រុស្ស៊ីចាប់ផ្ដើមធ្ងន់ធ្ងរហើយ!! ឆ្លងមេរោគកូវីដ-19 មួយថ្ងៃ 6ពាន់នាក់ ចំនួនអ្នកឆ្លងសរុប វ៉ាដាច់ចិនហើយ

រុស្ស៊ីចាប់ផ្ដើមធ្ងន់ធ្ងរហើយ!! ឆ្លងមេរោគកូវីដ-19 មួយថ្ងៃ 6ពាន់នាក់ ចំនួនអ្នកឆ្លងសរុប វ៉ាដាច់ចិនហើយ

ប្រទេសរុស្ស៊ី មានតួលេខអ្នកឆ្លងមេរោគវីរុសកូវីដ-19 ដែលបានអះអាងហើយ បានវ៉ាដាច់ប្រទេសចិនរួចរាល់ហើយកាលពីថ្ងៃចន្ទ(ទី27មេសា) ក្រោយពីចំនួនអ្នកឆ្លងមេរោគសរុបបានកើនឡើងលើស 87,000នាក់ ខណៈដែលរដ្ឋបាលកំពុងប្រឈមនឹងសម្ពាធយ៉ាងធ្ងន់ធ្ងរឡើងៗ ឱ្យពិចារណាបន្ធូរបន្ថយវិធានការបិទទីក្រុង ដើម្បីស្ដារសេដ្ឋកិច្ចដែលកំពុងទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារតែរោគរាតត្បាតដ៏ធំមួយនេះ។

រុស្ស៊ី ប្រទេសដែលមានអាណាខេត្តធំទូលាយបំផុតក្នុងពិភពលោក កំពុងស្ថិតក្នុងវិធានការបិទទីក្រុង តាំងតែពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ថ្លែងដាក់បញ្ជាបិទទីកន្លែងសាធារណៈភាគច្រើនកាលពីថ្ងៃទី25 ខែមីនា ដោយវិធានការទាំងអស់នេះ មានកំណត់ផុតសុពលភាពនៅថ្ងៃទី30 ខែមេសា ហើយលោកពូទីន នៅមិនទាន់បាននិយាយយ៉ាងច្បាស់លាស់ថា តើលោកមានផែនការពន្យារបញ្ជាបិទទីក្រុងជាបន្តទៀត ឬយ៉ាងណានៅឡើយ។

យ៉ាងណាក៏ដោយ លោកស្រី អ៊ែនណា ប៉ូប៉ូវ៉ា អគ្គនាយិកាស្ថាប័ន Rospotrebnadzor ដែលជាអង្គភាពតាមដានផ្នែកសុខភាព និងអនាម័យរបស់ប្រទេសរុស្ស៊ី បានប្រាប់តាមរយៈស្ថានីយទូរទស្សន៍របស់រដ្ឋកាលពីថ្ងៃចន្ទ(ទី27មេសា)ថា ក្នុងការយល់ឃើញរបស់លោកស្រី រុស្ស៊ី គួរតែតម្កល់វិធានការនេះរហូតទៅដល់ថ្ងៃទី12 ឧសភា។

កាលពីពេលមុនហ្នឹង លោក មីខាអ៊ីល មីជូស្ទីន ជានាយករដ្ឋមន្ត្រីរុស្ស៊ី បានសំណូមពរឱ្យរដ្ឋបាលរបស់លោក លើកសំណើផ្សេងៗនៅក្នុងថ្ងៃព្រហស្បតិ៍(ទី30មេសា) ដើម្បីពិចារណាបន្ធូរបន្ថយការកំណត់មួយចំនួនដល់ផ្នែកឯកជន បន្ទាប់ពីក្រុមហ៊ុនជាច្រើនបានព្រមានថា ពួកគេកំពុងប្រថុយប្រថានក្នុងការដួលរលំ បើសិនជាវិធានការបិទទីក្រុងនៅតែបន្ត ខណៈដែលបុគ្គលិកជាច្រើនម៉ឺននាក់ត្រូវបញ្ឈប់ពីការងារហើយ។

លោក មីជូស្ទីន បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធអនឡាញថា៖ “នៅពេលដែលស្ថានការណ៍ មានសញ្ញាថា មានការប្រែប្រួលទៅក្នុងផ្លូវល្អភ្លាម យើងចាំបាច់ត្រូវតែពិចារណាបញ្ឈប់ការកំណត់មួយចំនួនដែលបានកម្រិតទៅលើក្រុមហ៊ុនខ្លះ និងប្រតិបត្តិករខ្លះ ជាដំណាក់ៗ”

ការទាមទារឱ្យបន្ធូរបន្ថយវិធានការបិទទីក្រុងបានកើតមានឡើង បើទោះជាស្ថានការណ៍ការឆ្លងរាលដាលរបស់កូវីដ-19 នៅក្នុងប្រទេសរុស្ស៊ីចាបផ្ដើមរាលដាលរីកធំឡើងជារឿយៗក្ដី ដោយថ្មីៗបំផុតនេះ កាលពីថ្ងៃចន្ទ(ទី27មេសា) ប្រទេសរុស្ស៊ីបានរកឃើញអ្នកឆ្លងមេរោគថ្មីច្រើនដល់ទៅ 6,198នាក់ ធ្វើឱ្យចំនួនអ្នកឆ្លងមេរោគសរុបកើនឡើង 87,147នាក់ ក្លាយជាប្រទេសក្រោយគេបង្អស់បន្តពីប្រទេសទួរគី ដែលមានចំនួនអ្នកឆ្លងមេរោគ វ៉ាដាច់ប្រទេសចិន ដែលជាប្រភពដែលមេរោគកូរ៉ូណាប្រភេទថ្មីបង្ហាញខ្លួនឡើងមុនគេ។

ទាំងអស់នេះ ប្រទេសចិនមានចំនួនអ្នកឆ្លងមេរោគសរុប 82,830នាក់ ហើយពេលនេះពួកគេកំពុងបង្វែរមុខសញ្ញាទៅប្រយុទ្ធជាមួយអ្នកឆ្លងមេរោគនាំចូលដែលកំពុងកើនឡើងជារឿយៗ ជាពិសេសជាមួយបុគ្គលដែលធ្វើដំណើរមកពីប្រទេសរុស្ស៊ី៕

ប្រភព ៖ សារព័ត៌មានបរទេស

Advertisement