ជិត​1លាន​នាក់​បាន​ឆ្លង​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​ ខណៈ​អាជីវ​កម្ម​មួយ​ចំនួន​បាន​បើក​ដំណើរ​ការ​ឡើង​វិញ

ជិត​1លាន​នាក់​បាន​ឆ្លង​ COVID-19 នៅ​សហរដ្ឋ​អាមេរិក​ ខណៈ​អាជីវ​កម្ម​មួយ​ចំនួន​បាន​បើក​ដំណើរ​ការ​ឡើង​វិញ

សហរដ្ឋ​អាមរិកបាន​រក​ឃើញ​អ្នកផ្ទុក​វីរុស​COVID-19 ជាង​985,000​នាក់ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ជិត​56,000​នាក់​បាន​ស្លាប់​​ ក្នុង​ពេល​ដែល​រដ្ឋ​ជា​ច្រើន​នៃ​ប្រទេស​នេះ កំពុង​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើ​ការ​ដើរ​ហើរ​។

យោង​តាម​ស្ថិតិ​របស់​សាកលវិទ្យា​ល័យ​ Johns Hopkins សហរដ្ឋ​អាមេរិក​ បច្ចុប្បន្ន​បាន​រកឃើញ​អ្នក​ជំងឺ​COVID-19 សរុប​985,443​នាក់ កើន​22,064​នាក់​ធៀប​នឹង​ម្សិល​មិញ​។ ចំនួន​អ្នក​ស្លាប់​​ដោយ​សារ​វីរុស​នេះក៏​បាន​កើន​ដល់​55,952​នាក់​ ក្នុង​នោះ​មាន​ករណី​ស្លាប់​ថ្មីចំនួន​1,142​នាក់​។

ករណី​ឆ្លង​​ និង​ស្លាប់​ដោយ​សារ​ឆ្លង​វីរុស​កូរ៉ូណា​នៅ​សហរដ្ឋ​អាមេរិក បាន​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ បើ​ធៀប​នឹង​តួលេខ​អ្នក​ជំងឺ​ថ្មី​43,409​នាក់ និង​អ្នក​ស្លាប់​ថ្មី​2,374​នាក់​កាល​ពី​មួយ​ថ្ងៃ​មុន​នេះ​។ ប្រទេស​នេះ​ នៅ​តែ​បន្ត​ជា​សម្បុក​មេរោគ​ និង​ជា​ “វាល​ពិឃាត”​ របស់​កូរ៉ូណា​ ធំជាង​គេ​បង្អស់​​នៅ​ទូទាំង​ពិភពលោក​។

ប្រធានាធិបតី​ Donald Trump កាលពីម្សិល​មិញ​បានឱ្យ​ដឹង​ថា​ លោក​សង្ឃឹម​ថា សាលា​រៀន​ជា​ច្រើន​នឹង​បើក​ដំណើរ​ការ​ឡើង​វិញ​នាពេល​ដ៏ខ្លី​ខាងមុខ​។

New York ដែល​ជា​រដ្ឋ​ទទួល​រង​គ្រោះ​ធ្ងន់់ជាង​គេ​បំផុត​​ បាន​បង្ហាញ​ការ​ប្រុង​ប្រយ័ត្ន​ ខណៈ​ដែល​តួលេខ​នៃ​អ្នក​ជំងឺ​ដែល​ត្រូវ​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ នៅ​មាន​កម្រិត​ខ្ពស់នៅឡើយ​។ អភិបាល​រដ្ឋ លោក Andrew Cuomo កំពុង​ត្រៀម​ប្រកាស​ពន្យារ​សុពល​ភាព​នៃ​ការ​រឹត​ត្បិត​លើ​ការ​ដើរ​ហើរ​នៅ​ក្នុង​តំបន់​ដែល​ទទួល​ឥទ្ធិពល​ធ្ងន់​ពី​ COVID-19។ ក្រោយ​ថ្ងៃទី​15​ឧសភា សក្ម​ភាព​ផលិត​ និង​សាង​សង់​ តាម​គម្រោង​នឹង​ចាប់​ដំណើរ​ការ​ឡើង​វិញ នៅ​ក្នុង​តំបន់​ខ្លះ​ដែល​រង​ផល​ប៉ះពាល់​តិច​តួច​។

New Jersey ដែល​ជា​រដ្ឋ​ទទួល​រង​គ្រោះ​ធ្ងន់​លំដាប់​ទី​2 រួម​នឹង​ California និង Washington DC បាន​សន្យារ​ថា បន្ត​រក្សាវិធាន​ការ​​ដែល​បាន​ដាក់​ចេញ ដើម្បី​ទប់​ទល់​នឹង​ COVID-19។ ក៏ប៉ុន្តែ មនុស្ស​រាប់​ពាន់​នាក់​បាន​នាំ​គ្នា​ទៅ​លម្ហែ​កាយ​នៅ​មាត់​សមុទ្រ​ California កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ ដោយ​មិន​អើពើ​ដល់​វិធាន​ការ​របស់​រដ្ឋាភិបាល​​។

Alaska, Georgia, Oklahoma និង​រដ្ឋ​មួយ​ចំនួន​ទៀត​ ចាប់​ផ្ដើម​បើក​ដំណើរ​ការ​ហាង​លក់​រាយ​ ឆ្នេរ​សមុទ្រ​ និងឧទ្យាន​ មួយ​ចំនួន​​​ឡើង​វិញចាប់​ពី​ថ្ងៃទី​24​មេសា​។ រដ្ឋ Georgia និង​ Tennessee នឹង​បើក​ភោជនីយដ្ឋាន​ឡើង​វិញ​ផងដែរ​ចាប់​ពី​ថ្ងៃទី​27​មេសា​ បើ​ទោះ​ជា​ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​យល់​ថា គួរ​តែ​បន្ត​រក្សា​បម្រាម​គោចរ​ដើម្បី​ទប់​ស្កាត់​ COVID-19។

អភិបាល​រដ្ឋ Texas លោក Greg Abbott ប្រកាស​ថា ហាង​លក់​រាយ ភោជនីយដ្ឋាន រោង​កុន មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម សារ​មន្ទីរ​ និង​បណ្ណាល័យ​ នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ឡើង​វិញ​ចាប់​ពី​ថ្ងៃទី​1​ឧសភា​​ក្នុង​ទំហំ​25​%។ Minnesota, Mississippi, Colorado និង South Carolina ក៏​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរ​ការ​អាជីវ​កម្ម​មួយ​ចំនួន​ហើយ​ដែរ៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement