ករណី​លោក​ Kim Jong-un ទទួល​មរណា​ភាព​ តើ​អ្នក​ណា​​នឹង​ឡើងស្នង​តំណែង​​នៅ​​កូរ៉េខាង​ជើង?

លោក​ Kim Jong-un ទទួល​មរណា​ភាព​ តើ​អ្នក​ណា​​នឹង​ឡើងស្នង​តំណែង​​នៅ​​កូរ៉េខាង​ជើង?
បើសិន​ជា​ លោក​ Kim Jong-un ទទួល​មរណា​ភាព​ តើ​អ្នក​ណា​​នឹង​ឡើងស្នង​តំណែង​​នៅ​​កូរ៉េខាង​ជើង?

សារ​ព័ត៌មាន​ជប៉ុន​បាន​ឱ្យ​ដឹង​ថា​ តាំង​ពី​ចុង​ឆ្នាំ​2019 កូរ៉េខាង​ជើង​បាន​សម្រេច​ហើយ​ថា​ ក្នុងករណី​ចាំបាច់​នៅ​ប្រទេស​នេះ ប្អូន​ស្រី​របស់​លោក​ Kim Jong-un គឺ​លោក​ស្រី Kim Yo-jong នឹង​ឡើង​កាន់​កាប់​តំណែង​ជាន់​ខ្ពស់​បំផុត​របស់​ប្រទេស​នេះ​។ ក៏ប៉ុន្តែ លោក Thae Yong-ho អតីត​អ្នក​ការ​ទូត​កូរ៉េខាង​ជើង​បាន​ថ្លែង​ថា ជាក់​ស្ដែង​ ក្នុង​ក្រសែ​ភ្នែក​របស់ក្រុម​ព្រឹទ្ធាចារ្យ​ លោក​ស្រី​ Kim Yo-jong នៅ​តែ​ជា​ក្មេង​ស្រី​មួយ​តែ​ប៉ុណ្ណោះ និង​ពិបាក​ក្នុង​ការ​គ្រប់​គ្រង​ស្ថាន​ការណ៍​ក្នុង​ប្រទេស​ជាតិ​។ ដូច្នេះ​ បេក្ខ​ភាព​ដែល​ស័ក្ដិសម​​បំផុត​សម្រាប់​ស្នង​តំណែង​កំពូល​នេះ​ អាច​ជា​ Kim Pyong-il ដែល​ត្រូវ​ជា​ឪពុក​មា​របស់​លោក​ Kim Jong-un។

CNN បាន​ចេញ​ផ្សាយ​ថា មេដឹក​នាំ​កូរ៉េខាង​ជើង​ លោក​ Kim Jong-un បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ក្រោយ​ពី​បាន​ឆ្លង​កាត់​ការ​វះកាត់​ព្យាបាល​បេះ​ដូង។ ថ្វី​បើ​ដំណឹង​នេះ​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​ ប៉ុន្តែ​វា​បាន​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​សម្រាប់​បណ្ដា​ប្រទេស​ដែល​ស្និទ្ធ​នឹង​កូរ៉េខាង​ជើង​​។ មុន​នេះ សារ​ព័ត៌មាន​ជប៉ុន​ Shukan Gendai (週刊現代, Modern Weekly) បាន​បង្ហើប​ឱ្យ​ដឹង​ថា លោក Kim Jong-un មិន​ទាន់​បាត់​បង់ជីវិត​នោះ​ទេ​ ប៉ុន្តែ ដោយ​សារ​តែ​កំហុស​បច្ចេក​ទេស​ក្នុង​ការ​វះកាត់​ព្យាបាល​បេះ​ដូង មេដឹកនាំ​កូរ៉េខាង​ជើង​រូប​នេះ​បានក្លាយ​ជា​មនុស្ស​គ្មាន​វិញ្ញាណ ហើយ​ម្យ៉ាង​ទៀត ក្រុម​មន្ត្រី​កូរ៉េខាង​ជើង​ ក៏មិន​បាន​ចេញ​មក​បដិសេធ​ព័ត៌មាន​ទាំង​នេះ​នោះ​ដែរ​។ ការ​ស្ងាត់​ស្ងៀម​របស់​កូរ៉េខាង​ជើង​បែប​នេះ ធ្វើ​ឱ្យ​ពិភព​ក្រៅ​ប្រទេស​យល់​អំពី​ស្ថាន​ភាព​ដែល​ប្រទេស​នេះ​កំពុង​ជួប​ប្រទះ​។

