រឿងកុហក កំពុងចាប់ផ្ដើមឡើងម្ដងទៀតហើយ…

រឿងកុហក កំពុងចាប់ផ្ដើមឡើងម្ដងទៀតហើយ...
លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក-- លោកចច ដាប់ប៊ើលយូ ប៊ូស អតីតប្រធានាធិបតីសហរដ្ឋអាមេរិក

នៅពេលសហរដ្ឋអាមេរិក ត្រូវបានវាយប្រហារនៅថ្ងៃទី11 ខែកញ្ញា ឆ្នាំ2001 កម្ទេចអគារវើលដ៍ថ្រេដ សិនធើរ ស្ថិតនៅភាគខាងត្បូងបំផុតនៃទីក្រុងនីវយ៉ក បានធ្វើឱ្យរដ្ឋបាលលោកប្រធានាធិបតី ចច ដាប៊ើលយូ ប៊ូស នាពេលនោះ បាក់មុខយ៉ាងខ្លាំង ដោយសារតែមិនរវីរវល់ជាមួយព័ត៌មានសម្ងាត់អំពីផែនការវាយប្រហារ ដែលអង្គភាពព័ត៌មានសម្ងាត់បានសរុបឱ្យប្រធានាធិបតីបានដឹងជាមុនថា មានក្រុមភេរវករ បានមកហ្វឹកហាត់បើកយន្តហោះនៅក្នុងសហរដ្ឋអាមេរិកហើយ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក-- លោកចច ដាប់ប៊ើលយូ ប៊ូស អតីតប្រធានាធិបតីសហរដ្ឋអាមេរិក

ទាំងបាក់មុខពីភាពអស្ចារ្យមហិមារបស់ប្រទេសអាមេរិក ដែលត្រូវបានគេមើលងាយយ៉ាងធ្ងន់ធ្ងរ និងថែមទាំងមានអ្នកស្លាប់ដល់ទៅ 3ពាន់នាក់នៅក្នុងអគារខ្ពស់បំផុតដែលត្រូវបាក់រាបដល់ដីនៅទីក្រុងនីវយ៉កនាពេលនោះទៀតផង។

ពេញមួយឆ្នាំ2001 គឺជាឆ្នាំនៃការសងសឹក ដើម្បីស្ដារកិត្តិយស និងភាពអស្ចារ្យរបស់អាមេរិកឡើងវិញ មានការដឹកជញ្ជូនសម្ភារសឹក បើកការវាយលុកកម្ទេចស្ទើរតែគ្រប់ទីកន្លែងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីតាមប្រមាញ់រកមេខ្លោងភេរវករ អូសាម៉ា ប៊ីនឡាដេន ហើយថែមទាំងមានការវិភាគបន្ទោសលោក សាដាម ហ៊ូសសេន ថា មានចំណែកសំខាន់ក្នុងការជួយក្រុមបង្កភេរវកម្មអាល់កៃដានៅក្នុងអាហ្វហ្គានីស្ថានទៀតផង។

លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក-- លោកចច ដាប់ប៊ើលយូ ប៊ូស អតីតប្រធានាធិបតីសហរដ្ឋអាមេរិក

ឆ្នាំ2002 ជាឆ្នាំដែលសហរដ្ឋអាមេរិក ដោយអង្គភាពព័ត៌មានសម្ងាត់ និងមន្ទីរបញ្ចកោណ បានបង្ហាញភ័ស្តុតាងថា សាដាម ហ៊ូសសេន កំពុងរួមដៃគ្នាជាមួយក្រុមអាល់កៃដា ដោយមានការលបលួចអភិវឌ្ឍ និងប្រមូលសន្សំអាវុធនុយក្លេអ៊ែរ នៅក្រោមឃ្លាំងអាវុធសម្ងាត់ក្រោមសមុទ្រខ្សាច់។

នៅមានអាវុធមេរោគ(ជីវសាស្ត្រ) និងអាវុធគីមីចំនួនដ៏ច្រើនមហាសាល ត្រូវបានលបលួចរក្សាទុក ដែលអាចយកចេញមកវាយកម្ទេចប្រទេសផ្សេងៗនៅក្នុងតំបន់មជ្ឈិមបូព៌ា(ដូចដែលធ្លាប់ឈ្លានពានចូលគ្រប់គ្រងប្រទេសគូវេត ក្នុងអំឡុងសង្គ្រាមឈូងសមុទ្រក្នុងឆ្នាំ1990 រួចមកហើយ) និងក្នុងភូមិភាគផ្សេងៗទៀត ព្រោះសមត្ថភាពកាំជ្រួចទាំងឡាយរបស់លោក សាដាម អាចកម្ទេចបានទាំងស្រុង សូម្បីតែអឺរ៉ុប និងអាមេរិកទាំងមូលក៏ដោយ។

លោកប្រធានាធិបតី ប៊ូស នៅពេលនោះ បានបំប៉ោងព័ត៌មានកុហក ចោទប្រកាន់លោក សាដម ហ៊ូសសេន រហូតដល់ថ្នាក់នាំយករឿងនេះចូលទៅដាក់ពិចារណាក្នុងអង្គគណៈមន្ត្រីសន្តិសុខរបស់អង្គការសហប្រជាជាតិ ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសស្បែកខ្មៅដំបូងគេរបស់សហរដ្ឋអាមេរិក និងជាអតីតអគ្គមេបញ្ជាការក្នុងសង្គ្រាមឈូងសមុទ្រ(Desert Storms) គឺលោកឧត្ដមសេនីយ៍ឯក ខូលលីន ផាវវេលល៍ ទៀតផង។

មានការនាំយកខ្សែអាត់សំឡេងទាក់ទងគ្នារបស់កងទ័ពអ៊ីរ៉ាក់ដែលចល័តអង្គភាពអាវុធគីមីនៅក្នុងសមុទ្រខ្សាច់ មកបើកឱ្យស្ដាប់ក្នុងការផ្សាយបន្តផ្ទាល់ទូទាំងពិភពលោកទៀតផង។

រដ្ឋបាលលោកនាយករដ្ឋមន្ត្រី តូនី ប្ល៊ែរ របស់ប្រទេសអង់គ្លេសក្នុងខណៈពេលនោះ បានយករឿងនេះចូលទៅក្នុងសភាអង់គ្លេសឱ្យពិចារណាដើម្បីបញ្ជូនកងទ័ពអង់គ្លេស ទៅចូលរួមជាមួយកងកម្លាំងរបស់សហរដ្ឋអាមេរិក ក្នុងការបង្ក្រាបលោកសាដាម ហ៊ូសសេន ដើម្បីការពារ(Pre-emptive Strike)ការវាយប្រហាររបស់អ៊ីរ៉ាក់ ដែលប្រៀបដូចជាការពន្លត់ភ្លើងមុនពេលខ្យល់មកដល់ ដូច្នោះដែរ។

មានការបង្កើត ព័ត៌មានកុហក (ទើបតែមានការបើកកកាយឱ្យដឹងនៅពេលក្រោយមក) របស់អង្គភាពរាជការសម្ងាត់របស់អង់គ្លេសដែលបានប្រាប់ថា ខ្លួនបានទទួលព័ត៌មានមកពីអង្គភាពព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក អំពីសមត្ថភាពរបស់អាវុធមហាប្រល័យរបស់លោកសាដាម ហ៊ូសសេន ដែលថា អាចបំំពាក់ និងដំឡើងបានភ្លាមៗត្រឹមតែ 45នាទី ដើម្បីកម្ទេចប្រទេសទាំងឡាយ ទាំងក្នុងទ្វីបអឺរ៉ុប និងអាមេរិក។

ក្នុងគ្រានោះ លោកសាដាម ហ៊ូសសេន បានយល់ព្រមបើកប្រទេសឱ្យក្រុមអ្នកវិទ្យាសាស្ត្ររបស់អង្គការសហប្រជាជាតិចូលទៅត្រួតពិនិត្យថា តើលោកមានបានលាក់ទុកអាវុធមហាប្រល័យនោះមែន ឬយ៉ាងណាទៀតផង…តែ ក្រុមអ្នកវិទ្យាសាស្ត្រទាំងនោះ មិនទាន់ទាំងបានចូលទៅត្រួតពិនិត្យផង(ក្រុមនោះដឹកនាំដោយលោក Hans Blix អតីតនាយករដ្ឋមន្ត្រីប្រទេសស៊ុយអែដ) ស្រាប់តែសហរដ្ឋអាមេរិកទ្រាំលែងបាន បានរួមគ្នាជាមួយកងកម្លាំងរបស់អង់គ្លេស បើកការវាយលុកទីក្រុងប៊ែកឌែត របស់ប្រទេសអ៊ីរ៉ាក់ ក្នុងប្រតិបត្តិការ Shock & Awe ភ្លាមៗតែម្ដង។

ការវាយលុកក្នុងគ្រានោះ មិនបានឆ្លងកាត់មតិភាគច្រើនរបស់អង្គការសហប្រជាជាតិទេ ព្រោះប្រទេសអាល្លឺម៉ង់ និងបារាំង មិនឯកភាព រហូតធ្វើឱ្យអាមេរិកក្ដៅក្រហាយជាមួយពាក្យថា French Fries ត្រូវប្ដូរជា Freedom Fries!! វិញ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក-- លោកចច ដាប់ប៊ើលយូ ប៊ូស អតីតប្រធានាធិបតីសហរដ្ឋអាមេរិក

កងទ័ពចម្រុះពី Coalition of The Willings ដែលរួមជាមួយអាមេរិក បានវាយលុកស្ទើរតែគ្រប់ទីកន្លែងក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីស្វែងរកខ្លួនលោក សាដាម ហ៊ូសេសន និងតាមប្រមាញ់អាវុធមហាប្រល័យ(WMD-Weapons of Mass-Destuction) ដែលក៏រកមិនឃើញសោះឡើយ។

ទាហានអាមេរិក ស្លាប់អស់ជិត 4,500នាក់ និងរងរបួសជិត 32,000នាក់ ចំនួននេះនៅមិនទាន់បូករួមទាហានរបស់កងកម្លាំងបរទេសដែលរួមជាមួយសហរដ្ឋអាមេរិកផង និងមានប្រជាជនអ៊ីរ៉ាក់ ស្លាប់ជាច្រើនសែននាក់ ហើយក៏បាននាំមកនូវការបង្កើតខ្លួនឡើងរបស់អតីតឧត្ដមសេនីយ៍ម្នាក់ របស់លោកសាដាម ហ៊ូសេសន ដែលរៀបចំបង្កើតកងកម្លាំង ISIS ឡើងក្នុងឆ្នាំ2011។

ខណៈនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងសម្រុកចោទប្រកាន់ថា អាមេរោគចង្រៃដែលកំពុងឆ្លងរាតត្បាតទូទាំងពិភពលោកនេះ គឺជា man-made virus ដែលបែកធ្លាយចេញមកពីមន្ទីរពិសោធន៍ស្រាវជ្រាវវីរុសរបស់ចិននៅទីក្រុងវូហាន ហើយចិនត្រូវតែទទួលខុសត្រូវចំពោះកំហុសក្នុងគ្រានេះ ព្រោះវាបានបង្កឱ្យកើតការបាត់បង់ជីវិតមនុស្សដ៏ច្រើនមហាសាល និងសេដ្ឋកិច្ចអាមេរិក សេដ្ឋកិច្ចពិភពលោកបានដួលរលំខ្ទេចខ្ទី ដែលអាចអាក្រក់ជាងការធ្លាក់ចុះនៅឆ្នាំ1930 ទៅទៀត។

រដ្ឋមន្ត្រីការបរទេស លោកប៉ុមប៉េអូ បានប្រាប់ថា មានភ័ស្តុតាង! ហើយលោកត្រាំប្រាប់ថា ភ័ស្តុតាងនេះ មិនអាចបង្ហាញបានទេ!!

នៅក្នុងប្រទេសក្នុងក្រុម 5 Eyes ដែលសហការគ្នាផ្នែកព័ត៌មាន ក៏កំពុងជួយគ្នាបំប៉ោងព័ត៌មាន ដែលដឹកនាំដោយប្រទេសអូស្ត្រាលី និងកាណាដា ហើយលោកត្រាំ ក៏កំពុងគំរាមដាក់ទណ្ឌកម្មចិន ដោយនឹងដំឡើងពន្ធលើមុខទំនិញមកពីប្រទេសចិន រហូតទាល់តែចិនព្រមចេញមកសារភាពកំហុស។

មិនត្រឹមតែចោទប្រកាន់ថា ចិនអាចមានចេតនា ឬជាឧប្បត្តិហេតុក៏ដោយ តែចិនបានបណ្ដោយឱ្យមេរោគកំណាចនោះចេញមកបំផ្លាញពិភពលោក ហើយថែមទាំងប្រកាសដាស់តឿនប្រទេសផ្សេងៗ យឺតពេលជ្រុលទៀតផង រួមទាំងមានការស្តុកទុកឧបករណ៍ពេទ្យដែលចាំបាច់គ្រប់យ៉ាង មិនឱ្យចេញពីប្រទេសចិន ដើម្បីជួយព្យាបាលអ្នកជំងឺទូទាំងពិភពលោកទៀតផង។

លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក-- លោកចច ដាប់ប៊ើលយូ ប៊ូស អតីតប្រធានាធិបតីសហរដ្ឋអាមេរិក

ឯផលប្រយោជន៍របស់លោកត្រាំវិញ ត្រូវបានគេមើលឃើញច្បាស់ខ្លាំងណាស់ គឺដើម្បីលុបបំបាត់កំហុសឆ្គងដែលខ្លួនឯងមិនទទួលយកការប្រកាសអាសន្នអំពីប្រទេសចិន+WHO ក្នុងរយៈពេល 2ខែពេញ គឺមករា និងកុម្ភៈ។

លោកត្រាំ បន្ទោសទាំងប្រពន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បន្ទោសទាំងគណបក្សដេម៉ូក្រេត ដែលតាមប្រមាញ់មេធ្មប់ ដើម្បីបណ្ដេញលោកចេញពីតំណែង បន្ទោសទាំងលោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថាមិនបានត្រៀមឧបករណ៍ពេទ្យទុកទាល់តែសោះ និងអ្វីដែលលោកបន្ទោសថា ខុសខ្លាំងជាងគេបំផុតនោះគឺ ចិន…ដែលទាំងប្លន់ការងារពីពលរដ្ឋអាមេរិកាំង និងយកមេរោគកំណាចមកសម្លាប់ពលរដ្ឋអាមេរិកាំង និងបំផ្លាញសេដ្ឋកិច្ចអាមេរិកឱ្យដួលរលំខ្ទេចខ្ទីអស់…៕

លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក-- លោកចច ដាប់ប៊ើលយូ ប៊ូស អតីតប្រធានាធិបតីសហរដ្ឋអាមេរិក
លោកសាដាម ហ៊ូសសេន អតីតប្រធានាធិបតីនៃប្រទេសអ៊ីរ៉ាក់ នៅក្នុងសវនការ មុនពេលត្រូវកាត់ទោសប្រហារជីវិតដោយការព្យួរក

ប្រភព៖ សារព័ត៌មានបរទេស

Advertisement