កូរ៉េខាង​ត្បូង​៖ ជាលើក​ដំបូង​ដែល​មិន​មាន​​ករណី​ឆ្លង​​COVID-19ថ្មី​​ក្នុង​ស្រុក​ ក្រោយ​ចំណាយ​​ពេលអស់​​2​ខែ​ក្នុង​ការ​ធ្វើ​ “សង្គ្រាម​ជីវសាស្ត្រ”

កូរ៉េខាង​ត្បូង​៖ លើក​ដំបូង​ដែល​មិន​មាន​​ករណី​ឆ្លង​​COVID-19ថ្មី​​ក្នុង​ស្រុក​ ក្រោយ​រយៈ​ពេល​2​ខែ​នៃ​ការ​ធ្វើ​

កូរ៉េខាង​ត្បូង​ថ្ងៃ​នេះ​ បាន​ប្រកាស​ថា​ រក​ឃើញ​អ្នកជំងឺ​ថ្មី​ចំនួន​4ករណី​បន្ថែម​ទៀត ប៉ុន្តែ​ទាំង​នេះ​សុទ្ធ​តែ​ជា​អ្នក​ជំងឺ​ “នាំ​ចូល” (អ្នក​ជំងឺ​មក​ពី​បរទេស​)​ ដូច្នេះ​ ថ្ងៃ​នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែលកូរ៉េ​ខាង​ត្បូង​​មិន​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ក្នុង​ស្រុក​ រាប់ចាប់​ពី​ថ្ងៃទី​29​មីនា​មក​ដល់​បច្ចុប្បន្ន​។

មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​ទប់​ស្កាត់​ជំងឺ​របស់​កូរ៉េខាង​ត្បូង KCDC (Korea Centers for Disease Control and Prevention) ថ្ងៃនេះ​ក៏​បាន​ឱ្យ​ដឹង​ថា តួលេខ​សរុប​នៃ​អ្នក​បាន​ឆ្លងវីរុស​COVID-19 ក្នុង​ប្រទេស​នេះ​ កើន​ឡើង​ដល់​10,765​នាក់ ក្នុង​នោះ​មាន​247​នាក់​បាន​ស្លាប់។ អ្នក​ស្លាប់​កើន​1ករណី​បើ​ធៀប​នឹង​ម្សិល​មិញ​។

KCDC បាន​ឱ្យ​ដឹង​ដែរ​ថា​ អ្នក​ជំងឺ​ថ្មី​ចំនួន​4ករណី​នេះ ក៏ជា​តួលេខ​ទាប​បំផុត​ក្នុង​អំឡុង​2ខែ​មក​នេះ​។ អ្នក​ជំងឺ​COVID-19 ដែល​បាន​ជា​សះ​ស្បើយ​នៅ​​កូរ៉េខាង​ត្បូង​ មានចំនួន​9,059​នាក់​។

បើ​ទោះ​បី​ជា​មាន​សញ្ញា​បង្ហាញ​ថា COVID-19 កំពុង​ថម​ថយ​កម្លាំង​ហើយ​ក្ដី ប៉ុន្តែ​មន្ត្រី​សុខាភិបាល​កូរ៉េខាង​ត្បូង​នៅ​តែ​បង្ហាញ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ខណៈ​ដែល​ទិវា​ពល​កម្ម​អន្តរជាតិ(1ឧសភា)​ និង​ទិវា​កុមារ​កូរ៉េ​(5ឧសភា) ជិត​ចូល​មក​ដល់៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement