Trump ថា “ទំហំ​ទឹក​ប្រាក់​ដែល​​ទាម​ទារ​ឱ្យ​​ចិន​សង​ការ​ខូច​ខាត​​ដោយ​សារ​ COVID-19 នឹង​ច្រើន​ខ្លាំង​ណាស់​”

Trump ថា

លោក​ Donald Trump បាន​ថ្លែង​ថា​ នឹង​​ទាម​ទារ​ឱ្យ​ចិន​សង​ការ​ខូចខាត​ដោយ​សារ​ COVID-19 ហើយ​ទំហំ​ទឹក​ប្រាក់​ដែល​កំពុង​​លើក​យក​មក​ពិភាក្សា​ ​​គឺពិត​ជា​ធំ​ខ្លាំង​ណាស់​។

“យើង​មិន​សប្បាយ​ចិត្ត​ជា​មួយប្រទេស​ចិន​នោះ​ទេ​។ យើង​មិ​ន​សប្បាយ​ចិត្ត​​ជាមួយ​នឹង​ស្ថានភាព​រួម​ ព្រោះ​ថា​យើង​ជឿ​ជាក់​ថា ស្ថាន​ភាព​នេះ​អាច​ទប់​ស្កាត់​​នៅ​នឹង​ប្រភព​នៃ​វីរុស​នេះ​។ វា​អាច​ត្រូវ​បាន​ទប់​ស្កាត់​យ៉ាង​ឆាប់​រហ័ស​ និង​មិន​រាល​ដាល់​​ទូទាំង​ពិភពលោក​” ប្រធានាធិបតី​អាមេរិកាំង​ លោក Donald Trump មាន​ប្រសាសន៍​បែប​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ​នៅ​ឯសេត​វិមាន​ កាល​ពី​ថ្ងៃទី​27​មេសា​ (ត្រូវ​នឹង​ថ្ងៃទី​28​នៅ​កម្ពុជា​)។

លោក​ Trump បន្ត​ថា “មាន​វិធី​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​ពួកគេ​ត្រូវ​ទទួល​ខុ​សត្រូវ​។ យើង​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​ម៉ឺង​ម៉ាត់​ដូច​អ្នក​រាល់​គ្នា​អាច​ដឹង​”។

បទ​វិចារណថាថ្មី​មួយ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​​នៅ​ប្រទេស​អាល្លឺម៉ង់​ បាន​ទាម​ទារ​ឱ្យ​ប្រទេស​ចិន​សង​ការ​ខូច​ខាត​ផ្នែក​សេដ្ឋ​កិច្ច​ដល់​ទៅ​165​ពាន់​លាន​ដុល្លារ​​ដែល​បង្ក​ឡើង​ដោយ​វីរុស​ COVID-19។ នៅ​ពេល​ត្រូវ​បាន​សួរ​ថា សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​បែប​នេះ​ដែរ​ទេ លោក Trump ឆ្លើយ​ថា “យើង​អាច​ធ្វើ​អ្វី​មួយ​ដែល​ងាយ​ស្រួល​ជាង​នេះ​”​។

លោក Trump បន្ត​ថា “អាល្លឺម៉ង់​ កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​រាល់​បញ្ហា​ យើង​ក៏​ដូច្នេះ​ដែរ​។ យើង​កំពុង​ពិភាក្សា​អំពី​ទំហំ​ទឹក​ប្រាក់​ដែល​ច្រើន​ជាង​ប្រទេស​អាល្លឺម៉ង់​កំពុង​តែ​ធ្វើ​។ យើង​មិន​ទាន់​បាន​កំណត់​តួលេខ​(ទំហំ​ទឹក​ប្រាក់)ចុង​ក្រោយ​នៅ​ឡើយ តែ​វា​ច្រើន​ណាស់​។ នេះ​គឺជា​ការ​ខាត​បង់​​ទូទាំង​សកល​លោក​។ នេះ​គឺជា​ការ​ខូច​ខាត​​របស់​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ក៏​ជា​ការ​ខូច​ខាត​​របស់​ពិភពលោក​ទាំង​មូលផងដែរ​​”។

សហរដ្ឋ​អាមេរិក​គឺ​ជា​សម្បុក​មេរោគ​ COVID-19 ធំជាង​គេ​ក្នុង​ពិភពលោក ដោយ​មាន​អ្នកជំងឺ​ជាង​985,000​នាក់ ក្នុង​នោះ​មាន​អ្នក​ជំងឺ​ជិត​56,000​នាក់​បាន​ស្លាប់​។

COVID-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​នៅ​ប្រទេស​ចិន​កាលពី​ខែ​ធ្នូ ឆ្នាំ2019​ ហើយ​បច្ចុប្បន្ន​ វីរុស​នេះ​បាន​រាល​ដាល់​​​ដល់​ប្រទេស​ និង​ដែន​ដី​ជាង​200​ នៅ​ជុំ​វិញ​ពិភព​លោក​ បណ្ដាល​ឱ្យ​មនុស្ស​ជាង​3​លាន​នាក់​បាន​ឆ្លង​មេរោគ ក្នុង​នោះ​មាន​ជាង​210,000​នាក់​បាន​បាត់បង់ជីវិត​ និង​ជិត​892,000​នាក់​បាន​ជា​សះ​ស្បើយ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement