អាមេរិក-ចិន “សង្គ្រាមពាក្យសម្ដី” ដើមកំណើតកូវីដ-19 នឹងធ្វើឱ្យបែកបាក់ ប្រេះឆាពី 1ជំនាន់ ទៅ1ជំនាន់…

អាមេរិក-ចិន “សង្គ្រាមពាក្យសម្ដី” ដើមកំណើតកូវីដ-19 នឹងធ្វើឱ្យបែកបាក់ ប្រេះឆាពី 1ជំនាន់ ទៅ1ជំនាន់...

សម្ព័ន្ធភាពរវាង “មហានាគ” និង “មហាឥន្ទ្រី” កំពុងត្រូវធ្វើឱ្យញ័ររញ្ជួយជាថ្មីម្ដងទៀត បន្ទាប់ពី “សង្គ្រាមពាណិជ្ជកម្ម” ដែលទាំង 2នាក់ធ្លាប់បើកឆាកប្ដូរកណ្ដាប់ដៃគ្នាម្នាក់ 1ដៃកាលពីពេលមុនរួចមកហើយ និងកំពុងស្ថិតក្នុងអំឡុងពេលសម្រាកឱ្យទឹកនោះ ក៏ស្រាប់តែមានកម្លាំងជំរុញជាថ្មីម្ដងទៀត ពីអ្វីដែល “មនុស្សមិនអាចមើលឃើញបានដោយភ្នែកទទេ” តែបានសម្លាប់ជីវិតមនុស្សរួចទៅហើយអស់រាប់សែននាក់ និងថែមទាំងធ្វើឱ្យមនុស្សជាច្រើនត្រូវរងទុក្ខវេទនា ដោយសារតែត្រូវអស់ការងារធ្វើ ជាច្រើនលាននាក់ទៀត ទូទាំងពិភពលោក។

1.Chinese Virus!!
2.ឧប្បត្តិហេតុក្នុងបន្ទប់ពិសោធន៍ទីក្រុងវូហាន ធ្វើឱ្យកូវីដ-19 ដែលឆ្លងកាត់ការបង្កាត់ពូជរួចហើយ របូតធ្លាយចេញមក!!
3.ដោយសារតែរដ្ឋបាលចិន បិទបាំងព័ត៌មាន ធ្វើឱ្យកូវីដ-19 រាលដាលឆាបឆេះពេញសហរដ្ឋអាមេរិក!!
4.WHO កាន់ជើងរដ្ឋបាលចិន ជាហេតុបណ្ដាលឱ្យការធ្វើការងារកើតការខុសឆ្គង រហូតធ្វើឱ្យសហរដ្ឋអាមេរិករងផលប៉ះពាល់!!
5.វីរុសកូវីដ-19 កើតឡើងនៅក្នុងប្រទេសចិន ដូច្នេះ ចិនត្រូវតែទទួលខុសត្រូវ និងចេញថ្លៃខូចខាតឱ្យពលរដ្ឋអាមេរិកាំងដែលរងផលប៉ះពាល់!!

នេះគ្រាន់តែជា “ការបើកឆាក” ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោក ម៉ៃក៍ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក គាស់ឡើងយកមកសំពង “មហានាគ” ក្រោយពីកូវីដ-19 សម្លាប់ជីវិតពលរដ្ឋអាមេរិកាំងអស់ 91,981នាក់ និងឆ្លងមេរោគ 1,550,294នាក់(សម្រាប់ថ្ងៃទី19 ឧសភា ដោយទីភ្នាក់ងារព័ត៌មាន Worldmeter) និងអស់ការងារធ្វើ ប្រមាណជា 36.6លាននាក់(ប្រភព Financial Times កាលពីថ្ងៃទី14 ឧសភា)។

នៅពេលត្រូវសំពងមកយ៉ាងធ្ងន់ៗបែបនេះ តើមានដែរឬ ដែល “មហានាគនៃអាស៊ី” នៅធ្វើព្រងើយបាននោះ? ដូច្នេះបាតុភូត China strikes back ក៏ចាប់កំណើតឡើង!!

អាមេរិក-ចិន “សង្គ្រាមពាក្យសម្ដី” ដើមកំណើតកូវីដ-19 នឹងធ្វើឱ្យបែកបាក់ ប្រេះឆាពី 1ជំនាន់ ទៅ1ជំនាន់...
ប្រធានាធិបតី​ចិន​ លោក​ ស៊ី​ ជីនភីង

“អ្នកអាចកុហកមនុស្សគ្រប់គ្នាបាននៅពេលខ្លះ និងអាចកុហកអ្នកខ្លះបាន
នៅគ្រប់ពេល តែអ្នកមិនអាចកុហកមនុស្សគ្រប់គ្នាបានគ្រប់ពេលនោះទេ”

សម្ដីមាស របស់លោកប្រធានាធិបតី “អាប្រាហាម លិនខន់” អ្នករំដោះប្រទេសសហរដ្ឋអាមេរិកចេញពីការ “ជិះជាន់ខាងវណ្ណៈ” ត្រូវបានព្រលែងចេញមកពីមាត់របស់លោក “ចាវ លី ចៀន” អ្នកនាំពាក្យក្រសួងការបរទេសរបស់ចិន។ បន្ទាប់ពីនោះ ក៏បន្តទៀតដោយ “មុខកាំបិត លាបទឹកឃ្មុំ” វះចាក់ដោតបន្ថែម ដោយការហៅអ្វីគ្រប់យ៉ាងដែលរដ្ឋបាលសហរដ្ឋអាមេរិកលាបពណ៌នោះថា ជា “ភាពកុហកបោកប្រាស់ 24ចំណុច”។

អាមេរិក-ចិន “សង្គ្រាមពាក្យសម្ដី” ដើមកំណើតកូវីដ-19 នឹងធ្វើឱ្យបែកបាក់ ប្រេះឆាពី 1ជំនាន់ ទៅ1ជំនាន់...

តើអ្វីដែលធ្វើឱ្យសម្ព័ន្ធភាពរវាងរដ្ឋាភិបាលទាំង 2ប្រទេស ដើរមកដល់ “ចំណុចទាស់ទែង” រហូតដល់ថ្នាក់បើកសង្គ្រាមជះពាក្យសម្ដីដាក់គ្នា និងពាក្យសម្ដីដែលថានេះ កំពុងតែនាំឆ្ពោះទៅកាន់បញ្ហាទំនាស់រវាងជនជាតិ ដែលអាចនឹងធ្លាក់បន្តពី “1ជំនាន់ ទៅ1ជំនាន់” នៅទីបំផុត…

តើការបើកឆាកសង្គ្រាម “ថ្ងៃប្រកួតពាក្យសម្ដី” នេះ វាកើតឡើងនៅពេលណា?

ក្នុងអំឡុងពេលដំបូងៗ រដ្ឋបាលចិន ត្រូវរងការរិះគន់យ៉ាងធ្ងន់ធ្ងរទាំងខាងក្នុង និងខាងក្រៅ ក្នុងរឿងការចាត់ការកែបញ្ហាការឆ្លងរាលដាលនៃមេរោគកូវីដ-19 ហើយវាចាប់ផ្ដើមធ្ងន់ធ្ងរឡើងៗ នៅពេលដែលសហរដ្ឋអាមេរិកបានចូលមកប្រឡូកជាមួយដែរ តែយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនោះ រដ្ឋបាលប៉េកាំង នៅតែព្យាយាម “ខាំមាត់អត់ធ្មត់” មិនសូវចេញមកបង្ហាញឥរិយាបថឆ្លើយតបការចោទប្រកាន់ទាំងនោះប៉ុន្មានឡើយ។

តែទីបំផុត នៅពេលចូលដល់ខែមីនា ស្ថានការណ៍នៅក្នុងប្រទេសចិន “ចាប់ល្អប្រសើរឡើង” តែ “វីរុស” មហាកំណាចនោះ បែរជាឆ្លងរាលដាល និងរាតត្បាតចេញទៅទូទាំងពិភពលោក ជាពិសេសសហរដ្ឋអាមេរិក និងប្រទេសក្នុងទ្វីបអឺរ៉ុប បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរខ្លាំងក្លាបំផុត។ ពេលនោះហើយ “មហានាគ” ក៏ចាប់ផ្ដើមវែកវាំងននសន្សឹមៗ ចេញមកឆ្លើយតប “មហាឥន្ទ្រី” ប្រភពកំណើតនៃពហុ “ការចោទប្រកាន់” និង “មហាព័ត៌មានចចាមអារ៉ាម” ទាំងឡាយ។

អាមេរិក-ចិន “សង្គ្រាមពាក្យសម្ដី” ដើមកំណើតកូវីដ-19 នឹងធ្វើឱ្យបែកបាក់ ប្រេះឆាពី 1ជំនាន់ ទៅ1ជំនាន់...ដោយអ្នកនាំពាក្យក្រសួងការបរទេសរបស់ចិន “ដណ្ដើមវាយលុកមុន” ដោយការព្រលែងសារក្នុងធ្វីតធើរ “បង្កើតទ្រឹស្ដីសមគំនិត” ឡើងមកថ្មីមួយថា វីរុសកូវីដ-19 ការពិតទៅ ប្រហែលជា “អាវុធជីវសាស្ត្រ” ដែលត្រូវបានផលិតឡើងដោយ “កងទ័ពអាមេរិក” ច្រើនជាង ដោយការនាំយក “ឃ្លីប” ពាក្យសម្ដីផ្ដល់ដំណឹង នៅក្នុងសភាកុងហ្ក្រេសរបស់លោក “រ៉ូប៊ើត រេដហ្វ៉ដ” អគ្គនាយកមជ្ឈមណ្ឌលការគ្រប់គ្រងរោគ និងការការពាររបស់សហរដ្ឋអាមេរិក ឬ CDC ដែលបានបញ្ជាក់ថា រកឃើញថា មានអ្នកស្លាប់មួយចំនួននៅក្នុងសហរដ្ឋអាមេរិក បណ្ដាលមកពីការឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី(ដែលក្រោយមកគឺ កូវីដ-19) មកប្រើប្រកបជាមួយការអះអាង រហូតធ្វើឱ្យសារនៅក្នុងធ្វីតធើរនោះ ត្រូវបានចែកចាយបន្តជាង 300,000ដង។

តែភ្លាមៗនោះ លោកមហាមេដឹកនាំ ដូណាល់ ត្រាំ ក៏ចេញមកឆ្លើយតបវិញដោយការ “អារ-ក បែបទន់ភ្លន់” អំពីទ្រឹស្ដីសមគំនិតនេះ ដោយការហៅ “មេរោគកំណាច” នេះ ស្ទើរតែគ្រប់ពេលក្នុងការធ្វើសម្ភាសថា “Chinese Virus” ភ្លាមៗតែម្ដង!! ដោយមានគោលបំណង ដើម្បីបញ្ជាក់ប្រាប់ពលរដ្ឋអាមេរិកាំង មនុស្សលើពិភពលោកថា ដើមកំណើតរបស់ “វា” គឺនៅក្នុងប្រទេសចិន!!។

សូមរង់ចាំអាននៅថ្ងៃស្អែក
ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា

Advertisement