Trump ថា “WHO” ជា​អាយ៉ង​របស់​ចិន​”

Trump ថា

លោក​ Donald Trump ថ្លែង​ថា​ សហរដ្ឋ​អាមេរិក​នឹង​ប្រកាស​អំពី​គម្រោង​​ផ្ដល់​ជំនួយ​ដល់​អង្គ​ការ​សុខ​ភាព​ពិភពលោកក្នុង​ពេល​​ឆាប់​ៗ​ខាង​មុខ បន្ទាប់​ពី​បាន​ចោទ​ប្រកាន់​អង្គ​ការ​នេះ​ថាជា “អាយ៉ង​របស់​ប្រទេស​ចិន​”។

“អង្គ​ការ​សុខ​ភាព​ពិភពលោក​(WHO) គឺជា​អាយ៉ង​របស់​ចិន​” ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ថ្លែង​បែប​នេះ​នៅក្នុង​កម្មវិធីទូរទស្សន៍​ Fox & Friends កាលពី​ថ្ងៃទី​8​ឧសភា​។ លោក​បន្ត​ថា “យើង​បាន​ឱ្យ​ប្រាក់​ទៅ​ WHO ច្រើន​ជាង​គេ​បង្អស់​។ ហើយ​ខ្ញុំ​បាន​ស្ដី​បន្ទោស​អ្នក​នយោបាយ​របស់​ខ្ញុំ។ និយាយ​ដោយ​ស្មោះ ក្រុម​អ្នក​នយោបាយ​របស់​យើង បាន​ប្រឹង​ប្រែង​ខ្លាំង​ណាស់​”។

ប្រធានាធិបតី​អាមេរិកាំង​យល់​ថា ដោយ​សារ​តែ​បញ្ហា​ខាង​លើ​នេះ​ហើយ ដែល​ទីក្រុង​វ៉ាស៊ីងតោន​នឹង​ធ្វើ​ការ​ពិនិត្យ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដើម្បី​សម្រេច​ចិត្ត​ទៅ​លើ​ផែន​ការ​ផ្ដល់​ជំនួយ​សម្រាប់ WHO។

កាល​ពី​ខែ​មេសា លោក Trump បាន​ប្រកាស​កាត់​ជំនួយ​សម្រាប់​ WHO ដោយ​មូលហេតុ​ថា អង្គ​ការ​នេះ​បាន​ឃុប​ឃិត​ជាមួយ​ទីក្រុង​ប៉េកាំង​​ក្នុងការ​លាក់​បាំង​ភាព​ធ្ងន់​ធ្ងរ​របស់​COVID-19​ នៅ​ប្រទេស​ចិន​ បណ្ដាល​ឱ្យ​ប្រទេស​ជា​ច្រើន​ត្រូវ​ខាត​ពេល​វេលា​ដ៏​មាន​តម្លៃ​សម្រាប់​ត្រៀម​ទប់ទល់​នឹង​វីរុស​កូរ៉ូណា ព្រម​ទាំង​នាំ​ឱ្យ​មាន​ការ​ពន្យារ​ពេល​ក្នុង​ការ​ដាក់​បម្រាម​គោចរ​។ លោក Trump សង្កត់​ធ្ងន់​ថា សហរដ្ឋអាមេរិក​បាន​ចំណាយ​ប្រាក់​450​លាន​ដុល្លារ​ទៅ​ឱ្យ​ WHO ខណៈ​ដែល​ប្រទេស​ចិន​ផ្ដល់​ជំនួយ​ត្រឹម​តែ​38លាន​ដុល្លារ​ប៉ុណ្ណោះ​។

ក្រោយ​ពី​លោក​ Trump បាន​គំរាម​កាត់​ជំនួយ​ ប្រធាន​អង្គការ​ WHO លោក Tedros ក៏​បាន​សម្ដែង​ការ​សោក​ស្ដាយ​ និង​បាន​អះអាង​ថា “អាមេរិកាំង​គឺជា​មិត្ត​យូរ​អង្វែង​​ និង​ចិត្ត​ទូលាយ​​សម្រាប់​​ WHO” ហើយ​សង្ឃឹម​ថា ទីក្រុង​វ៉ាស៊ីងតោន​នឹង​បន្ត​​ផ្ដល់​ជំនួយ​ត​ទៅ​ទៀត​។

សាស្ត្រាចារ្យ Nahid Bhadelia ដែល​ជា​អ្នកជំនាញ​ខាង​ជំងឺ​ឆ្លង​ ម​ក​ពី​សាកល​វិទ្យា​ល័យ​ Boston នៃ​សហរដ្ឋ​អាមេរិក​ បាន​ថ្លែង​ថា ការ​កាត់​ជំនួយ​ដល់​ WHO ប្រៀប​បាន​ដូច​ជា​គ្រោះ​មហន្តរាយ​មួយ​យ៉ាងដូច្នោះ​ដែរ​។ ចំណែក​បក្ស​​ប្រជា​ធិបតេយ្យ​ក៏បាន​រិះ​គន់​លើ​ប្រធានាធិបតី​អាមេរិកាំង​ និង​ព្រមាន​ថា វា​អាច​ធ្វើ​ឱ្យ​​មាន​ភាព​ស្មុគស្មាញ​​កាន់​តែខ្លាំង​ចំពោះ​ការ​ខិត​ខំ​របស់​ពិភព​លោក​ដើម្បី​ទប់​ទល់​នឹង​វីរុស​នេះ​។

សហរដ្ឋ​អាមេរិក បាន​រួម​ចំណែក​ផ្ដល់​ជំនួយ​ប្រហែល​22%​ ក្នុង​ចំណោម​ជំនួយ​ដែល​ WHO ទទួលបាន​។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោ​យ​នេះ WHO ទទួល​បាន​ប្រាក់​ជំនួយ​​ពី​ក្រសួង​ការ​បរទេស​ ក្រសួង​សុខាភិបាល​ ស្ថាប័ន​ការ​ពារ​បរិស្ថាន​ និង​ទីភ្នាក់​ងារ​អភិវឌ្ឍ​អន្តរ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​។ ថវិកា​ទាំង​នេះ ភាគ​ច្រើន​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​អនុវត្ត​យុទ្ធ​នាការ​លុប​បំបាត់​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង​ និង​ជំនួយ​ផ្នែក​សុខាភិបាល​​ទៅ​ឱ្យ​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement