មនុស្ស​ជាង​1​លាន​នាក់​ ដាក់​ញត្តិ​ស្នើ​ឱ្យ​មេដឹក​នាំ​ WHO លាលែង​ពី​តំណែង​

មនុស្ស​ជាង​1​លាន​នាក់​ ដាក់​ញត្តិ​ស្នើ​ឱ្យ​មេដឹក​នាំ​ WHO លាលែង​ពី​តំណែង​

ញត្តិ​​ស្នើ​ឱ្យ​ប្រធាន​អង្គ​ការ​សុខភាពពិភពលោក​(WHO) លាលែង​ពី​តំណែង​ ទទួល​បាន​ការ​ចុះ​ហត្ថ​លេខា​ពី​មនុស្ស​ជាង​1​លាន​នាក់ហើយ​ គិត​មក​ដល់​បច្ចុប្បន្ន​។

ទីភ្នាក់​ងារ​សារ​ព័ត៌មាន Korea Times បាន​ឱ្យ​ដឹង​ថា ញត្តិ​ប្រភេទ​​អនឡាញ​មួយ​ដែល​​ត្រូវ​បាន​បង្ហោះ​នៅ​លើ​​គេហទំព័រ Chang.org ដោយ​គណនី​ឈ្មោះ “Osuka Yip” ដែល​បាន​ចាប់​ផ្ដើម​ធ្វើ​ឡើង​កាល​ពីថ្ងៃទី​31​មករា បាន​ទាក់​ទាញ​អ្នក​គាំទ្រ​ចូល​មក​ចុះ​ហត្ថលេខា​ជាង​1លាន​នាក់​ទៅ​ហើយ​ គិត​មក​ដល់​ពេល​នេះ​។ ខ្លឹម​សារ​នៃ​ញត្តិ​នេះ​យល់​ថា តួនាទី​ដឹក​នាំ​គ្មាន​ប្រសិទ្ធ​ភាព​របស់​ប្រធាន​អង្គ​ការ​ WHO លោក Tedros Adhanom Ghebreyesus បាន​នាំ​ឱ្យ​ COVID-19 ឆ្លង​រាល​ដាល​ខ្លាំង​។ ញត្តិ​នេះ​ ត្រូវ​បាន​គេ​បក​ប្រែ​ជា​ច្រើន​ភាសា​ រួម​មាន​ អង់គ្លេស បារាំង អេស្ប៉ាញ អាល្លឺម៉ង​ និង​អារ៉ាប់​។

​ស្ថិតិ​ពី​សាកលវិទ្យា​ល័យ​ Johns Hopkins នៅ​សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​ថា គិត​ដល់​ថ្ងៃ​នេះ​ ពិភព​លោក​​បាន​រកឃើញ​អ្នក​ជំងឺ​COVID-19 សរុប​ជាង​985,000​នាក់ ហើយ​ចំនួន​អ្នក​ស្លាប់​​ដោយ​សារ​វីរុស​នេះក៏​បាន​កើន​ដល់ជាង​​55,000​នាក់​។

ញត្តិ​ខាងលើ​សរសេរ​ថា លោក​ Tedros “មិន​ស័ក្ដិ​សម​” ជាមួយ​នឹង​តំណែង​ដឹកនាំ​ WHO នោះ​ទេ និង​បាន​ស្នើឱ្យ​លោក​លាលែង​ពី​តំណែង​ជា​បន្ទាន់​។ ញត្តិ​នេះ​ក៏បាន​រិះ​គន់​ថា លោក​ Tedros មាន​ប្រតិ​កម្ម​យ៉ាង​យឺត​យ៉ាវ​ នៅ​ពេល​ដែល​ COVID-19 ផ្ទុះ​ឆ្លង​រាល​ដាល​។

“យើង​ខ្ញុំ​ពិត​ជា​អស់​សង្ឃឹម​។ យើង​ខ្ញុំ​ជឿ​ថា WHO គួរ​តែ​ផ្ដោត​ទៅ​លើ​នយោបាយ​។ លោក Tedros ជឿ​ទៅ​លើ​តួលេខ​នៃ​អ្នក​ស្លាប់​ និង​អ្នក​ឆ្លង​វីរុស​ ដែល​ប្រទេស​ចិន​បាន​រាយការណ៍​ ដោយ​មិន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​” ខ្លឹម​សារ​នៃ​ញត្តិ​បាន​សរសេរ​ច្បាស់​បែប​នេះ​។

ប្រទេស​មួយ​ចំនួន​ក៏មិន​យល់​ស្រប​ជាមួយ​នឹង​វិធី​ដោះស្រាយ​វិបត្តិ​ COVID-19 របស់​ប្រធាន​អង្គ​ការ​ WHO ផងដែរ​។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump យល់​ថា WHO មិន​បាន​បំពេញ​ភារ​កិច្ច​ជាមូល​ដ្ឋាន​របស់​ខ្លួន ហើយ​លោក​ក៏បាន​ប្រកាស​ផ្អាក​ផ្ដល់​ជំនួយ​ដល់​អង្គ​ការ​នេះ​ផងដែរ។

កាលពី​ដើម​ខែ​នេះ លោក Trump ក៏​រិះ​គន់​ WHO ថា “យក​ចិន​ជា​ធំ” និង “កាន់​ជើង​ចិន​” ខណៈ​ដែល​សហរដ្ឋ​អាមេរិក​ជា​អ្នក​ឧបត្ថម្ភ​ច្រើន​ជាង​គេ​ទៅ​ឱ្យ​​ WHO។ ប្រធានាធិបតី​អាមេរិកាំង​ ថែមទាំង​យល់​ថា តួលេខ​នៃ​អ្នក​ស្លាប់ដោយ​សារ​ COVID-19 អាច​នឹង​មានតិច​ជាង​​អ្វី​ដែល​បាន​កើត​ឡើង​ បើ​សិនជា​ WHO ចាប់​ផ្ដើម​ធ្វើ​សកម្ម​ភាព​បាន​ឆាប់​រហ័ស​ និង​លើក​ឡើង​នូវ​ការ​ “វិភាគ​ត្រឹម​ត្រូ​”។

ក្រៅ​ពី​សហរដ្ឋ​អាមេរិក ប្រទេស​អូស្ត្រាលី កោះតៃវ៉ាន់ ឬ​កូរ៉េខាង​ត្បូង​ក៏បាន​រិះ​គន់​ WHO ស្រដៀង​ទៅ​នឹង​អាមេរិកាំង​ផងដែរ​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​

Advertisement