តាមដានខ្សែរថភ្លើងមេដឹកនាំកូរ៉េខាងជើង នៅស្ថានីយ វ៉នសាន ខំផ្លេកស៍

តាមដានខ្សែរថភ្លើងមេដឹកនាំកូរ៉េខាងជើង នៅស្ថានីយ វ៉នសាន ខំផ្លេកស៍

ក្រោយការបាត់ខ្លួនយ៉ាងគ្មានតម្រុយរបស់លោក គីម ជុង អ៊ុន មេដឹកនាំកូរ៉េខាងជើង ពីការមិនទៅចូលរួមពិធីបុណ្យអបអរសាទរថ្ងៃកំណើតរបស់លោក គីម អ៊ីល ស៊ុង ជីតារបស់ខ្លួនអ្នកបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ កាលពីថ្ងៃទី15 មេសាកន្លងទៅនោះ បានធ្វើឱ្យកើតមានព័ត៌មានចចាមអារ៉ាមដ៏ច្រើនសន្ធឹក អំពីរឿងសុខភាពរបស់លោក គីម ជុង អ៊ុន និងថែមទាំងមានរបាយការណ៍ពីទីភ្នាក់ងារព័ត៌មាន CNN ដែលដកស្រង់ពីសម្រង់ព័ត៌មាន បានបញ្ជាក់ថា លោកគីម បានចូលវះកាត់ព្យាបាលបេះដូង និងមានអាការធ្ងន់ធ្ងរ។

កណ្ដាលព័ត៌មានចចាមអារ៉ាមដែលខ្ចរខ្ចាយដ៏ច្រើននោះ ក៏មានរបាយការណ៍ពីក្រុមអង្គការ 38North ជាក្រុមអ្នកសង្កេតការណ៍ និងតាមដានហេតុការណ៍ផ្សេងៗនៅក្នុងកូរ៉េខាងជើង ដែលបានបង្ហាញរូបភាពតាមរយៈផ្កាយរណប ដែលបង្ហាញឱ្យឃើញពីក្បួនរថភ្លើងដែលត្រូវបានបញ្ជាក់ថា ជាក្បួនរថភ្លើងរបស់លោកប្រធាន គីម ជុង អ៊ុន ដែលមានប្រវែងប្រមាណជា 250ម៉ែត្រ កំពុងចតនៅក្នុង “ស្ថានីយរថភ្លើងមហាមេដឹកនាំ” ក្នុងទីក្រុងវ៉នសាន ដែលត្រូវបានគេរកឃើញថា បានចតនៅទីនោះតាំងពីថ្ងៃទី21 មេសា រហូតដល់ថ្ងៃទី23 មេសា។

ស្ថានីយរថភ្លើងមហាមេដឹកនាំនេះ ជាស្ថានីយរថភ្លើង ដែលប្រើប្រាស់បានចំពោះតែមនុស្សក្នុងត្រកូលគីមតែប៉ុណ្ណោះ ស្ថិតក្នុងបរិវេណមជ្ឈមណ្ឌល “វ៉នសាន ខំផ្លេកស៍” ជាកន្លែងដែលមានអគារធំៗដ៏ច្រើន ដែលសាងសង់ឡើងមិនយូរប៉ុន្មានក្រោយពីលោក គីម ជុង អ៊ុនឡើងគ្រប់គ្រងប្រទេសកាលពីឆ្នាំ2011។

នៅខាងក្នុងមជ្ឈមណ្ឌល វ៉នសាន ខំផ្លេកស៍ មានផ្ទះទទួលភ្ញៀវខ្នាតធំដល់ទៅ 9ខ្នង និងបន្ទប់សន្ទនាការ 1កន្លែង ក្រៅពីនេះនៅមានកំពង់ផែចំណតនាវាកម្សាន្តទំនើបខ្នាតធំរបស់លោកគីម ទីលានបាញ់កាំភ្លើង និងបន្ទប់ទស្សនាភាពយន្តទៀតផង។

តាមដានខ្សែរថភ្លើងមេដឹកនាំកូរ៉េខាងជើង នៅស្ថានីយ វ៉នសាន ខំផ្លេកស៍នៅក្បែរនឹងស្ថានីយរថភ្លើងមហាមេដឹកនាំ នៅមានរ៉ាន់វេយ៍(ផ្លូវចុះចត និងហោះឡើងរបស់យន្តហោះ)ខ្នាតតូចមួយ ដែលកាលពីដើមសម្រាប់ប្រើជាមួយយន្តហោះធុនតូច តែមកដល់ពាក់កណ្ដាលឆ្នាំកន្លងទៅ(2019) ទីនោះត្រូវបានកែច្នៃឱ្យក្លាយជាទីលានសម្រាប់ជិះសេះ ជាការងារដែលលោកប្រធានគីម ចូលចិត្តបំផុត។

យ៉ាងណាក៏ដោយ ការបង្ហាញខ្លួនរបស់ក្បួនរថភ្លើងរបស់លោកប្រធានគីមនេះ នៅមិនទាន់អាចពិសោធបានថា តើលោកប្រធានគីមពិតជាស្នាក់នៅមជ្ឈមណ្ឌលវ៉នសាន ខំផ្លេកនេះ ឬយ៉ាងណានោះទេ?

ព្រោះរបាយការណ៍របស់ DailyNK សារព័ត៌មានរបស់ក្រុមអ្នករត់គេចចេញពីប្រទេសកូរ៉េខាងជើង បានរាយការណ៍កាលពីចុងសប្ដាហ៍មុនថា ក្រោយពីចូលទទួលការវះកាត់បេះដូងរួច លោកគីម ក៏ត្រូវបាននាំខ្លួនទៅសម្រាកស្ដារសុខភាពឡើងវិញ នៅឯផ្ទះលម្ហែ យកខ្យល់អាកាសនៅក្នុងខេត្ត ផយ៉ង់ កាន់ ខាងជើង។

ពេលនេះ កុំថាតែរឿងកន្លែងស្នាក់នៅរបស់លោកគីម ជុង អ៊ុន ថានៅទីណានោះ សូម្បីតែថា តើលោក គីម ជុង អ៊ុន នៅមានជីវិតរស់នៅ ឬអត់នោះ ក៏មិនទាន់មានអ្នកណាដឹងច្បាស់នៅឡើយ?…៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement