មនុស្ស​​ជាង​100,000​នាក់​ចូល​រួម​ពិធី​​បុណ្យ​​សព​ ដោយ​មិន​ខ្ចី​ខ្វល់​ដល់​បម្រាម​គោចរ​ដើម្បី​ទប់​ស្កាត់​ COVID-19 នៅ​បង់ក្លាដែស

មនុស្ស​100,000​នាក់​ចូល​រួម​ពិធី​បុណ្យ​សព​ ដោយ​មិន​ខ្ចី​ខ្វល់​ដល់​បម្រាម​គោចរ​ដើម្បី​ទប់​ស្កាត់​ COVID-19 នៅ​បង់ក្លាដែស

មនុស្ស​ប្រមាណ​ជា​ជាង​100,000​នាក់ បាន​នាំ​គ្នា​ចូល​រួម​ពិធី​បុណ្យ​សព​​អ្នក​ប្រាជ្ញ​ម្នាក់​នៃ​សាសនា​​ឥស្លាម​ នៅ​ឯ​ខណ្ឌ​ Brahmanbaria ដោយ​មិន​ខ្ចី​អើ​ពើ​ដល់​បម្រាម​គោចរ​ក្នុងការ​ទប់​ស្កាត​ការ​ឆ្លង​រាល​ដាល​វីរុស​COVID-19។

ក្រុម​មនុស្ស​ទាំង​នេះ​ បាន​ចូល​រួម​ពិធី​បុណ្យ​សព​របស់​លោក Maulana Zubayer Ahmad Ansari ដែលជា​​អ្នក​អធិប្បាយ​(ទេសនា) ដ៏ល្បី​ល្បាញ​ក្នុង​សាសនា​ឥស្លាម កាល​ពី​ថ្ងៃទី​18មេសា ដោយ​មិន​ខ្វល់​អំពី​ការ​ហាម​ឃាត់ការ​ជួប​ជុំគ្នា​លើស​ពី​5​នាក់​របស់​រដ្ឋា​ភិបាល​បង់ក្លាដែស​ នាំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ជាខ្លាំង​​អំពីហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​COVID-19 ជា​សម្បុក​នៅ​ក្នុង​ប្រទេស​នេះ​។

ចំនួន​មនុស្ស​​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សព​នេះ​ ត្រូវ​បាន​លោក​អាចារ្យ​ Ali Farhad ដែល​ជា​ជំនួយ​ការ​ពិសេស​របស់​នាយក​រដ្ឋ​មន្ត្រី​បង់ក្លា​ដែស​ និង​អ្នក​នាំ​ពាក្យ​របស់​​អង្គ​ភាព​នគរ​បាល​ Brahmanbaria បញ្ជាក់​ដូច​ខាង​លើ។

ហ្វូង​មនុស្ស​ខាង​លើ​ បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​​ជើង​ពី​តំបន់​ជុំវិញ​ និង​កាត់​តាម​បណ្ដា​ផ្លូវ​ទៅកាន់​តំបន់ Brahmanbaria ដើម្បី​ចូល​រួម​ពិធី​បុណ្យ​សព​ ប៉ុន្តែ ពួកគេ​ពុំ​បាន​ពាក់​ម៉ាស់​ ឬ​ស្រោម​ដៃ​ដើម្បី​ការ​ពារ​សុ​ខភាព​នោះ​ឡើយ​។

មន្ត្រី​នគរ​បាល​​ម្នាក់​ឈ្មោះ Alamgir Hossain ឱ្យ​ដឹង​ថា “យើង​បាន​ស្នើ​ឱ្យ​ពួកគេ​ពាក់​ម៉ាស់​ដើម្បី​ការ​ពារ​សុខ​ភាព​​ តាម​រយៈ​ឧបករណ៍​បំពង​សំឡេង​ជា​បន្ត​បន្ទាប់​រហូត​ដល់​ពិធីបុណ្យ​បាន​បញ្ចប់​ ប៉ុន្តែ ពួកគេ​មិន​ស្ដាប់​នោះ​ទេ។

ដោយ​សារ​តែ​មិន​អាច​គ្រប់​គ្រង​ក្រុម​មនុស្ស​នេះ​បាន ក្រុម​សមត្ថ​កិច្ច​ក៏បាន​ដកថយ​ពី​ពិធីបុណ្យ ហើយ​បាន​បង្កើត​គណៈ​កម្ម​ការ​មួយ​ដើម្បី​ស៊ើប​អង្កេត​រក​មូល​ហេតុ​ថា​ តើ​ហេតុ​អ្វី​ពិធី​បុណ្យ​ដ៏ធំនេះ​ នៅ​តែ​អាច​កើត​ឡើង​បាន​នៅ​ក្នុង​អំឡុង​ពេល​ដែល​បម្រាម​គោចរ​នៅ​មាន​សុពលភាព​។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​នគរ​បាល​បង់ក្លា​ដែស​ Sohel Rana។

សូម​បញ្ជាក់​ថា បង់ក្លាដែស​បាន​ចេញ​បម្រាម​គោចរ​ទូទាំង​ប្រទេស​ចាប់​ពី​ថ្ងៃទី​26​មីនា រហូត​ដល់​ថ្ងៃទី​25​មេសា​ ដើម្បី​ទប់​ស្កាត់​ COVID-19។ បច្ចុប្បន្ន​ ប្រទេស​នេះ មាន​អ្នកជំងឺ​2,456​នាក់​ ក្នុង​នោះ​មាន​91​នាក់​បាន​ស្លាប់ ប៉ុន្តែ ក្រុម​មន្ត្រី​បាន​ឱ្យ​ដឹង​ថា តួលេខ​ជាក់ស្ដែង​អាច​ខ្ពស់​ជាង​នេះ​​ ដោយ​សារ​តែ​មិន​មាន​ឧបករណ៍​ធ្វើ​តេស្តគ្រប់​គ្រាន់​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement