ពិសមេរោគកូវីដ-19 ធ្វើឱ្យជនជាតិអាមេរិក 1នាក់ ក្នុងចំណោម 6នាក់ បាត់បង់ការងារធ្វើ

ពិសមេរោគកូវីដ-19 ធ្វើឱ្យជនជាតិអាមេរិក 1នាក់ ក្នុងចំណោម 6នាក់ បាត់បង់ការងារធ្វើ

តួលេខគ្មានការងារធ្វើនៅក្នុងសហរដ្ឋអាមេរិក បានកើនឡើងជាបន្តបន្ទាប់ ច្រើនជាងក្នុងអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចដ៏ធំកាលពីទសវត្សរ៍1930 ទៅទៀត ដោយខណៈពេលនេះ មានជនជាតិអាមេរិក 1នាក់ ក្នុងចំណោម 6នាក់ ត្រូវបានបញ្ឈប់ពីការងារ ដោយសារតែវិបត្តិមេរោគវីរុសកូវីដ-19។

តួលេខចុងក្រោយបំផុតដែលបានបង្ហាញឡើង បានឱ្យដឹងថា ជនជាតិអាមេរិកដែលបានដាក់ពាក្យសុំជំនួយ ដោយសារតែគ្មានការងារធ្វើ កាលពីសប្ដាហ៍កន្លងទៅ បានកើនឡើងច្រើនជាង 4.4លាននាក់ ធ្វើឱ្យតួលេខសរុបរបស់អ្នកគ្មានការងារធ្វើនៅក្នុងសហរដ្ឋអាមេរិកក្នុងខណៈពេលនេះ មានខ្ពស់ដល់ជាង 26លាននាក់ហើយ ដែលអាចប្រៀបធៀបបានជាមួយនឹងតួលេខរបស់ពលរដ្ឋក្នុងទីក្រុងដែលធំបំផុត 10កន្លែងរបស់សហរដ្ឋអាមេរិករួមគ្នា។
ការប្រកាសពីស្ថានភាពអ្នកគ្មានការងារធ្វើសរុបជាង 26លាននាក់នេះ ជាតួលេខដែលកើនឡើងជាបន្តបន្ទាប់ និងបានទទួលការប្រកាសទាំងអស់នេះត្រឹមតែរយៈពេល 5សប្ដាហ៍កន្លងមក ពេលដែលមានការចេញវិធានការគ្រប់គ្រងតឹងរ៉ឹង ដើម្បីការពារការឆ្លងរាលដាលរបស់មេរោគកូវីដ-19។

ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរខាងសេដ្ឋកិច្ច បានធ្វើឱ្យមានមនុស្សម្នានៅក្នុងរដ្ឋជាច្រើនចេញមកតវ៉ាទាមទារ ឱ្យបន្ធូរបន្ថយវិធានការបិទទីក្រុង និងមានការចាប់ផ្ដើមដំណើរការរៀបចំផែនការបន្ធូរបន្ថយការគ្រប់គ្រងតឹងរ៉ឹងផ្សេងៗខ្លះហើយ បើទោះជាសហរដ្ឋអាមេរិកនៅតែជាប្រទេសមួយដែលមានចំនួនអ្នកស្លាប់ និងឆ្លងមេរោគកូវីដ-19 ច្រើនជាងគេនៅលើពិភពលោកក៏ដោយ។

CBS news របស់សហរដ្ឋអាមេរិក បានធ្វើគំរូបែបសម្រង់គំនិតយោបល់ ពាក់ព័ន្ធនឹងការបន្ធូរបន្ថយវិធានការគ្រប់គ្រងតឹងរ៉ឹងនេះ ហើយលទ្ធផលបានបង្ហាញថា 63% នៃអ្នកឆ្លើយតប មានអារម្មណ៍វិតក្កកង្វល់ពាក់ព័ន្ធនឹងការលុបចោលវិធានការគ្រប់គ្រងតឹងរ៉ឹងលឿនជ្រុលពេក ដែលអាចនឹងរឹតតែធ្វើឱ្យការឆ្លងរាលដាលកាន់តែធ្ងន់ធ្ងរឡើង ខ្លាំងជាងការភ័យខ្លាចពីផលប៉ះពាល់ខាងសេដ្ឋកិច្ចទៅទៀតក្នុងករណីបិទទីក្រុងយូរ។ ចំណែកអ្នកឆ្លើយតប 13% ទៀតបានបញ្ជាក់ថា ចង់ចេញទៅនៅក្នុងទីសាធារណៈម្ដងទៀតភ្លាមៗតែម្ដង នៅពេលមានការលុបចោលបញ្ជាហាមចេញក្រៅផ្ទះ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement