ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​យោធា​នៅ​រុស្ស៊ី បណ្ដាល​ឱ្យ​មនុស្ស​ច្រើន​នាក់​បាត់​បង់​ជីវិត

ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​យោធា​នៅ​រុស្ស៊ី បណ្ដាល​ឱ្យ​មនុស្ស​ច្រើន​នាក់​បាត់​បង់​ជីវិត

ឧទ្ធម្ភាគ​ចក្រ​ Mi-8 មួយ​គ្រឿង​របស់​ទ័ព​អាកាស​ប្រទេស​រុស្ស៊ី​ បាន​ធ្លាក់​​នៅ​ឯជាយ​ក្រុង​ម៉ូស្គូ ក្នុង​ពេល​​ហ្វិក​ហាត់​កាល​ពី​ម្សិល​មិញ​ ធ្វើ​ឱ្យ​មនុស្ស​ចំនួន​3​​នាក់​​បាន​ស្លាប់​។

“ក្នុង​​ពេល​ហោះ​ហើរ​ហ្វឹកហាត់​នៅក្នុង​រយៈ​ចម្ងាយ​ប្រហែល20​គីឡូម៉ែត្រ​ពី​ភូមិ​ Klin ក្នុង​ខេត្ត​ម៉ូស្គូ (Moscow Province) ឧទ្ធម្ភាគ​ចក្រ​ Mi-8 របស់​ទ័ព​អាកាស​រុស្ស៊ី​ បាន​ជួប​បញ្ហា​នៅ​ពេល​ចុះ​ចត​ជា​បន្ទាន់​នៅ​លើ​វាល​ធំមួយកន្លែង​។ ហេតុការណ៍​គ្រោះ​ថ្នាក់​នេះ​បាន​សម្លាប់​សមាជិក​នៃ​ក្រុម​ហោះ​ហើរ​ទាំង​អស់​​នៅក្នុង​ឧទ្ធម្ភាគ​ចក្រ​​” នេះ​បើ​តាម​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​។ ក្រសួង​នេះ​បាន​ឱ្យ​ដឹង​ថា​ “មូលហេតុ​នៃ​ការ​ធ្លាក់​នេះ​អាច​បណ្ដាល​មក​ពី​កំហុស​បច្ចេក​ទេស​”។

ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​ប្រកាស​ថា ឧទ្ធម​ភាគ​ចក្រ​នេះ​ ជួប​ឧបទ្ទវហេតុ​នៅ​វេលា​ម៉ោង​ប្រហែល​20​ ក្នុង​ថ្ងៃទី​19​ឧសភា (ម៉ោង​12​យប់​ ថ្ងៃទី20​ឧសភា​ នៅ​កម្ពុជា​) និង​មិន​មាន​បំពាក់​អាវុធ​តាម​ខ្លួន​នោះ​ទេ​។​ អ្នកនាំ​ពាក្យ​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ បដិសេធ​ការ​​បញ្ជាក់​អំពី​ចំនួន​ជន​រង​គ្រោះ​ក្នុង​ហេតុ​ការណ៍​នេះ ប៉ុន្តែ​សារ​ព័ត៌មាន​រុស្ស៊ី​បាន​ចេញ​ផ្សាយ​ថា អ្នក​ស្លាប់​មាន​ចំនួន​3​នាក់​។ កង​កម្លាំង​ជួយ​សង្គ្រោះ​ បាន​រកឃើញ​ប្រអប់​ខ្មៅ​ចំនួន​2​របស់​ឧទ្ធម្ភាគ​ចក្រ​​ខាង​លើ​នេះ​។

Mi-8 គឺជា​ឧទ្ធម្ភាគ​ចក្រ​ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​សហ​ភាព​សូវៀត​ ចាប់​ពី​ទសវត្សរ៍​1960​ ដោយ​មាន​ជាង​17,000​គ្រឿង​ត្រូវ​បាន​លក់​ចេញ​។ កាល​ពី​ឆ្នាំ​2018 ឧទ្ធម្ភាគ​ចក្រ​​ Mi-8 មួយ​គ្រឿង​បាន​ធ្លាក់​បន្ទាប់​ពី​ហោះ​ឡើង​​ក្នុង​តំបន់​ Siberia បណ្ដាល​ឱ្យ​មនុស្ស​18​នាក់​បាន​ស្លាប់​ ក្នុង​នោះ​មាន​សមាជិក​ក្រុម​ហោះ​ហើរ​ចំនួន​3​នាក់​ផងដែរ​៕

ប្រភព៖ សារ​ព័ត៌មានបរទេស

Advertisement