Hot News! នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី ឆ្លង​វីរុស​ COVID-19!

នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី ឆ្លង​វីរុស​ COVID-19!
នាយក​រដ្ឋ​មន្ត្រី​ Mikhail Mishustin បើក​កិច្ច​ប្រជា​ពី​ចម្ងាយ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ នៅ​ទីក្រុង​ម៉ូស្គូកាលពី​ថ្ងៃទី​30មេសា។ រូប​៖ AFP

នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​រុស្ស៊ី លោក Mikhail Mishustin បាន​ប្រកាស​ថា លោក​បាន​ឆ្លង​វីរុស​COVID-19 និង​កំពុង​បង្ខាំ​ងខ្លួន​នៅ​ដាច់​ដោយ​ឡែក​។

នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី លោក Mikhail Mishustin អាយុ​54​ឆ្នាំ បាន​ប្រកាស​ថា លោក​បាន​ឆ្លង​វីរុស​COVID-19 និង​កំពុង​តែ​បង្ខាំង​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ ហើយ​លោក​ក៏​បាន​ស្នើ​ឱ្យ​មាន​អ្នក​ឡើង​មក​កាន់​តំណែង​ជំនួស​លោក​ផងដែរ​។

“ខ្ញុំទើប​តែ​ទទួល​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជាមួយនឹង​​វីរុស​COVID-19” នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ីមាន​ប្រសាសន៍​បែប​នេះ​​ នៅ​ក្នុងកិច្ច​ប្រជុំ​តាម​អនឡាញ​ជាមួយ​ប្រធានាធិបតី​ Putin នៅ​ទីក្រុង​ម៉ូស្គូ កាល​ពីថ្ងៃទី​30​មេសា​។

លោកនាយក​រដ្ឋ​មន្ត្រី​បន្ត​ថា “ខ្ញុំ​ត្រូវ​បង្ខាំង​ខ្លួន​ដាច់​ដោយ​ឡែក​ និង​ធ្វើតាម​ការ​ណែនាំ​របស់​ក្រុម​វេជ្ជបណ្ឌិត​ដើម្បី​ការ​ពារ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​”​។ លោក​ថ្លែង​ថា លោក​នឹងនៅ​តែ​​បន្ត​រក្សា​ទំនាក់​ទំនង​ជាមួយ​អ្នក​គ្រប់​គ្នា​។

លោក Mikhail Mishustin ក៏បាន​ស្នើ​ឱ្យ​ឧបនាយក​រដ្ឋមន្ត្រី​ គឺ​លោក​ Andrei Belousov ឡើង​កាន់​តំណែង​ជំនួស​លោក​ផងដែរ​។

អ្នកនាំ​ពាក្យ​ Vladimir Belyakov របស់​ Mishustin បាន​ឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ទីតាំង​នោះឡើយ​។

“បញ្ហា​ដែល​កើត​ឡើង​ជា​មួយ​លោក ក៏អាច​កើត​ឡើង​ជាមួយ​មនុស្ស​គ្រប់គ្នា​។ ខ្ញុំ​សង្ឃឹម​ថា លោក​នៅ​តែ​អាច​ធ្វើ​ការ​បាន និង​បន្ត​ចូល​រួម​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​កិច្ច​ការ​របស់​រដ្ឋាភិបាល​” ប្រធានាធិបតី​រុស្ស៊ី លោក Putin មាន​ប្រសាសន៍​បែប​នេះ​ទៅកាន់​នាយក​រដ្ឋ​មន្ត្រី។

លោក Mishustin គឺជា​មន្ត្រី​ជាន់​ខ្ពស់​ដំបូង​របស់​សហព័ន្ធ​រុស្ស៊ី​ ដែល​បាន​ប្រកាស​ថា​ខ្លួន​បាន​ឆ្លង​វីរុស​​COVID-19 ខណៈ​ដែល​ប្រទេស​នេះ​ មាន​អ្នកជំងឺ​កូរ៉ូណា​សរុប​ជាង​100,000​នាក់​ ក្នុង​នោះ​មាន​អ្នកជំងឺ​ជាង​1,000​នាក់​បាន​បាត់​បង់ជីវិត​៕

Advertisement