អាចម៍ផ្កាយ​ប្រវែង​1,500​​ម៉ែត្រ​ នឹង​ហោះ​​មក​​ជិត​ផែន​ដី​នៅ​ក្នុង​សប្ដាហ៍​នេះ​

អាចម៍ផ្កាយ​ប្រវែង​1,500​ម៉ែត្រ​ នឹងហោះ​មក​ជិត​ផែន​ដី​នៅ​ក្នុង​សប្ដាហ៍​នេះ​

ទីភ្នាក់​ងារ​អវកាស​អាមេរិកាំង​ NASA បាន​ប្រកាស​ឱ្យ​ដឹង​ថា អាចម៍ផ្កាយ​ដ៏ធំមួយ​​ដែល​មាន​ឈ្មោះ​ថា 1997 BQ នឹង​ហោះកាត់​ទទឹង​ក្បែរ​ផែន​ដី​របស់​យើង​នា​យប់​ថ្ងៃទី​21​ឧសភា​ខាង​មុខ​។

ជា​មួយ​នឹង​​ល្បឿន​​11.2​គីឡូម៉ែត្រ​ក្នុង​1​វិនាទី​ អាចម៍​ផ្កាយ​1997 BQ ដែល​មាន​ប្រវែង​វែង​ជាង​អគារ​ Empire State (កម្ពស់​443​ម៉ែត្រ) នៅ​សហរដ្ឋ​អាមេរិក​​ដល់​ទៅ​ជាង​3ដង​នេះ​ នឹង​ហោះ​កាត់​ក្បែរ​ផែន​ដី​​ក្នុង​រយៈ​ចម្ងាយ​មិន​គួរ​ឱ្យ​ព្រួយ​បារម្ភ​នោះ​ទេ​។ ប៉ុន្តែ ដោយ​សារ​ 1997 BQ មាន​ទំហំ​ធំ​ វាក៏​ត្រូវ​បាន​ NASA ចាត់​ចូល​ក្នុង​ក្រុម​ “ដែល​អាច​បង្ក​គ្រោះថ្នាក់​” និង​ត្រូវ​បាន​តាម​ដាន​ជា​ប្រចាំ​។ 1997 BQ​ នឹង​ហោះ​មក​ក្បែរ​ផែន​ដី​ក្នុង​រយៈ​ចម្ងាយ​6.1​លាន​គីឡូម៉ែត្រ​ ដែល​ឆ្ងាយ​ជាង​រយៈ​ចម្ងាយ​ពី​ផែន​ដី​ទៅ​ព្រះចន្ទ​ចំនួន​16​ដង​។ NEO ដែល​ជា​ស្ថានីយតាម​ដាន​វត្ថុ​អវកាស​ដែល​ហោះ​ក្បែរ​ផែនដី​របស់​អង្គ​ការ​ NASA បាន​ឱ្យ​ដឹង​ថា​ អាចម៍​ផ្កាយ​ 1997 BQ នេះ​ នឹង​ហោះ​មក​ជិត​​ផែន​ដី​បំផុត​នៅ​វេលា​ម៉ោង​3និង​45​នាទី​ នៃ​ថ្ងៃទី​22​ឧសភា​(ម៉ោង​នៅ​កម្ពុជា) ខាង​មុខ​។

អាចម៍ផ្កាយ​ប្រវែង​1,500​ម៉ែត្រ​ នឹងហោះ​មក​ជិត​ផែន​ដី​នៅ​ក្នុង​សប្ដាហ៍​នេះ​បច្ចុប្បន្ន ក្រុម​តារាវិទូ​កំពុង​តែ​តាម​ដាន​វត្ថុ​អវកាស​ចំនួន​ជិត​2,000​ ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ផែន​ដី​​​ ក្នុង​នោះ​មាន​អាចម៍​ផ្កាយ​ ផ្កាយ​ដុះ​កន្ទុយ​ និង​ដុំ​ថ្ម​អវកាស​​ផ្សេង​ៗ។ អ្នក​វិទ្យា​សាស្ត្រ​បាន​ឱ្យ​ដឹង​ថា រាប់​ចាប់​តាំង​ពី​អាចម៍​ផ្កាយ​ដែល​បាន​ធ្វើ​ឱ្យ​ដាយ​ណូស័រ​ដាច់​ពូជ​កាល​ពី​66​លាន​ឆ្នាំ​មុន ផែន​ដី​របស់​យើង​មិន​ទាន់​ជួប​គ្រោះ​មហន្តរាយ​ប្រហាក់​ប្រហែល​គ្នា​នេះ​នៅ​ឡើយ​។ ក៏ប៉ុន្តែ អាចម៍​ផ្កាយ​តូច​ៗនៅ​តែ​ធ្លាក់​មក​លើ​ផែន​ដី​ជា​ញឹក​ញាប់​។

NASA បាន​អះអាង​ថា ចាប់​ពី​​ពេល​នេះ​រហូត​ដល់​រាប់​រយ​ឆ្នាំ​ទៅមុខ​ទៀត​ នឹង​មិន​មាន​អាចម៍​ផ្កាយ​ ឬ​ផ្កាយ​ដុះ​កន្ទុយ​ធំ​ណា​មួយ​ដែល​​មាន​លទ្ធ​ភាព​ហោះ​មក​បុក​​​ផែន​ដី​នោះទេ​។ ទីភ្នាក់​ងារ​អវកាស​អាមេរិក​នៅ​តែ​បន្ត​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​​គន្លង​គោចរ​​​​របស់​បណ្ដា​វត្ថុ​អវកាស​ធំៗ​ដែល​ត្រូវ​​បានអង្គ​ការ​នេះ​​ព្យាករ​ទុក​ជា​មុន​នា​ពេល​កន្លង​មក​៕

ប្រភព​៖​សារ​ព័ត៌មាន​បរទេស

Advertisement