សារ​ព័ត៌មាន​នានា​សង្ស័យ​ថា Kim Jong-un បាន​បាត់បង់​ស្មារតី​ ខណៈ​ចិន​បាន​បញ្ជូន​ក្រុម​វេជ្ជ​បណ្ឌិត​ទៅកូរ៉េខាង​ជើង

សារ​ព័ត៌មាន​នានា​សង្ស័យ​ថា Kim Jong-un បាន​បាត់បង់​ស្មារតី​

ទីភ្នាក់​ងារ​សារ​ព័ត៌មាន​​ល្បីៗ​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​ស្ដីអំពី​សុខ​ភាព​របស់​មេដឹកនាំ​កូរ៉េខាង​ជើង​ ខណៈ​ដែល​មាន​ដំណឹង​ចចាម​អារ៉ាម​ថា លោក Kim Jong-un កំពុង​ប្រឈម​នឹង​ការ​បាត់​បង់​ជីវិត។

ទីភ្នាក់​ងារ​សារ​ព័ត៌មាន​ Shunkan Gendai របស់​ជប៉ុន ធ្លាប់​បាន​ដក​ស្រង់​ព័ត៌មាន​ពី​ប្រភព​ជិត​ស្និទ្ធ​នឹង​ប្រទេស​ចិន​ ដែល​ធ្វើ​ការ​ក្នុង​វិស័យ​សុខាភិបាល​ ឱ្យ​ដឹង​អំពី​ស្ថាន​ភាព​សុខ​ភាព​របស់​លោក Kim Jong-un ផងដែរ​។ ប្រភព​ព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុងពេល​កំពុង​ធ្វើ​ទស្សនកិច្ច​ទឹក​ដី លោក Kim Jong-un ស្រាប់​តែ​យក​ដៃ​មក​ឱប​ទ្រូង​ រួច​ក៏ដួល​ទៅ​លើដី​។ ក្រុម​គ្រូពេទ្យ​ និង​មន្ត្រី​នៅ​ក្បែរ​នោះ​ ក៏បាន​បញ្ជូន​លោក​ទៅកាន់មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់​។ ទន្ទឹមនឹង​នេះ​ កូរ៉េខាងជើង​ក៏​បាន​ស្នើ​សុំ​ជំនួយ​ពី​ចិន​ផងដែរ​ ទាក់​ទិន​នឹង​សុខ​ភាព​របស់​មេដឹក​នាំ​ប្រទេស​នេះ​។

សារ​ព័ត៌មានកូរ៉េខាង​ត្បូង Daily NK ដែល​មាន​ជំនាញ​ខាង​ផ្ដល់​ព័ត៌មាន​អំពី​កូរ៉េខាង​ជើង ក៏​​ធ្លាប់​បាន​ផ្សាយ​ថា លោក Kim Jong-un បាន​ឆ្លង​កាត់ការ​វះកាត់​មួយ​កាល​ពី​ថ្ងៃទី​12​មេសា។ ចំណែក​ CNN ក៏បាន​រាយ​ការណ៍​ថា ទីក្រុង​វ៉ាស៊ីងតោន​ កំពុង​ស្រាវ​ជ្រាវ​ព័ត៌មាន​ដើម្បី​បញ្ជាក់​អំពី​ដំណឹង​ដែល​ថា​ មេដឹក​នាំ​កូរ៉េខាង​ជើង​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាពគ្រោះ​ថ្នាក់​ដល់​ជីវិត​ បន្ទាប់​ពី​បាន​ទទួល​ការ​វះកាត់​​។

ប្រភព​ព័ត៌មាន​មួយចំនួន​ក៏បាន​ចេញ​ផ្សាយ​ថា ប្រទេស​ចិន​ប្រហែល​ជា​កំពុង​ “ព្រួយបារម្ភ​ខ្លាំង​” នៅ​មាន​លេច​ឮ​ព័ត៌មាន​ចចាមអារ៉ាម​ជា​ច្រើន​ស្ដីអំពី​សុខ​ភាព​ ក៏ដូច​ជា​ការ​ប្រឈម​នឹង​ការ​បាត់​បង់​ជីវិត​របស់​លោក Kim Jong-un ដែល​អាច​នាំ​ឱ្យ​មានបញ្ហា​អស្ថិរ​ភាព​ក្នុង​តំបន់​ឧបទ្វីប​កូរ៉េ។

ប្រទេស​ចិន​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​បញ្ជូន​គណៈ​ប្រតិ​ភូ​​ដែល​មាន​ក្រុម​វេជ្ជ​បណ្ឌិត​ទៅ​កាន់​កូរ៉េ​ខាងជើង​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​សុខ​ភាព​របស់​លោក Kim Jong-un កាល​ពីថ្ងៃទី​23​មេសា​ បន្ទាប់​ពី​មាន​ដំណឹង​ចចាម​អារ៉ាម​ជា​ច្រើន​ទាក់​ទិន​នឹង​បញ្ហា​សុខ​ភាព​របស់​មេដឹក​នាំ​​កូរ៉េខាង​ជើង​ ដែល​ត្រូវ​គេ​ជឿថា កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត​ព្រោះ​តែ​ជំងឺ​៕

ប្រភព៖ សារ​ព័ត៌មានបរទេស

Advertisement