ក្នុងករណី​មិន​ដឹង​ច្បាស់​អំពី​ស្ថាន​ភាព​សុខ​ភាព​របស់​លោក​ Kim Jong-un អ្នក​ស្នង​តំណែង​របស់​លោក​ បាន​ក្លាយ​ជា​ប្រធាន​បទ​សំខាន់​ដែល​ត្រូវ​បាន​ពិភពលោក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​។ ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ទំព័រ​ Yomiuri Shimbun ​(​ជប៉ុន) ទំព័រ JoongAng IIbo(កូរ៉េខាង​ត្បូង) និង​ KBS World បាន​ដក​ស្រង់​ប្រភព​ព័ត៌មាន​មួយ​ពី​កិច្ច​ពិភាក្សា​បីភាគី​​រវាង​កូរ៉េខាង​ត្បូង​ សហរដ្ឋ​អាមេរិក និង​ជប៉ុន បង្ហើប​ឱ្យ​ដឹង​ថា កូរ៉េខាង​ជើង​បាន​ដាក់​ចេញ​ផែន​ការ​បន្ទាន់​កាល​ពី​ចុង​ឆ្នាំ​មុន​។ នៅក្នុង​កិច្ច​ប្រជុំ​រួម​​របស់​គណៈ​កម្ម​ធិការ​កណ្ដាល​នៃ​បក្ស​ពលករ​​កូរ៉េខាង​ជើង​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទី​ក្នុង​ទីក្រុង​ព្យុង​យ៉ាង​កាល​ពី​ចុង​ឆ្នាំ​មុន បាន​សម្រេច​ថា បើ​សិនលោក​ Kim Jonog-un មិន​អាច​បំពេញ​ភារ​កិច្ច​របស់​ខ្លួន​បាន ដោយ​សារ​តែ​បាន​ទទួល​មរណ​ភាព​ ឬ​ហេតុផល​​ផ្សេង​ នោះ​សិទ្ធិ​អំណាច​ទាំង​អស់​របស់​លោក​​នឹង​ត្រូវ​ប្រគល់​ជូន​លោក​ស្រី Kim Yo-jong ជា​អ្នក​ចាត់​ចែង​។

ប្អូន​ស្រី​របស់​លោក​ Kim Jong-un គឺ​លោក​ស្រី Kim Yo-jong
ប្អូន​ស្រី​របស់​លោក​ Kim Jong-un គឺ​លោក​ស្រី Kim Yo-jong (រូប​ខាងស្ដាំ)

ក៏ប៉ុន្តែ កូរ៉េខាង​ជើង​គឺជា​ប្រទេស​​ដែល​មាន​ទស្សនៈ​រើស​អើង​លើ​ស្ត្រី​ភេទ​យ៉ាង​ជ្រាល​ជ្រៅ​។ ស្ត្រី​ម្នាក់​ដែល​ឡើង​កាន់​អំណាច​នៅ​ប្រទេស​នេះ គឺជា​រឿង​មិន​ងាយ​ស្រួល​នោះ​ឡើយ​ ហើយជាង​នេះ​ ក៏អាច​ធ្វើ​ឱ្យ​ស្ថាន​ភាព​នៅ​កូរ៉េខាង​ជើង​ ធ្លាក់​ទៅ​ក្នុង​​គ្រោះ​ថ្នាក់​ក៏ថា​បាន​។ ដូច្នេះ ការ​​ដែល​ថា​លោក​ស្រី​ Kim Yo-jong នឹង​ឡើង​ស្នង​តំណែង​ពី​លោក Kim Jong-un គឺជា​រឿង​ពិបាក​កើត​ឡើង​។ បេក្ខភាព​ដែល​អាច​នឹង​ស្នង​តំណែង​របស់​មេដឹក​នាំ​កូរ៉េខា​ង​ជើង​បច្ចុប្បន្ន អាច​មាន​ដូចជា​ ទី1គឺ​លោក​ Kim Jong-chul ដែលជា​បង​ប្រុស​ម្ដាយ​ឪពុក​តែ​មួយ​របស់​លោក Kim Jong-un និង​ទី​2គឺ​កូន​ប្រុស​ច្បង​អាយុ​10​ឆ្នាំ​របស់លោក​ Kim Jong-un និង​ទី​3​គឺ​ Kim Pyong-il ដែល​ត្រូវ​ជា​ឪពុក​មា​ (ខាង​ឪពុក)​របស់​លោក Kim Jong-un។

អតីត​មន្ត្រី​ការ​បរទេស​ម្នាក់​របស់​កូរ៉េខាង​ជើង ដែល​បច្ចុប្បន្ន​ជា​សមាជិក​រដ្ឋ​សភាកូរ៉េខាង​ត្បូង​ គឺ​លោក Thae Ku-min (ឈ្មោះ​ពិត​គឺ Thae Yong-ho) នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ​សារ​ព័ត៌មាន​ People’s Daily នៃ​ប្រទេស​ចិន នា​ពេល​ថ្មី​ៗ​នេះ និយាយ​ថា នៅក្នុង​ក្រសែ​ភ្នែក​របស់​បណ្ដា​ព្រឹទ្ធា​ចារ្យ​វ័យពី​60-70​ឆ្នាំ​នៅ​កូរ៉េខាង​ជើង​ លោក​ស្រី Kim Yo-jong ដែល​មាន​វ័យ​30​ឆ្នាំ គឺ​គ្រាន់​តែ​ជា​ក្មេង​ស្រី​ម្នាក់​តែប៉ុណ្ណោះ​ ហើយ​ពិបាក​នឹង​ធ្វើ​ឱ្យ​ពួកគេ​ទទួល​យក​លោក​ស្រី​ជា​អ្នក​ស្នង​តំណែង​​កំពូល​នេះ​។ មួយ​វិញ​ទៀត ក្រុម​ព្រឹទ្ធាចារ្យ​ទាំង​នេះ ក៏ត្រូវ​ប្រឈម​មុខ​ជាមួយ​នឹង​ការ​ព្រួយ​បារម្ភ​រយៈ​ពេល​វែង​ផងដែរ​ នោះ​គឺ​ថា​តើ​ចង់​បន្ត​ដើរ​តាម​របប​បច្ចុប្បន្នរបស់​កូរ៉េខាង​ជើង​ ឬ​ត្រូវ​ធ្វើ​ការ​ជ្រើស​រើស​មេដឹក​នាំ​ថ្មី​តាម​ឆន្ទះ​ផ្ទាល់​ខ្លួន។

លោក​ Kim Jong-un ទទួល​មរណា​ភាព​ តើ​អ្នក​ណា​​នឹង​ឡើងស្នង​តំណែង​​នៅ​​កូរ៉េខាង​ជើង?
​លោក Thae Ku-min (ឈ្មោះ​ពិត​គឺ Thae Yong-ho) ជា​អតីត​មន្ត្រី​ការ​បរទេស​ម្នាក់​របស់​កូរ៉េខាង​ជើង តែ​បច្ចុប្បន្ន​ជា​សមាជិក​សភារបស់​កូរ៉េខាង​ត្បូង​

លោក Thae Ku-min ឱ្យ​ដឹង​ថា បើ​ធៀប​ជាមួយ​លោក Kim Jong-un គេ​មើល​ឃើញ​ថា លោក​ Kim Pyong-il ស័ក្ដិ​សម​ក្លាយ​ជា​អ្នក​ស្នង​តំណែង​។ លោក Kim Pyong-il គឺជា​សមាជិក​រាជ​វង្ស​ខ្សែ​ Kim ហើយ​លោក​ក៏​ជា​ប្អូន​ប្រុស​ឪពុក​តែ​មួយ​ ម្ដាយ​ដោយ​ខ្លួន​​របស់​អតីត​មេដឹក​នាំ​ Kim Jong-il ផងដែរ​។ គេ​បាន​ដឹង​ថា ជីតា​​របស់​លោក Kim Jong-un គឺ​លោក​ Kim Il-sung ធ្លាប់​មាន​បំណង​លើក​លោក​ Kim Pyong-il ឡើង​ស្នង​រាជ​។ ដូច្នេះ បន្ទាន់​ពី​លោក​ Kim Jong-il បាន​ឡើង​ស្នង​រាជ លោក Kim Pyong-il ក៏​ត្រូវ​បាន​រុញ​ច្រាន​ទៅ​ “កៀន​ជញ្ជាំង​” ដោយ​ឱ្យ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ ក្នុង​នាម​ជា​ឯក​អគ្គរាជ​ទូត​ និង​ត្រូវ​តាម​ដាន​យ៉ាង​ហ្មត់​ចត់​។ លោក Kim Pyong-il មិន​បាន​ត្រឡប់​មក​កូរ៉េខាង​ជើង​ រហូត​ដល់​ខែ​វិច្ឆិកា ឆ្នាំ​2019 ហើយ​មូល​ហេតុ​ដែល​លោក​ត្រឡប់​មក​ប្រទេស​វិញ​ គឺ​ដោយ​សារ​ Kim Jong-un ចង់​គ្រប់​គ្រង​លោក​ឱ្យ​បាន​ល្អិត​ល្អន់​ជាង​មុន ដើម្បី​ទប់​ស្កាត់​ការ​លូក​ដៃ​ពី​បរទេស​ក្នុង​ការ​ជួយ​ឱ្យ​លោក​ Kim Pyong-il​ ក្លាយ​ជា​អ្នក​ស្នង​រាជ​នៅ​កូរ៉េ​ខាង​ជើង​។

កូរ៉េខាង​ជើង មានឈ្មោះ​ប្រទេស​ជា​ផ្លូវ​ការ​ថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ​ (Democratic People’s Republic of Korea) ក៏ពិត​មែន ប៉ុន្តែ របប​នេះ​ត្រូវ​បាន​ប្រជា​ជន​កូរ៉េខាង​ជើង​ចាត់​ទុក​ដូច​ជា​របប​រាជា​និយម។ នៅ​កម្ពុជា​ ព្រះ​បរម​រតន​កោដិ ក៏​ធ្លាប់​មាន​បន្ទូល​ហៅ​មេដឹក​នាំ​កូរ៉េខាង​ជើង​ថា “ព្រះអង្គៗ​” ផង​ដែរ​៕

ប្រភព៖ សារ​ព័ត៌មានបរទេស

Advertisement