​COVID-19។

មេបញ្ជា​ការ​របស់នាវា​ផ្ទុកយន្ត​ហោះ​ Theodore Roosevelt លោក Brett E. Crozier ធ្លាប់​បាន​សរសេរ​សំបុត្រ​សុំ​ជំនួយ និង​ស្នើ​ឱ្យ​ជម្លៀស​ក្រុម​នាវិក​ចំនួន​4,000​នាក់​ចេញ​ពី​នាវា​នេះ ប៉ុន្តែ​ លោក​ត្រូវ​បាន​គេ​ដក​ហូត​ចេញ​ពី​តំណែង​ ដោយ​ចោទ​ថា​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ័យស្លន់​ស្លោ​ដល់​ក្រុម​គ្រួ​សារ​របស់​ក្រុម​នាវិក​ទាំង​នោះ​។

Covid-19 បាន​បង្ហាញ​ខ្លួន​ដំបូង​នៅ​ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019។ បច្ចុប្បន្ន វីរុស​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ ​91,828​នាក់​ និង​អ្នកជំងឺ​កំពុង​ប្រឈម​នឹង​ការ​ស្លាប់​មាន​ចំនួន48,510​នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​សរុប​1,554,960​នាក់៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement