មនុស្ស​រាប់​ពាន់​នាក់​នៅ​ New York ចូល​រួម​បុណ្យ​សព្វ​​អ្នក​ជំងឺ​ COVID-19

មនុស្ស​រាប់​ពាន់​នាក់​នៅ​ New York ចូល​រួម​បុណ្យ​សព្វ​​អ្នក​ជំងឺ​ COVID-19

អ្នក​នៅ​ទីក្រុង New York ​​រាប់​ពាន់​នាក់​បាន​ចូល​រួម​បុណ្យ​សព​របស់​បព្វជិតសាសនា​​យូដា​ម្នាក់ បើ​ទោះ​ជា​ទីក្រុង​នេះ​កំពុង​ស្ថិត​ក្នុង​បម្រាម​គោចរ​​ទប់​ស្កាត់​ COVID-19 ក៏ដោយ​ ធ្វើ​ឱ្យ​សមត្ថកិច្ច​ត្រូវ​ចាត់​វិធាន​ការ​។

Dermot Shea ដែល​ជា​ស្នង​ការ​​នគរ​បាល​ទីក្រុង​ New York ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃទី​29​មេសា​ថា មនុស្ស​រាប់​ពាន់​នាក់​នៅ​ Williamsburg ក្នុង​តំបន់ Brooklyn បាន​ប្រមូល​ផ្ដុំ​គ្នា​កាល​ពីយប់មុន​នោះ​ដើម្បី​ចូល​រួម​បុណ្យ​សព្វ​របស់​បព្វជិត​យូដា​ម្នាក់​ឈ្មោះ Chaim Mertz ដែល​បាន​ស្លាប់​ដោយ​សារ​ឆ្លង​វីរុស​COVID-19។

ថ្នាក់​ដឹក​នាំ​សាសនិក​​យូដា​មួយ​ក្រុម ​នៅ​មុន​ថ្ងៃ​បុណ្យ​សព្វ​ខាងលើ បាន​ពិភាក្សា​ជាមួយ​ក្រុម​មន្ត្រី​នគរ​បាល​អំពី​គម្រោង​បិទ​ផ្លូវ​មួយ​ចំនួន​ក្នុង​តំបន់​នេះ​​ ដើម្បី​ជួយ​ឱ្យ​ពិធីបុណ្យ​សព​អាច​រក្សា​បាន​គំលាត​ពី​សង្គម​។ នេះ​បើ​តាម​ Mitchell Silber ដែល​ជា​ប្រធាន​ប្រតិបត្តិ​នៃ​អង្គ​ការ​ផ្ដួច​ផ្ដើម​ដើម្បី​សន្តិសុខ​សង្គម​ ជា​កម្មវិធី​ការ​ពារ​​បណ្ដា​អង្គ​ការ​សហគមន៍​​ជន​ជាតិ​ជ្វីហ្វ​ដែល​កាន់​សាសនា​យូដា​។ ប៉ុន្តែ ទាំង​សមត្ថកិច្ច​ ទាំង​ថ្នាក់​ដឹក​នាំ​អង្គ​ការ​នេះ​ នឹក​ស្មាន​មិន​ដល់​ថា ពិធី​បុណ្យ​សព​នេះ​មាន​មនុស្ស​ចូល​រួម​រាប់​ពាន់​នាក់​បែប​នេះ​សោះ​។

នៅ​ចំពោះ​មុខ​ការ​ប្រមូល​ផ្ដុំ​គ្នា​ច្រើន​បែប​នេះ ដែល​ក្នុង​នោះ​មាន​មនុស្ស​ជា​ច្រើន​មិន​បាន​ពាក់​ម៉ាស់ អភិបាល​ក្រុង​ New York លោក Bill de Blasio ក៏ចេញ​បញ្ជា​ឱ្យ​ប៉ូលិស​បំបែក​ហ្វូង​មនុស្ស​។ បន្ទាប់​មក មាន​សមត្ថកិច្ច​យ៉ាង​ច្រើន​​ រួម​ជាមួយ​នឹង​រថយន្ត​ល្បាត ត្រូវ​បាន​បញ្ជូន​ទៅកាន់​ទីតាំង​បុណ្យ​សព​​ និង​បាន​អនុវត្ត​បទបញ្ជា​។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ពាក់​ព័ន្ធ​នឹង​​ជន​ជាតិ​ជ្វីហ្វ(Jewish) និង​មនុស្ស​មួយចំនួន​ទៀត​ ដែល​ជា​អ្នក​ប្រតិបត្តិ​សាសនា​យូដា​ខាងលើ បាន​ចោទ​អភិបាល​ក្រុង​ New York ថា​ “រើស​អើង​ពូជ​សាសន៍​”។ ប៉ុន្តែ អភិបាល​ក្រុង New York ថា នេះ​គ្រាន់​តែ​ជា​ការទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​តែ​ប៉ុណ្ណោះ​។

Jonathan Greenblatt ដែលជា​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​ទប់​ស្កាត់​​ការ​បរិហាកេរ្តិ៍​ បាន​និយាយ​ថា ទីក្រុង​ New York គឺ​ជា​កន្លែងរស់​នៅ​​របស់​ជនជាតិ​ជ្វីហ្វ​​ជាង​1លាន​នាក់​៕

ប្រភព៖​ សារ​ព័ត៌មាន​បរទេស​

Advertisement