មន្ទីរបញ្ចកោណ​បក​ស្រាយ​អំពីឃ្លីប​វីដេអូ​ “ទ័ព​អាកាស​ប៉ះថាស​ហោះ” (ឃ្លីបវីដេអូ)

មន្ទីរបញ្ចកោណ​បក​ស្រាយ​អំពីឃ្លីប​វីដេអូ​

ក្រសួង​ការ​ពារ​ជាតិ​សហរដ្ឋ​អាមេរិក​ បាន​បង្ហោះ​វីដេអូ​​មួយ​ដែល​ត្រូវ​បាន​ថត​ដោយ​អ្នកបើក​បរ​យន្ត​ហោះ​អាមេរិកាំង​ បង្ហាញ​អំពី​វត្តមាន​ជា​ច្រើន​លើក​របស់​វត្ថុហោះ​មិន​ស្គាល់​អត្ត​សញ្ញាណ UFO (Unidentified flying object)។

កាលពីថ្ងៃទី​27​មេសា មន្ទីរ​បញ្ច​កោណ​ បាន​បង្ហោះ​ឃ្លីប​វីដេអូ​ចំនួន​3 បង្ហាញ​អំពី​ “​UFO​” ដែល​មិន​អាច​បក​ស្រាយ​ បាន​ និង​​ត្រូវ​បាន​ថតជាប់​​ដោយ​ក្រុម​អ្នក​បើក​បរ​យន្ត​ហោះ​ចម្បាំង​អាមេរិកាំង​ ចាប់​ពី​ឆ្នាំង​2004-2015។

ក្នុងឃ្លីប​វីដេអូមួយ​ចំនួន​ខាងលើ​ បង្ហាញថា វត្ថុ​មិន​ស្គាល់​អត្ត​សញ្ញាណ​(UFO) បំផ្លាស់​ទី​យ៉ាង​ចម្លែក​ នៅ​មុន​ពេល​វា​បញ្ចេញ​ពន្លឺ​ខ្លាំង​ ហើយ​ហោះ​ក្នុងល្បឿន​យ៉ាង​លឿន​។

មន្ទីរ​បញ្ច​កោណ​បាន​ឱ្យ​ដឹង​ថា បណ្ដា​ឃ្លីប​វីដេអូ​ដែល​ខ្លួន​បង្ហោះ​នេះ គឺ​ដើម្បី​ “កុំ​ឱ្យ​ប្រជា​ជន​មាន​ការ​ភាន់​ច្រឡំ​ទៅ​លើ​វីដេអូ​ទាំងឡាយ​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ថា តើ​វា​មាន​មែន​ពិត​ ឬ​យ៉ាង​ណា​”។ បាតុភូត​នៅ​លើ​អាកាស​ដែល​ត្រូវ​បាន​​ក្រុម​អ្នក​បើក​បរ​យន្តហោះ​ថត​បាន​ក្នុង​វីដេអូ​ខាងលើ​ នៅ​តែ​ត្រូវ​បាន​ចាត់​ចូល​ក្នុង​ប្រភេទ​ “មិន​ទាន់​កំណត់​អត្តសញ្ញា​”។

កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​ទៅ​បាន​បញ្ជាក់​ និង​ទទួល​ស្គាល់​អំពី​វត្តមាន​របស់​បណ្ដា​ឃ្លីប​វីដេអូ​ បន្ទាប់ពី​ទិន្ន​ន័យ​ទាំង​នេះ​ត្រូវ​បាន​​ក្រុម​អ្នកជំនាញ​ខាង​ស្រាវ​ជ្រាវ UFO បង្ហោះ​នៅ​លើ​អ៊ីនធើណិត​។

“បន្ទាប់​ពី​បាន​ពិនិត្យ​យ៉ា​ងល្អិត​ល្អន់​​ មន្ទីរ​បញ្ចកោណ​​យល់​ថា ការ​​បង្ហោះ​ឃ្លីប​វីដេអូ​ខាងលើ​ គឺ​មិ​ន​បាន​ធ្វើ​ឱ្យ​បែក​ធ្លាយ​ប្រព័ន្ធ​ ឬ​សមត្ថ​ភាព​​អ្វី​មួយ​ដែល​មាន​សារ​សំខាន់​ខ្លាំង​នោះ​ទេ​” អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​ពារ​ជាតិ​អាមេរិកាំង​​ លោក Sue Gough មាន​ប្រសាសន៍​បែប​នេះ​។

កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​មុន​នោះ​បាន​ព្រមាន​ថា ការ​បញ្ចេញ​ព័ត៌​មាន​អំពី​កិច្ច​ប្រជុំ​សម្ងាត់​ស្ដី​ពី​ UFO អាច​ធ្វើ​ឱ្យ​មាន​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​” ដល់​សន្តិសុខ​សហរដ្ឋ​អាមេរិក​។

យោង​តាម​កង​ទ័ព​ជើង​ទឹក​​អាមេរិកាំង​ ឃ្លីប​វីដេអូ​ចំនួន​2​ដែល​ត្រូវ​បាន​ថត​ក្នុង​អំឡុង​​ពេល​កង​ទ័ព​ប្រទេស​នេះ​កំពុង​ធ្វើ​សម​យុទ្ធ​លើ​អាកាស​។

អ្នក​នាំ​ពាក្យ​នៃ​កង​ទ័ព​ជើង​ទឹក​អាមេរិកាំង​ Joseph Gradisher ថ្លែង​កាល​ពី​ខែ​កញ្ញា​2019​ថា “រាល់​ការ​រំលោភ​​របស់​យន្តហោះ​ ឬ​បាតុភូត​ចម្លែក​នានា​ ចូល​ទៅ​ក្នុងដែន​នៃ​ការ​ហ្វឹក​ហាត់​របស់​យើង​ គឺ​សុទ្ធ​តែ​បង្ក​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ និង​សន្តិសុខ​”៕

ប្រភព៖ SCMP

Advertisement