សង្គ្រាម​ពាក្យ​សម្ដី​រវាង​ Trump និង​ Obama កាន់​តែ​ “សាហាវ” ខណៈ​តួលេខ​អ្នក​ស្លាប់​ដោយ​សារ​COVID-19 នៅ​សហរដ្ឋ​អាមេរិក​ កើន​លើស​90,000​នាក់

សង្គ្រាម​ពាក្យ​សម្ដី​រវាង​ Trump និង​ Obama កាន់​តែ​

អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ Barack Obama ថ្មី​ៗ​នេះ បាន​រិះ​គន់​ជា​បន្ត​បន្ទាប់​ទៅ​លើ​ការ​ដឹក​នាំ​របស់​រដ្ឋបាល​លោក​ Donald Trump ទាក់​ទង​ទៅ​នឹង​ COVID-19 ដែល​នេះ​បាន​បណ្ដាល​ឱ្យ​ប្រធានា​ធិបតី​កំពុងកាន់​អំណាច ​មាន​ប្រតិ​កម្ម​តប​យ៉ាង​ខ្លាំង​ក្លា​។

ក្នុង​អំឡុង​24​ម៉ោង​ចុង​ក្រោយ​នេះ សហរដ្ឋអាមេរិក​បាន​រកឃើញ​អ្នក​ជំងឺ​កូរ៉ូណា​​ថ្មី​ចំនួន​19,053​នាក់​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​តួលេខ​អ្នកជំងឺ​COVID-19​ នៅ​ប្រទេស​នេះ​ឡើង​ដល់ជាង​​1,526,800​នាក់។ អ្នក​ស្លាប់​ដោយ​សារ​វីរុស​នេះ​ មាន​​ជាង​90,970​នាក់​​ ក្នុង​នោះ​ អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​860​នាក់​។ សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​។

ទាក់​ទង​នឹង​បញ្ហានៃ​វិធាន​ការ​ទប់​ទល់​នឹង​​វិបត្តិ COVID-19 នៅ​សហរដ្ឋ​អាមេរិក ថ្មី​ៗ​នេះ​ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ Barack Obama បាន​បញ្ចេញ​សំឡេង​រិះ​គន់​ទៅ​លើ​រដ្ឋបាល​លោក​ Trump ជា​បន្ត​បន្ទាប់ ធ្វើ​ឱ្យ​លោក​ Trump ឆ្លើយ​តប​ប្រកប​ដោយ​ភាព​ខ្លាំងក្លា​។

លោក​ Barack Obama ធ្លាប់​បាន​ថ្លែងថា “មេរោគ​រាត​ត្បាត​នេះ​ បាន​កាត់​ផ្ដាច់​យោបល់​ដែល​ថា ថ្នាក់​ដឹក​នាំ​ជា​ច្រើន​បាន​ដឹង​ថា ខ្លួន​កំពុង​ធ្វើអ្វី​។ ក្នុង​ចំណោម​ពួក​គេ​ មាន​ថ្នាក់​ដឹក​នាំ​​មិន​តិច​នោះ​ទេ​​ដែល​មិន​ខ្ចី​ទាំង​ធ្វើ​ពើ​ថា​ខ្លួន​កំពុង​គ្រប់​គ្រង​ (ការ​ងារ​)”។ លោក​ក៏បាន​សង្កត់​ធ្ងន់​ថា COVID-19 ​បាន​បង្ហាញ​អំពី​​ភាព​មិន​ស្មើ​ភាព​គ្នា​​នៃ​ពូជ​សាសន៍​នៅ​ហសរដ្ឋ​អាមេរិក​។ អតីត​ប្រធានាធិបតី​រូប​នេះ​ក៏​បាន​បង្ហាញ​ការ​ខឹង​សម្បា​ខ្លាំង​ចំពោះ​ករណី​បុរស​ស្បែក​ខ្មៅ​វ័យ​25​ឆ្នាំ​ ឈ្មោះ​ Ahmaud Armaud Arbery ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ពេល​កំពុង​ដើរ​ហាត់​ប្រាណ​នៅ​ឯរដ្ឋ​ Georgia​ កាល​ពីថ្ងៃ​ទី​23​កុម្ភៈ​2020​ ដោយ​សារ​តែ​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់ក្រុម​មនុស្ស​ដែល​ចេញ​មក​រារាំង​គាត់​។ កាល​ពី​ដើម​ខែ​ឧសភា លោក Obama បាន​ហៅ​វិធាន​ការ​ទប់​ទល់​ COVID-19 របស់​សេត​វិមាន​ថាជា “គ្រោះ​មហន្ត​រាយ​ដ៏ច្របូក​ច្របល់​”​ផង​ដែរ។

ឆ្លើយ​តប​នឹង​ការ​រិះ​គន់​ខាងលើ​​ លោក​ Trump ក៏​បាន​ចោទ​​លោក​ Obama ថា “ពិត​ជា​គ្មាន​សមត្ថ​ភាព​” ក្នុង​អំឡុង​កាន់​អំណាច។ លោក Trump បន្ត​ថា “ចូរ​គិត​ឡើង​វិញ គាត់​ធ្លាប់​ជា​ប្រធានាធិបតី​អសមត្ថ​ភាព​ នោះ​គឺជា​អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​។ គាត់​ជា​មនុស្ស​​អសមត្ថ​ភាពពិត​មែន​”។

ថ្មី​ៗ​នេះ​ លោក​ Trump បាន​ចាប់​ផ្ដើម​បង្ហោះ​សារ​ជា​បន្ត​បន្ទាប់​​ដើម្បី​រិះ​គន់​អតីត​ប្រធានាធិបតី​អាមេរិកាំង​។ លោក​ Trump បាន​ប្រើ​ប្រាស់​ពាក្យ​ “Obamagate” ជា​ច្រើន​លើក​ ដោយ​ចោទ​លោក Obama ថា បាន​រារាំង​លោក​​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​ឡើង​កាន់​អំណាច​ដោយ​ការ​ប្រើ​ប្រាស់ FBI ដើម្បី​ “ដាក់​អន្ទាក់” ចាប់​ទី​ប្រឹក្សា​ផ្នែក​នយោបាយមួយ​ចំនួន​​របស់​លោក​ ដូច​ជា​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ Michael Flynn ជា​ដើម​។ លោក Trump យល់​ថា លោក​ Obama នៅ​ពី​ក្រោយ​ការ​ស៊ើប​អង្កេត​​ទៅ​លើ​ករណី​រុស្ស៊ី​លូក​ដៃ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​ បណ្ដាល​ឱ្យ​លោក Flynn ត្រូវ​ជាប់​​ទោស​។

នៅក្នុង​ប្រតិកម្ម​មួយ​កាល​ពី​ម្សិលមិញ (17ឧសភា) លោក Trump បាន​ស្នើ​ឱ្យ​កាត់​ទោស​លោក Obama និង​លោក​ Joe Biden (បេក្ខភាព​ប្រធានាធិបតី​មក​ពី​បក្ស​ប្រ​ជាធិបតេយ្យ​​ នា​បច្ចុប្បន្ន​) ឱ្យ​ជាប់​ពន្ធ​នាគារ​50​ឆ្នាំ​។ ម្ចាស់​សេត​វិមាន​ បាន​ចោទ​លោក​ Obama និង​លោក Biden ថា ជាប់​ទាក់​ទិន​នឹង​ការ​ស៊ើប​អង្កេត​មួយ​ដែល​លោក​ Trump ហៅ​ថាជា “អំពើ​អាប​ធ្មប់” របស់​ FBI ប្រឆាំង​នឹង​លោក Flynn៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement