រុស្ស៊ី​ចាប់​ខ្លួន​អតីត​ប្រធាន​សមាគម​ឱសថ​បុរណ​វៀតណាម ដែល​លក់​ថ្នាំ​​បុរាណ​ព្យាបាល​ COVID-19

រុស្ស៊ី​ចាប់​ខ្លួន​ជនជាតិ​វៀតណាម លក់​ឱសថ​បុរាណ​ព្យាបាល​ COVID-19

Than Duc Tai ជា​ជន​ជាតិ​វៀតណាម​រស់​នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី ត្រូវ​បាន​ចាប់​ខ្លួន​ ព្រោះ​តែ​បាន​ឃោសនា​លក់​ឱសថ​បុរាណ​ដែល​ខ្លួន​បាន​ផ្សំ​ឡើង​ដើម្បី​ព្យាបាល​​អ្នក​ជំងឺ​COVID-19។

សមត្ថកិច្ច​រុស្ស៊ី​ រួម​មាន​ក្រុម​ត្រួត​ពិនិត្យ​ឱសថ និង​ក្រុម​ប៉ូលិស កាល​ពី​ថ្ងៃទី​27​មេសា បាន​ឆ្មក់​ចូល​ត្រួត​ពិនិត្យ​​គ្លីនិក​​បុរាណ​ “Doktor Tai” នៅ​ជាយ​ក្រុង​ម៉ូស្គូ និង​បាន​ចាប់​ខ្លួន​គ្រូឱសថ​បុរាណ​ម្នាក់​នៅ​ទី​នេះ​។ នេះ​បើ​តាម​​ទូរទស្សន៍​ Moskva-24។

ទីភ្នាក់​ងារ​សារព័ត៌មាន​ MK របស់​សម្ព័ន្ធយុវជនកុម្មុយនិស្តម៉ូស្គូ បាន​ឱ្យ​ដឹង​ថា លោក​ Than Duc Tai មិន​បាន​បដិសេធ​អំពី​ឱសថ​ដែល​ខ្លួន​ឃោសនា​​ថា​មាន​ប្រសិទ្ធ​ភាព​ក្នុងការ​ព្យាបាល​COVID-19​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​អួត​​​ថា​ ខ្លួន​ធ្លាប់​បាន​ប្រើ​ថ្នាំ​នេះ​ដើម្បី​ព្យាបាល​​ប្រធានាធិបតី​របស់​សាធារណរដ្ឋ​​អាបាខាហ្សី (Abkhazia) ក៏​ដូចជា​អ្នកជំងឺ​ជា​ច្រើន​នៅ​ទីក្រុង​ម៉ូស្គូ ឱ្យ​ជា​សះស្បើយ​ពី​ជំងឺ​COVID-19ទៀត​ផង​។

នៅក្នុង​គ្លីនិក​បុរាណ​របស់​ជនជាតិ​វៀត​ណាម​រូប​នេះ គេ​ឃើញ​មាន​ស្នែង​សត្វ​ ស្មៅ​ ឫសឈើ​មិន​មាន​ប្រភព​ច្បាស់​លាស់​ រួម​នឹង​ឧបករណ៍​ដឹក​ជញ្ជូន​ធាតុ​រាវ និង​ទឹក​ ដែល​បុរស​នេះ​បក​ស្រាយ​ថា​ “បាន​បញ្ចូល​អគ្គិសនី​” រួច​ហើយ​។

រុស្ស៊ី​ចាប់​ខ្លួន​ជនជាតិ​វៀតណាម លក់​ឱសថ​បុរាណ​ព្យាបាល​ COVID-19
អំឡុង​ឆ្នាំ​2016 Than Duc Tai ​ធ្លាប់​ធ្វើ​ជា​ប្រធាន​សមាគម​គ្រូ​ឱសថ​បុរាណ​វៀត​ណាម​​ប្រចាំ​សហ​ព័ន្ធ​រុស្ស៊ី​

“ឱសថ​” ត្រូវ​បាន​បុរស​នេះ​ផ្សំឡើង​ និង​វេចខ្ចប់​នៅ​ក្នុង​គ្លីនិក​នេះ រួច​ឃោសនា​លក់​ក្នុង​តម្លៃ​ចាប់​ពី​7,000-9,000​​រូប​(Russian Rouble) ស្មើ​នឹង​122​ដុល្លារ​អាមេរិក​។ ក៏ប៉ុន្តែ លោក Tai មាន​តែ​សញ្ញា​បត្រ​​ទាក់​ទិន​នឹង​​វិជ្ជា​គក់​ច្របាច់​ និង​ប្រើ​ម្ជុល​​វិទ្យា​សាស្ត្រ​តាំង​ពី​ឆ្នាំ​2009​តែ​ប៉ុណ្ណោះ​។ សមត្ថកិច្ច​បាន​រឹប​អូស​យក​ឱសថ​បុរាណ​របស់​បុរស​នេះ​ ដើម្បី​ធ្វើ​ជា​ភ័ស្ដុតាង​ ចំណែក​គ្រូថ្នាំ​បុរាណ​រូប​នេះ​ អាច​ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​លក់​ថ្នាំ​ក្លែង​​ក្លាយ​។

កាលពី​ថ្ងៃទី​28​មីនា ឆ្នាំ​2019​ សារ​ព័ត៌មាន​ Bao Moi របស់​វៀតណាម​ ធ្លាប់​បាន​ចេញ​ផ្សាយ​ថា បុរស​ឈ្មោះ​ Than Duc Tai ខាងលើ​នេះ​ ធ្លាប់​ត្រូវ​បាន​សមាគម​វេជ្ជ​សាស្ត្រ​វៀតណាម​ប្រចាំ​ប្រទេស​រុស្ស៊ី​រកឃើញ​ថា បាន​ទិញ​សញ្ញាបត្រ​ក្លែង​ក្លាយ​​ទាក់​ទិន​នឹង​មុខរបរ​ពេទ្យ​​របស់​កាត់​ផងដែរ​។ អំឡុង​ឆ្នាំ​2016 ជន​សង្ស័យ​នេះ​ធ្លាប់​ធ្វើ​ជា​ប្រធាន​សមាគម​គ្រូ​ឱសថ​បុរាណ​វៀត​ណាម​​ប្រចាំ​សហ​ព័ន្ធ​រុស្ស៊ី​ផងដែរ​។

រុស្ស៊ី​ បច្ចុប្បន្ន​គឺជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​លំដាប់​ទី​8​ក្នុង​ពិភពលោក ដោយ​មាន​អ្នក​ជំងឺ​សរុប​ជិត​​100,000​នាក់ ក្នុង​នោះ​មាន​ជិត​1,000​​នាក់​បាន​បាត់បង់ជីវិត​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement