ចិន​តឿន​​អាមេរិកាំងឱ្យ​ឆាប់​​​សងបំណុល​អង្គ​ការ​សហប្រជា​ជាតិ​​

ចិន​តឿន​​អាមេរិកាំងឱ្យ​ឆាប់​​​សងបំណុល​អង្គ​ការ​សហប្រជា​ជាតិ​​

ប្រទេស​ចិន​​បាន​អំពាវ​នាវ​ឱ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​ (UN) ប្រញាប់​បំពេញ​តួនាទី​ផ្នែក​ហិរញ្ញ​វត្ថុ​ជាមួយ​នឹង​អង្គ​ការ​​នេះ ដោយ​បានសង្កត់​ធ្ងន់​ថា សហរដ្ឋ​អាមេរិក​នៅ​ជំពាក់​​ UN ដល់​ទៅ​ជាង​2​ពាន់​លាន​ដុល្លារ​។

“គិត​មក​ដល់​ថ្ងៃទី​14​ឧសភា​ ខ្ទង់​ប្រាក់​សរុប​ដែល​មិនទាន់​ត្រូវ​បាន​ទូទាត់​សម្រាប់​​ទ្រទ្រង់​របស់​អង្គ​ការ​សហប្រជាជាតិ​ (UN Regular Budget) និង​ថវិកា​សម្រាប់​ថែរក្សា​សន្តិ​ភាព​របស់​អង្គ​ការ​សហប្រជាជាតិ​ បាន​ឡើង​ដល់​ 1.6​ពាន់​លាន​ដុល្លារ និង​2.1​ពាន់​លាន​ដុល្លារ​អាមេរិក​” ចិន​បាន​ប្រកាស​បែប​នេះ​កាល​ពី​ថ្ងៃទី​15​ឧសភា​ ដោយ​ដក​ស្រង់​របាយ​ការណ៍​មួយ​ពី​ការិយាល័យ​អគ្គលេខា​ធិការ​នៃ​អង្គ​ការ​សហប្រជាជាតិ​។

យោង​តាម​សេចក្ដី​ប្រកាស​របស់​ទីក្រុង​ប៉េកាំង ខ្ទង់​បំណុល​ខាង​លើ​នេះ​បាន​អូស​បន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​។ ក្នុង​នោះ “សហរដ្ឋ​អាមេរិក​គឺជា​កូន​បំណុល​ធំបំផុត​ ដោយ​នៅ​ជំពាក់​​1.1​ពាន់​លាន​ដុល្លារ​សម្រាប់​​ថវិកា​ទ្រទ្រង់​(UN)​ និង​1.3​ពាន់​លាន​ដុល្លារ​សម្រាប់​ថវិកា​រក្សា​សន្តិ​ភាព​​”។

សហរដ្ឋ​អាមេរិក​គឺជា​ប្រទេស​ដែល​ចូល​រួម​បង់​វិភាគ​ទាន​ធំជាង​គេ​បង្អស់​របស់​អង្គ​ការ​សហប្រជា​ជាតិ​ ពោល​គឺ​ប្រមាណ​ជា​22%​នៃ​ការ​ចំណាយ​សរុប​ប្រចាំ​ឆ្នាំ​របស់​ UN ដែល​មាន​តម្លៃ​ប្រហែល​3​ពាន់​លាន​ដុល្លារ​ និង​25​%​សម្រាប់​សកម្ម​ភាព​រក្សា​សន្តិ​ភាព​ ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រហែល​6​ពាន់​លាន​ដុល្លារ​។

មក​ដល់​បច្ចុប្បន្ន មិន​ទាន់​មាន​ប្រតិ​កម្ម​ណា​មួយ​ពី​សហរដ្ឋ​អាមេរិក​នៅ​ឡើយ​ទាក់​ទិន​នឹងការ​ប្រកាស​របស់​ប្រទេស​ចិន​ដែល​បាន​រៀប​រាប់​ខាង​លើ​។ ការ​ទូទាត់​លើ​ខ្ទង់​វិភាគ​ទាន​​​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​ UN សម្រាប់​សកម្ម​ភាព​ថែ​រក្សា​សន្តិ​ភាព​ គឺ​មាន​ផល​ប៉ះពាល់​ផ្ទាល់​ដល់​ខ្ទង់​ប្រាក់​ដែល​អង្គ​ការ​នេះ​​ត្រូវ​ចំណាយ​ទៅឱ្យ​បណ្ដា​ប្រទេស​ដែល​បាន​បញ្ជូន​ទ័ព​របស់​ពួកគេ​ទៅ​បំពេញ​ភារកិច្ច​នានា​ចំនួន​15​លើក​របស់​អង្គ​ការ​សហប្រជាជាតិ​។

នៅក្នុង​របាយ​ការណ៍​មួយ​ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃទី​11​ឧសភា​ អគ្គលេខាធិការ​នៃ​អង្គ​ការ​សហប្រជាជាតិ​​ Antonio Guterres បាន​ព្រមាន​ថា ការ​សង​ប្រាក់​ទៅ​ឱ្យ​បណ្ដា​ប្រទេស​ខាង​លើ​នឹង​អាច​ត្រូវ​ពន្យារ​ពេល​​យូរ​ លើក​លែង​តែ​ UN មាន​ថវិកា​គ្រប់​គ្រាន់​។

គិត​មក​ដល់ថ្ងៃទី​14​ឧសភា ប្រទេស​ចំនួន​50​/193​ ដែល​ជា​សមាជិក​ UN ក្នុង​នោះ​មាន​ប្រទេស​ចិន​ជា​ដើម បាន​បង់​ប្រាក់​វិភាគ​ទាន​រួច​រាល់​ហើយ​។ ប្រទេស​ចិន ចូលរួមបង់​​វិភាគ​ទាន​ប្រមាណ​ជា​12​%​នៃ​ការ​ចំណាយ​សម្រាប់​ទ្រទ្រង់​ UN និង​15% សម្រាប់​សកម្ម​ភាព​រក្សា​សន្តិភាព​​​នៅ​ជុំ​វិញ​ពិភពលោក​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement