Hot News! ចិនថា​មិន​អត់​ឱន​ឱ្យ​​ក្រុម​ណា​​ដែលចង់​ “​ផ្ដាច់​​ខ្លួន​” នោះ​ឡើយ បន្ទាប់​ពី​​​​តៃ​វ៉ាន់​​​ប្រកាស​បដិសេធ​​គោល​ការណ៍ “ប្រទេស​មួយ របប​ពីរ​”

ចិនថា​មិន​អត់​ឱន​ឱ្យ​​ក្រុម​ណា​​ដែលចង់​

ប្រទេស​ចិន​បាន​ប្រកាស​អំពី​គោល​នយោបាយ​ “ប្រទេស​មួយ​ របប​ពីរ​” តាំង​ពី​យូរ​យារ​មក​ហើយ និង​បាន​ប្រកាស​ជា​ថ្មី​​ថា​នឹង​មិន​លើក​លែង​​ទោស​ឱ្យ​ក្រុម​ “ផ្ដាច់​ខ្លួន​” ណា​មួយ​នៅ​កោះ​តៃវ៉ាន់​នោះ​ឡើយ​។

Ma Xiaoguang ដែល​ជា​អ្នក​នាំពាក្យ​របស់​ការិយាល័យ​ទទួល​បន្ទុក​កិច្ច​ការ​តៃវ៉ាន់​របស់​ប្រទេស​ចិន​ ថ្ងៃ​នេះ​បាន​ថ្លែង​ថា រូប​មន្ត​ “ប្រទេស​មួយ របប​ពីរ​” គឺជា​គោល​ការណ៍​ស្នូល​ក្នុង​គោល​នយោបាយ​សម្រាប់​តៃវ៉ាន់​របស់​ប្រធានាធិបតី​ចិន​ លោក ស៊ី ជីនភីង​។ ប្រទេស​ចិន​នឹង​ប្រកាន់​ខ្ជាប់​នូវ​រូបមន្ត​នេះ​។

“បង្រួប​បង្រួម​គឺជា​ប្រការ​ដែល​មិន​អាច​គេច​រួច​នៅក្នុង​ប្រវត្តិ​រីក​ចម្រើន​ដ៏​មហិមា​របស់​ប្រទេស​ចិន​” លោក Ma Xiaoguang ​ថ្លែង​បែប​នេះ​។ លោក​បន្ត​ថា “យើង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ប្រកប​ដោយ​ភាព​ជឿ​ជាក់​ និង​សមត្ថ​ភាព​ពេញ​លេញ​ដើម្បី​ការ​ពារអធិបតេយ្យ​ភាព​របស់​ប្រទេស​ជាតិ​។ យើង​នឹង​មិន​លើក​លែង​ទោស​ឱ្យ​ក្រុម​ណា​មួយ​ដែលធ្វើ​សកម្ម​ភាព​ផ្ដាច់​ខ្លួន​ ឬ​កម្លាំង​បរទេស​ណា​ដែល​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ចិន​ជា​ដាច់​ខាត”។

ចិនថា​មិន​អត់​ឱន​ឱ្យ​​ក្រុម​ណា​​ដែលចង់​ "​ផ្ដាច់​​ខ្លួន​" នោះ​ឡើយ បន្ទាប់​ពី​​​​តៃ​វ៉ាន់​​​ប្រកាស​បដិសេធ​​គោល​ការណ៍ "ប្រទេស​មួយ របប​ពីរ​"
លោក Ma Xiaoguang អ្នក​នាំពាក្យ​របស់​ការិយាល័យ​ទទួល​បន្ទុក​កិច្ច​ការ​តៃវ៉ាន់​របស់​ប្រទេស​ចិន

អ្នក​នាំពាក្យ​របស់​ការិយាល័យ​ទទួល​បន្ទុក​កិច្ច​ការ​តៃវ៉ាន់​របស់​ប្រទេស​ចិន បាន​សង្កត់​ធ្ងន់​ថា “តៃវ៉ាន់​ឯករាជ”​ គឺជា​ការ​ដើរ​បញ្ច្រាស​និន្នា​ការ​សម័យ​ថ្មី​ និង​ជា​ផ្លូវ​ដែល​មិន​អាច​នាំ​ទៅ​ណា​បាន​នោះ​ទេ​។ “យើង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​បង្កើត​វិសាល​ភាព​ធំ​ទូលាយ​សម្រាប់​បង្រួប​បង្រួម​ជាតិ​ដោយ​សន្តិភាព​ ប៉ុន្តែ​ដាច់​ខាត​មិន​ទុក​ចន្លោះ​ប្រហោង​ណាមួយ​សម្រាប់​សកម្ម​ភាព​ផ្ដាច់​ខ្លួន​នៃ​ក្រុម​ “តៃវ៉ាន់​ឯក​រាជ”​ នោះ​ទេ​ បើ​ទោះ​ក្នុង​រូប​ភាព​ណា​ក៏ដោយ”។

ការ​ប្រកាស​របស់​ Ma Xiaoguang ខាង​លើ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សុន្ទរកថា​​ដំបូង​នៃ​ការ​ឡើង​កាន់​អំណាច​ជា​ថ្មី​របស់​មេដឹក​នាំ​តៃវ៉ាន់ លោក​ស្រី Tsai Ing-wen។ លោក​ស្រី​ថ្លែង​ថា តៃវ៉ាន់​ត្រៀម​ខ្លួន​ជាស្រេច​ក្នុងការ​ចរចា​ជា​​មួយ​ភាគី​ចិន​ ប៉ុន្តែ​មិន​យល់ព្រម​ឱ្យ​ទីក្រុង​ប៉េកាំង​ប្រើ​ប្រាស់​រូប​មន្ត​ “ប្រទេស​មួយ របប​ពីរ​” ដើម្បី​ទម្លាក់​តួនាទី​របស់​តៃវ៉ាន់​នោះឡើយ​។

ប្រទេស​ចិន​ (ដីគោក) តែង​តែ​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹក​ដីរបស់​ខ្លួន​ ដែល​រង់​ចាំ​តែ​ការ​បង្រួប​បង្រួម​ប៉ុណ្ណោះ​ រាប់​ទាំង​ការ​ប្រើ​ប្រាស់​កម្លាំង​បាយ​ផងដែរ​។ ទំនាក់​ទំនង​រវាង​ចិនដីគោក និង​កោះតៃវ៉ាន់​ បាន​ប្រែ​ទៅ​ជា​ល្អក់​កករ​ជា​ថ្មី​ចាប់​តាំង​ពី​លោក​ស្រី​ Tsai Ing-wen​​ ដែលជា​អ្នក​ប្រឆាំង​នឹង​គោល​នយោបាយ​ “ប្រទេស​មួយ របប​ពីរ​” បាន​ជាប់ឆ្នោត​កាល​ពី​ឆ្នាំ​2016។

មេដឹក​នាំ​កោះ​តៃវ៉ាន់ លោក​ស្រី Tsai Ing-wen និង​ថ្នាក់​ដឹក​នាំ​កោះ​តៃវ៉ាន់
មេដឹក​នាំ​កោះ​តៃវ៉ាន់ លោក​ស្រី Tsai Ing-wen និង​ថ្នាក់​ដឹក​នាំ​

នៅក្នុង​អាណត្តិ​ដំបូង​ លោក​ស្រី Tsai Ing-wen បាន​ប្រកាស​ជា​ច្រើន​ដង​ថា​មិន​ទទួល​យក​រូបមន្ត​ “ប្រទេស​មួយ របប​ពីរ​”​ ដែល​ប្រទេស​ចិន​បាន​លើក​ឡើង​។ លោក​ស្រី​ថា តៃវ៉ាន់​ “គឺជា​ប្រទេស​ឯករាជ្យ​”។ ទន្ទឹមនឹង​នេះ “ភាព​ផ្អែម​ល្ហែម​” រវាង​កោះតៃវ៉ាន់ និង​អាមេរិកាំង​ ក៏បាន​ធ្វើ​ឱ្យ​ប្រទេស​ចិន​ខឹង​សម្បា​ខ្លាំង​ផងដែរ​។ ប្រទេស​ចិន​បាន​បញ្ជុះ​បញ្ចូល​ឱ្យ​សម្ព័ន្ធ​មិត្ត​​ចំនួន​7​របស់​កោះ​តៃវ៉ាន់ កាត់​ផ្ដាច់​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​កោះ​នេះ​​​ ហើយ​ងាក​មក​បង្កើត​ទំនាក់​ទំនង​ជាមួយ​​ទីក្រុង​ប៉េកាំង​។ បច្ចុប្បន្ន កោះតៃវ៉ាន់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ប្រទេស​ចំនួន​15​ ដែល​ភាគ​ច្រើន​ជា​បណ្ដា​ប្រទេស​តូច​ៗ​នៅ​អាមេរិកខាង​ត្បូង​ និង​ប្រទេស​នៅ​ជាប់​មហាសមុទ្រ​ប៉ាស៊ីហ្វីក។ តៃវ៉ាន់​ក៏​មាន​ទំនាក់​ទំនង​ពិសេស​ជាមួយ​បណ្ដា​ប្រទេស​ដូច​ជា អូស្ត្រាលី កាណាដា បណ្ដា​ប្រទេស​នៅ​ក្នុង​សហ​ភាព​អឺរ៉ុប​ ជប៉ុន​ នូវែលហ្សេឡង់ និង​សហរដ្ឋ​អាមេរិក​ផងដែរ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement