អាចម៍​ផ្កាយ​ប្រវែង​500​ម៉ែត្រ ជិត​ហោះ​កាត់​ទទឹង​ផែនដី! វានឹង​បង្ក​គ្រោះ​មហន្តរាយ​ធំធេង​ បើសិន​ជ្រុល​មក​បុក​ផែនដី​(វីដេអូ)

អាចម៍​ផ្កាយ​ប្រវែង​500​ម៉ែត្រ ជិត​ហោះ​កាត់​ទទឹង​ផែនដី! វានឹង​បង្ក​គ្រោះ​មហន្តរាយ​ធំធេង​ បើសិន​ជ្រុល​មក​បុក​ផែនដី​

NASA កំពុង​តែ​តាម​ដាន​ការ​បំផ្លាស់​ទី​របស់​អាចម៍​ផ្កាយ​ស្ថិត​ក្នុង​ថ្នាក់ Apollo ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​​ ជាវត្ថុ​អវកាស​គ្រោះ​ថ្នាក់​បំផុត​ ព្រោះ​តែ​គន្លង​គោចរ​របស់​ពួកវា​​ត្រូវ​ហោះ​កាត់​គន្លង​គោចរ​របស់​ពិភព​ផែន​ដី​។

អាចម៍​ផ្កាយ​ដែល​​មាន​អង្កត់ផ្ចិត​ប្រហែល​ពី​210-470​ម៉ែត្រនេះ​ កំពុង​តែ​ហោះ​តម្រង់​មកកាន់​ផែន​ដី​ ហើយ​វា​នឹង​មក​ក្បែរ​ពិភព​លោក​របស់​មនុស្ស​នៅ​ថ្ងៃទី​7ឧសភា​។ នេះ​បើ​តាម​មជ្ឈមណ្ឌល​សិក្សា​អំពី​វត្ថុ​អវកាស​ក្បែរ​ផែន​ដី​របស់​អង្គ​ការ​ NASA។ អាចម៍​ផ្កាយ​នេះ​ ត្រូ​វបាន​គេ​ដាក់​ឈ្មោះ​ថា 2009 XO ឬ​ 438908។

2009 XO ត្រូវ​បាន​​ដាក់​ចូល​ទៅ​ក្នុង​ក្រុម​វត្ថុ​អវកាស​ដែល​មានលទ្ធ​ភាព​បង្ក​គ្រោះ​ថ្នាក់ និង​ស្ថិត​ក្នុង​ថ្នាក់​អាចម៍​ផ្កាយ​ Apollo។ នេះ​​មាន​ន័យ​ថា គន្លង​គោចរ​របស់វា គឺ​ហោះកាត់​ទទឹង​គន្លង​គោចរ​របស់​ផែន​ដី​។​ អាចម៍​ផ្កាយ​នេះ​នឹង​បំផ្លាស់​ទី​ក្នុង​ល្បឿន​ 12.7​គម នៅ​ក្នុង​1វិនាទី។ នៅ​ក្នុង​យប់​ថ្ងៃទី​7​ឧសភា​ វា​នឹង​ហោះ​មក​ជិត​​ផែន​ដី​​បំផុត​ក្នុង​រយៈ​ចម្ងាយ​ប្រហែល​3.4​លាន​គម។ 2009 XO ហោះ​ជុំ​វិញ​ព្រះអាទិត្យ​ទៅ​តាម​គន្លង​គោចរដែល​មាន​​រយៈ​ពេល​926​ថ្ងៃ និង​ស្ថិត​នៅ​ចម្ងាយ​127.5​លាន​គម។

បណ្ដា​អាចម៍​ផ្កាយ​ដែល​ស្ថិត​ក្នុង​ថ្នាក់ Apollo ចំណាយ​ពេល​វេលា​ភាគ​ច្រើន​របស់​វា​​នៅ​ខាង​ក្រៅ​គន្លង​គោចរ​របស់​ផែន​ដី​ ដែល​ខុស​ពី​បណ្ដា​អាចម៍​ផ្កាយ​ដែល​ស្ថិត​ក្នុង​ថ្នាក់ Aten។ ក៏ប៉ុន្តែ NASA នៅ​តែ​តាម​ដាន​យ៉ាង​យកចិត្តទុក​ដាក់​​លើ​អាចម៍​ផ្កាយ​មួយចំនួន​ដែល​ស្ថិត​ក្នុង​ថ្នាក់​នេះ​ ដោយ​សារ​តែ​ពួក​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ធំធេង​ បើ​សិន​ជា​ហោះ​មក​ប៉ះនឹង​ផែនដី​៕

ប្រភព៖ Sputnik

Advertisement